វិស័យសំណង់

តើកម្ពុជា គួរមានយន្តការបែបណាខ្លះ ដើម្បីស្រោចស្រង់វិស័យសំណង់ដែលកំពុងជួបវិបត្តិសាងសង់លើសតម្រូវការ?


សេដ្ឋកិច្ចវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា មើលឃើញថា វិស័យ​សំណង់ និងអចលនទ្រព្យនៅកម្ពុជា កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងផ្នែកការផ្គត់ផ្គង់ ដោយសារតែការសាងសង់មានសម្ទុះលឿនហួសពីតម្រូវការជាក់ស្តែងនៅលើទីផ្សារ។ កត្តានេះអាចនឹងធ្វើឱ្យល្បឿននៃការរីកចម្រើនក្នុងវិស័យមួយនេះលែងមានភាពគំហុកដូចកាលពីមុន។ តើកម្ពុជា គួរមានយន្តការយុទ្ធសាស្ត្របែបណាខ្លះ ដើម្បីស្រោចស្រង់ និងដោះស្រាយបញ្ហារាំងស្ទះរបស់វិស័យ ដែលធ្លាប់ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយនេះ?
វិស័យសំណង់
ដោយ

លោក លី សូដេត សេដ្ឋកិច្ចវិទូជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា មកទល់ពេលនេះ ជញ្ជីងតម្រូវការនៅក្នុងវិស័យសំណង់បានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងការផ្គត់ផ្គង់ដ៏ច្រើនលើសលប់នាពេលកន្លងមក ដែលជាហេតុធ្វើឱ្យតម្លៃអចលនទ្រព្យនៅលើទីផ្សារបន្តដាំក្បាលចុះ។

ស្ថិតក្រោមសម្ពាធនេះបានជំរុញឱ្យអ្នកជំនាញរូបនេះវាយតម្លៃថា វិស័យអចលនទ្រព្យកម្ពុជា ទំនងជាមិនអាចងើបឡើងវិញក្នុងរយៈពេលខ្លីខាងមុខនោះឡើយ។ សេដ្ឋកិច្ចវិទូជាន់ខ្ពស់រូបនេះបានផ្តល់ជាគំនិតថា ដើម្បីដោះស្រាយវិបត្តិនេះឱ្យមានប្រសិទ្ធភាព លុះត្រាតែកម្ពុជា បង្កើតយន្តការរំលាយការផ្គត់ផ្គង់ចាស់ ដោយបង្កើនតម្រូវការថ្មីៗ តាមរយៈការបើកទូលាយនូវគោលនយោបាយទាក់ទាញជនបរទេសឱ្យចូលមកស្នាក់នៅ រស់នៅ និងផ្តល់សិទ្ធិកាន់កាប់អចលនទ្រព្យឱ្យកាន់តែមានភាពបត់បែន។

ដោយឡែក លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា ទាំងមូល មិនទាន់ធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងររហូតដល់ថ្នាក់គាំងលែងដើរនោះទេ ពោលគឺបច្ចុប្បន្នទីផ្សារកំពុងស្ថិតក្នុងដំណាក់កាលស្វ័យកែសម្រួល។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ គម្រោងណាដែលមានគុណភាពស្តង់ដា និងស្ថិតនៅលើទីតាំងដែលមានសក្តានុពលនៅតែអាចស្រូបទាញតម្រូវការ។ លោកបានបន្ថែមថា ការសម្របសម្រួលផ្នែកគោលនយោបាយ ឬការផ្តល់សិទ្ធិកាប់ដល់ជនបរទេសបន្ថែម ក៏នឹងក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការទាក់ទាញលំហូរទុនវិនិយោគពីក្រៅប្រទេសផងដែរ។

គួរបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៦ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា នឹងមាននិន្នាការថមថយដោយរំពឹងមានកំណើនក្នុងអត្រា០,៦% ទាបជាងឆ្នាំ២០២៥ ដែលមានអត្រាកំណើន១,១%។ ការថមថយនេះ គឺបណ្តាលមកពីផលប៉ះពាល់អវិជ្ជមាននៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល រួមទាំងឥទ្ធិពល នៃការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានជះស្រមោលអវិជ្ជមានមកលើសកម្មភាពទិញ-លក់ជារួមក្នុងទីផ្សារ ជាពិសេសទៅលើផ្នែកអគារការិយាល័យ និងអគារប្រើប្រាស់ចម្រុះតែម្តង៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជា នាំចូលទំនិញពីសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហក់ឡើងខ្ពស់ តើកត្តាគន្លឹះអ្វីខ្លះនៅពីក្រោយសម្ទុះដ៏គួរភ្ញាក់ផ្អើលនេះ?

របត់នៃការនាំចូលទំនិញមកកាន់ទីផ្សារកម្ពុជា កំពុងបង្ហាញពីការប្រែប្រួលគួរឱ្យចាប់អារម្មណ៍នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ។ ខណៈដែលទំហំនាំចូល…

តើអ្វីទៅនៅពីក្រោយការបន្តនាំចូលទំនិញខុសច្បាប់ពីថៃ មកកម្ពុជា ហើយក្រសួងស្ថាប័នពាក់ព័ន្ធនានា គួរចាត់វិធានការទប់ស្កាត់បែបណាខ្លះ?

ការប្រកាសព្រមានចាត់វិធានការយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ទៅលើមន្ត្រី និង​ឈ្មួញទុច្ចរិត ដែលបន្តលួចនាំចូលទំនិញខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ