ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតទី២ របស់សហរដ្ឋអាមរិក បានអះអាងជាថ្មីទៀតនូវការរំពឹងរបស់ខ្លួនសម្រាប់ប្រាក់ចំណូលពេញមួយឆ្នាំ២០២២នៅមុនបង់ពន្ធថា នឹងមានន្លោះពី ជាង១១ពាន់ទៅ ជាង១២ពាន់លានដុល្លារ បើទោះបីជា មានការកម្រិតលើភាពលទ្ធភាពអាចទទួលបានគ្រឿងបង្គុំសម្រាប់ការផលិតរថយន្ដ ក៏ដូចជាត្រូវមានការចំណាយខ្ពស់លើការផ្គត់ផ្គង់ ដោយសារតែផលប៉ះពាល់ដែលបណ្ដាលមកពីអតិផរណាក៏ដោយ។
ក្រុមហ៊ុន Ford អះអាងថា ផ្អែកលើកការចរចាថ្មីៗនេះ ការចំណាយលើ អតិផរណាដែលទាក់ទងនឹងការផ្គត់ផ្គង់នៅអំឡុងត្រីមាសទី៣នៅឆ្នាំនេះ នឹងមានប្រហែល ១ពាន់លានដុល្លារ គឺច្រើនជាងអ្វីដែលបានព្យាករទុកពីមុនទៅទៀត។
កាលពីខែកក្កដា ក្រុមហ៊ុន Ford បានបង្ហាញពីលទ្ធផលប្រចាំត្រីមាសទី២របស់ខ្លួន ដែលត្រូវបានជំរុញដោយការលក់យានយន្ដដែលផ្ដល់ប្រាក់ចំណេញខ្ពស់ ហើយវាក៏បានប៉ះប៉ូវសម្រាប់ការចំណាយលើថ្លៃដើមខ្ពស់របស់ក្រុមហ៊ុនផងដែរ។ ទោះយ៉ាងណា ក្រុមហ៊ុន Ford ក៏នៅតែកំពុងបន្ដប្រឈមមុខនឹងការផលរំខានខ្សែចង្វាក់ផ្គត់ផ្គង់ដដែល។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Ford មានប្រាក់ចំណូលដុល ១៣៦ពាន់លានដុល្លារ មានការកើនឡើងពី ១២៧ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ដែលបាននាំឲ្យក្រុមហ៊ុននេះសម្រេចបានប្រាក់ចំណេញជិត១៨ពាន់លានដុល្លារ ដែលជាកំណើនមួយខ្ពស់មួយបន្ទាប់ពីរងការខាតបង់កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ នៅពេញ១ឆ្នាំ២០២២ Ford រំពឹងថា ប្រាក់ចំណេញរបស់ខ្លួននឹងកើនឡើងប្រហែល១៥ ទៅ២៥%ទៀត៕