ការធ្លាក់ចុះតម្លៃមាសពិភពលោក

កត្តាអ្វីនៅពីក្រោយការធ្លាក់ចុះតម្លៃមាសពិភពលោក ដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ?


តម្លៃហាងឆេងមាសបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ ឆ្នាំមកនេះដែលបានរងសម្ពាធដោយសារប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងការកើនឡើងនៃទិន្នផលមូលប័ត្របំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពេលមានការព្រួយបារម្ភពីគោលនយោបាយរូបិយវត្ថុដែលអូសបន្លាយពេលយូរ និងលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ការធ្លាក់ចុះតម្លៃមាសពិភពលោក ដល់កម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

តម្លៃ​មាស​បានហក់ឡើងខ្ពស់ជាង ១ ៧០០ ដុល្លារ​ក្នុងមួយអោន (ជាង៨ជីមាស) សម្រាប់មួយ​រយៈ​ពេល​នៃ​ដើម​ខែ​កញ្ញា​នេះ​ ប៉ុន្តែថ្មីៗ​នេះ​វា​ស្រាប់​តែ​បានធ្លាក់ចុះ​រហូត​ដល់​ ១ ​៦៦០ ក្នុង​មួយ​អោន​កាលពីថ្ងៃទី១៥ខែកញ្ញា ​និង​បានជួញដូរក្នុងតម្លៃ​ប្រហែល​ ១ ៦៥៤ ដុល្លារ​ក្នុងមួយអោន កាល​ពី​ចុង​ថ្ងៃទី ១៦ខែកញ្ញា​។​ នេះបើយោងតាម​ក្រុមហ៊ុន​ Hua Seng Heng Futures។

តម្លៃមាសថយចុះនេះ គឺនៅចំពេលដែលតម្លៃ​ប្រាក់ដុល្លារអាមេរិក​បាននិងកំពុង​​បន្ត​កើន​ឡើងខ្ពស់ផងដែរ។

​ក្រុម​អ្នក​វិភាគ​និយាយ​ថា តម្លៃ​មាស​ទំនង​ជា​នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​ ហើយ​ពួកគេបាន​ចង្អុលបង្ហាញថា តម្លៃមាសនឹង​ធ្លាក់​ចុះទាបបំផុត​ចន្លោះ​ពី​​​ ១ ៦៥០ ដុល្លារ​ និង១ ៦៤០ ដុល្លារ​​ក្នុងមួយអោន​​នៅជំហាន​បន្ទាប់​​ ជាមួយ​​កម្រិតដែល​អាច​​ងើប​ឡើងវិញ​បាន​នៅចន្លោះ​ពី​ ១ ៦៨០ ដុល្លារ​ទៅ​ ១ ៦៩០​​ដុល្លារ។

ក្រុម​វិនិយោគិនបាន​ព្យាករថា ធនាគារកណ្តាលនឹងបន្តដំឡើងអត្រាការប្រាក់​ដើម្បីទប់ទល់នឹងអតិផរណា​ដោយចាប់ផ្តើមដំឡើង​​ពី​ ០,៧៥% ទៅដល់ ៣,២៥%​នៅឯកិច្ចប្រជុំ​នៅ​ក្នុងខែកញ្ញា​នេះ ​ដែលជាការដំឡើង​អត្រា​ការ​ប្រាក់ ​០.៧៥%​ ជាលើកទី៣ជាប់ៗគ្នា​​តែ​ម្ដង​។​

ធនាគារកណ្តាលផ្សេងៗទៀតក៏បានដំឡើងអត្រាការប្រាក់របស់ពួកគេផងដែរខណៈដែលអតិផរណាបានកើនឡើងយ៉ាងខ្លាំង ហើយ​មូល​និធិ​ IMF និង​ធនាគារ​ពិភពលោក​​បាន​ព្រមាន​ថា​សេដ្ឋកិច្ច​ពិភពលោក​កំពុងតែរំកិល​ទៅ​​ជិត​ដល់ចំណុច​នៃ​ការ​​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​ហើយ​។

ជាពិសេសធនាគារពិភពលោកបានកាត់បន្ថយទស្សនវិស័យកំណើន​ GDP សកលរបស់ខ្លួន​សម្រាប់ឆ្នាំ​ក្រោយ​នេះ​មកនៅ​ត្រឹម ០,៥% ដោយព្រមានថា​ ការដំឡើងអត្រាការប្រាក់សកលដ៏ធំបំផុត​ក្នុងរយៈពេល ៥០ ឆ្នាំ​មក​នេះ​ អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

មជ្ឈមណ្ឌលស្រាវជ្រាវ​​ការជួញដូរមាសបានស្ទង់មតិអ្នកជំនាញទីផ្សារមាសចំនួន​ ១៤ នាក់​ជុំវិញ​​ទស្សនៈរបស់ពួកគេ​លើនិន្នាការតម្លៃមាសក្នុងស្រុក​ប្រចាំសប្តាហ៍​ និងកត្តាសំខាន់ៗ​ដែល​ត្រូវ​ត្រួត​ពិនិត្យ​ ហើយ​យោងតាមការស្ទង់មតិនេះ​បាន​ឱ្យ​ដឹង​ថា កត្តាសំខាន់ដែលត្រូវមើល​នោះ​គឺ​គោលនយោបាយរូបិយវត្ថុរបស់ធនាគារ​កណ្ដាល​​របស់​អាមេរិក​ (Fed)​។

ប្រធានធនាគារ​ Fed ​លោក Jerome Powell ​បាន​និយាយ​ដោយ​ទទូចថា ធនាគារ​នេះ​នឹងបន្តទប់ស្កាត់អតិផរណាយ៉ាងខ្លាំងក្លា និង​បានផ្តល់សញ្ញាថា​ ការកាត់បន្ថយអត្រាការប្រាក់​នឹងមិនកើតឡើងនៅ​​ក្នុង​ពេល​វេលា​ឆាប់ៗនេះទេ​​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តើការបណ្ដោយឲ្យតម្លៃប្រេងឡើងថ្លៃ ពិតជានឹងធ្វើអត្តឃាតនយោបាយរបស់លោកចូកូ វីដូដូ ឬយ៉ាងណា?

ព័ត៌មាន
ក្រោយការឧបត្ថម្ភធនអស់ពេល៨ឆ្នាំ ប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីដើមខែកញ្ញា បានសម្រេចចិត្តឈប់ផ្តល់ប្រាក់ឧបត្ថម្ភធនលើប្រេងឥន្ធនៈ ហើយបណ្តោយឱ្យប្រេងឡើងថ្…

អាស៊ាននឹងមានកំណើននាំចេញច្រើនជាងគេបំផុតក្នុងពិភពលោកសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដោយសារកត្តាអ្វី?

ព័ត៌មាន
តំបន់អាស៊ានមិនត្រឹមតែជាភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលប្រទេសមហាអំណាចធំៗកំពុងតាមប្រជែងឥទ្ធិពលគ្នាប៉ុន្ណោះទេ ប៉ុន្ដែ តំបន់នេះ ក៏ជាប្លុក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ