បញ្ហានេះបានបង្ខំឱ្យរដ្ឋាភិបាលថៃអនុម័តកញ្ចប់ថវិកាជិត៣០០លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៧ ដើម្បីជួយសង្គ្រោះ និងផ្តល់សំណងដល់ជនរងគ្រោះដោយសារទឹកជំនន់។
កាសែត The Nation និង Bangkok Post បានចុះផ្សាយដោយផ្អែកលើរបាយការណ៍ពីនាយកដ្ឋានបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយរបស់ប្រទេសថៃថា ជំនន់ទឹកភ្លៀងបានបង្កការលិចលង់នៅក្នុងខេត្តចំនួន១៩ រួមទាំងទីក្រុងបាងកក ដែលបានធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង៤០ម៉ឺន២ពាន់គ្រួសារ ឬស្មើនឹងជាង១,២លាននាក់ និងបានសម្លាប់មនុស្ស៦៨នាក់។ នាយកដ្ឋាននេះបានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យស្ថានភាពទឹកជំនន់នៅថៃនៅតែបន្តអូសបន្លាយ និងធ្ងន់ធ្ងរខ្លាំងបែបនេះ គឺដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នា គួបផ្សំកម្លាំងទឹកជំនន់ហូរមកពីភាគខាងជើង មកបង្កើនកម្រិតទឹកដែលកំពុងលិចលង់ស្រាប់នៅក្នុងតំបន់ភាគកណ្តាលនៃប្រទេស។ ប៉ុន្តែនៅតាមតំបន់រងគ្រោះមួយចំនួនកម្ពស់ទឹកបានចាប់ផ្តើមស្រកចុះជាបណ្តើរៗវិញហើយ។
ដើម្បីឆ្លើយតបទៅនឹងវិបត្តិដ៏ស្រួចស្រាល់ និងអូសបន្លាយនេះ គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមជិត ៣០០លានដុល្លារអាម៉េរិកសម្រាប់ឆ្នាំសារពើពន្ធ២០២៧ ក្នុងគោលបំណងចាត់ចែងកិច្ចប្រតិបត្តិការសង្គ្រោះបន្ទាន់ និងផ្តល់ប្រាក់សំណងស្តារជីវភាពជូនជនរងគ្រោះ។ បន្ថែមលើនេះ រដ្ឋាភិបាលថៃ ក៏បានដាក់ចេញនូវកញ្ចប់វិធានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពន្ធដារ និងការធានារ៉ាប់រង ដើម្បីស្រោចស្រង់គ្រួសារកសិករ និងអាជីវកម្មដែលរងការខូចខាតផងដែរ។
ទឹកជំនន់មិនទាន់ថមថយកម្លាំងផង ស្រាប់តែនៅថ្ងៃទី២១ ខែតុលា នាយកដ្ឋានឧតុនិយមថៃបានព្រមានថា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃបន្ថែមទៀតនៅតាមតំបន់មួយចំនួនរហូតដល់ថ្ងៃទី២៥ ខែតុលា ដែលកំពុងបង្កបារម្ភកាន់តែខ្លាំងដល់តំបន់រងគ្រោះ និងតំបន់ដែលមិនទាន់រងគ្រោះ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស