មហាសេដ្ឋី

ក្រុមមហាសេដ្ឋីចិន កំពុងប្រឈមនឹងការបង់ពន្ធលើទ្រព្យសម្បត្តិ​ដែលមានតម្លៃរហូតដល់១៤០ពាន់លានដុល្លារ


ក្រោមវិធានការពន្ធថ្មីរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្រុមមហាសេដ្ឋីកំពូលៗរបស់ចិន យ៉ាងហោចណាស់៨រូប ដែលមានឈ្មោះក្នុងបញ្ជីមហាសេដ្ឋីពិភពលោកកំពុងប្រឈមមុខនឹងការរឹតបន្តឹងផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ដែលអាចតម្រូវឱ្យពួកគេបង់ពន្ធលើទ្រព្យសម្បត្តិ ដែលមានទំហំប្រមាណ១៤០ពាន់លានដុល្លារអាម៉េរិក។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ការដាក់ចេញវិធានការក្តៅនេះ គឺជាការអនុវត្តការប្រមូលពន្ធក្នុងអត្រា២០% លើប្រាក់ចំណេញចេញមូលនិធិរក្សាទ្រព្យសម្បត្តិនៅក្រៅប្រទេស។
ក្រុមមហាសេដ្ឋីចិន
ដោយ

យោងតាមទិន្នន័យពី Bloomberg Billionaires Index ទ្រព្យសម្បត្តិ និងផលប្រយោជន៍ហិរញ្ញវត្ថុរបស់មហាសេដ្ឋីចិន កំពូលៗទាំង៨រូប ព្រមទាំងអ្នកទទួលផលពីគ្រួសាររបស់ពួកគេ ដែលកាន់កាប់ភាគហ៊ុនតាមរយៈមូលនិធិរក្សាទ្រព្យសម្បត្តិនៅក្រៅប្រទេស នឹងត្រូវដាក់បញ្ចូលក្នុងយន្តការកំណត់ពន្ធ២០% របស់រដ្ឋាភិបាលចិន។ ឯកសារដែលដាក់ជូនផ្សារភាគហ៊ុនបានបង្ហាញថា មហាសេដ្ឋីទាំងនេះបានក្តោបក្តាប់ភាគហ៊ុនធំៗក្នុងក្រុមហ៊ុន ដែលមានប្រតិបត្តិការអាជីវកម្មធំៗនៅប្រទេសចិន ដោយប្រើប្រាស់រចនាសម្ព័ន្ធផ្លូវច្បាប់ នៃមូលនិធិក្រៅប្រទេសនេះ។

ការដាក់ចេញវិធានការពន្ធរបស់រដ្ឋាភិបាលចិននេះ គឺការបិទច្រកចន្លោះប្រហោងពន្ធ ដែលមានរាប់សិបឆ្នាំ ព្រោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហគ្រិន និងមហាសេដ្ឋីចិន ជាច្រើនបានប្រើប្រាស់រូបមន្តដូចៗគ្នា ដើម្បីគេចវេះ ឬការពារទ្រព្យសម្បត្តិពីការបង់ពន្ធ ពោលគឺបង្កើតអាជីវកម្មឱ្យជោគជ័យ និងរកប្រាក់ចំណេញសន្ធឹកសន្ធាប់ក្នុងប្រទេសចិន រួចយកក្រុមហ៊ុនទៅចុះបញ្ជីលើផ្សារភាគហ៊ុនអន្តរជាតិ ហើយបង្វែរទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារទៅរក្សាទុកក្នុងមូលនិធិនៅក្រៅប្រទេស។

ច្រក និងជម្រកការពារទ្រព្យសម្បត្តិបែបនេះត្រូវបានបិទបញ្ចប់ទាំងស្រុង បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសកាលពីខែកក្កដា ថា ពួកគេនឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធ២០% លើប្រាក់ចំណេញដែលកើតចេញពីមូលនិធិក្រៅប្រទេសចំពោះបុគ្គលទាំងឡាយណា ដែលមានលំនៅឋាន ឬកាតព្វកិច្ចពន្ធនៅក្នុងប្រទេសចិន។ បុគ្គលដែលទទួលបានប្រាក់ចំណូលពីប្រភពនេះត្រូវបានដាក់កំហិតពេលវេលារហូតដល់ថ្ងៃទី២២ ខែតុលា ដើម្បីគណនា រាយការណ៍ និងបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋដោយស្ម័គ្រចិត្ត ដោយមិនត្រូវរងការផាកពិន័យឡើយ។

ទោះជាយ៉ាងណាមកទល់ពេលនេះ រដ្ឋាភិបាលចិន មិនទាន់បានប្រកាសឈ្មោះមហាសេដ្ឋីរូបណាជាសាធារណៈនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា តើមហាសេដ្ឋីទាំងនោះបានទទួលដីកាស្នើសុំឱ្យបង់ពន្ធលើប្រាក់ចំណេញនេះរួចរាល់ហើយ ឬយ៉ាងណានោះដែរ។ ប៉ុន្តែតាមការគណនារបស់ Bloomberg ដែលផ្អែកលើឯកសារផ្លូវការ ទ្រព្យសម្បត្តិមហាសាល ដែលពួកគេកាន់កាប់តាមរយៈមូលនិធិ រក្សាទ្រព្យសម្បត្តិក្រៅប្រទេសមានតម្លៃសរុបប្រមាណ១៤០ពាន់លានដុល្លារអាម៉េរិក៕




អត្ថបទបន្ទាប់


ការចាកចេញរបស់វិនិយោគិនបរទេសរុញច្រានអត្រាអគារការិយាល័យទំនេរនៅសៀងហៃ ឱ្យហក់ឡើងដល់កម្រិតខ្ពស់បំផុត

ទីក្រុងសៀងហៃកំពុងមានអត្រាការិយាល័យទំនេរចោលដល់២៤% ដែលស្ទើរតែខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយសារក្រុមហ៊ុនបរទេសនាំគ្នាដកទុនវិនិយោគ និងច…

សិង្ហបុរី ចេញលិខិតព្រមានក្រុមហ៊ុនឥណ្ឌូនេស៊ី ចំនួន១០ ជុំវិញវិបត្តិបំពុលផ្សែងអ័ព្ទឆ្លងដែន

ស្របពេលភ្លើងឆេះព្រៃនៅទូទាំងប្រទេសឥណ្ឌូនេស៊ី នៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបានសាយភាយផ្សែងអ័ព្ទពុលកម្រិតធ្ងន់ធ្ងរមកលើដែនអាកាសសិង្ហបុរី អាជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ