នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ចិន នៅក្នុងវេទិកាអភិវឌ្ឍន៍ចិន នៅទីក្រុងប៉េកាំង កាលពីខែមីនា ថា ចិននឹងធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ និងបង្កើនកំណែទម្រង់ក្នុងវិស័យសំខាន់ៗ ដើម្បីធ្វើឱ្យប្រទេសចិន កាន់តែបើកចំហ និងមានកិច្ចសហប្រតិបត្តិការជាមួយនឹងពិភពលោកបន្ថែមទៀត។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់ចិន បានដាក់ចេញវិធានការជាបន្តបន្ទាប់កាលពីដើមខែមុន ដើម្បីទប់ស្កាត់ការធ្លាក់ចុះការវិនិយោគបរទេសនៅក្នុងប្រទេសនេះ រួមទាំងការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សាររបស់ចិន និងការបន្ធូរបន្ថយច្បាប់មួយចំនួនផងដែរ។
ទោះជារដ្ឋាភិបាលក្រុងប៉េកាំង ខំប្រឹងទាក់ទាញវិនិយោទុនបរទេសយ៉ាងណាក៏ដោយ ក៏ការវិនិយោគបរទេសនៅតែធ្លាក់ចុះជាដដែល។ បើតាមទិន្នន័យផ្លូវការចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានបង្ហាញថា ការវិនិយោគបរទេសបានធ្លាក់ចុះជាង២៦% នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែបើធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ទំហំវិនិយោគបរទេសនៅក្នុងត្រីមាសទី១ឆ្នាំនេះរបស់ចិន បានកើនឡើងរហូតដល់៤១%ឯណោះ។
កំណើនវិនិយោគបរទេសនៅចិន បានថយចុះខ្លាំងនៅក្នុងខែមីនា ដោយបានធ្លាក់ចុះមកនៅត្រឹមមិនដល់១២ពាន់លានដុល្លារនោះទេ ពោលគឺបានធ្លាក់ចុះពីចំនួនជិត១៦ពាន់លានដុល្លារ ក្នុងខែមករា និងចំនួនជាង១៤ពាន់លានដុល្លារ នៅក្នុងខែកុម្ភៈ។ នេះគឺជាត្រីមាសដំបូងហើយ ដែលការនិយោគបរទេសរបស់ចិន មានការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០២០ ជាពេលដែលប្រទេសនេះកំពុងប្រឹងប្រែងទប់ទល់នឹងរលកទីមួយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកស្រី ជី សាវហ្វឹង (Ji Xiaofeng) មន្ត្រីមួយរូបនៅក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ការធ្លាក់ចុះការវិនិយោគបរទេសនេះ គឺមួយផ្នែកដោយសារតែការកើនឡើងខ្ពស់នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែយ៉ាងណាលោកស្រីអះអាងថា រចនាសម្ពន្ធនៃការវិនិយោគបរទេសនៅប្រទេសបច្ចុប្បន្នត្រូវបានកែលម្អ។
ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិន បានកើនឡើងជាលំដាប់ បើទោះបីប្រទេសនេះទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មុនធ្លាក់ចុះ៨% នៅក្នុងឆ្នាំ២០២៣។ ការព្រួយបារម្ភពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏រអាក់រអួល និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាម៉េរិក នៅតែបន្តចោលស្រមោលទៅលើទំនុកចិត្តរបស់វិនិយោគិននៅឡើយ៕
អត្ថបទ៖ សុខ មង្គល