រដ្ឋអាជ្ញាបារាំងចោទប្រកាន់លោក សាកូហ្ស៊ី ថាបានសន្យាផ្ដល់ការងារដែលមានប្រាក់ខែច្រើនមួយ ទៅឲ្យចៅក្រមមួយរូប ឈ្មោះ Gilbert Azibert ជាថ្នូរនឹងការរក្សាការសម្ងាត់អំពីការស៊ើបអង្កេតទៅលើបណ្ដឹងមួយដែលចោទថា លោក សាកូហ្ស៊ី ទទួលយកលុយខុសច្បាប់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០០៧ ។
លោក សាកូហ្ស៊ី ដែលបានដឹកនាំប្រទេសបារាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នៅតែមានឥទ្ធិពលក្នុងចំណោមអ្នកនយោបាយអភិរក្សនិយមនៅបារាំង បានបដិសេធនូវរាល់ការចោទប្រកាន់មកលើរូបលោក និងបានតវ៉ាយ៉ាងខ្លាំងក្លា ដើម្បីឲ្យតុលាការច្រានចោលសំណុំរឿងទាំងនេះ ។
ចាប់ពីឆ្នាំ២០១៣មក អ្នកស៊ើបអង្កេតបានលួចស្ដាប់ការសន្ទនារវាងលោក សាកូហ្ស៊ី និងមេធាវីរបស់លោក ឈ្មោះ Thierry Herzog ខណៈដែលពួកគេបើកការស៊ើបអង្កេតទៅលើការចោទប្រកាន់អំពីការទទួលហិរញ្ញប្បទានពីប្រទេសលីបីសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០០៧ របស់លោក សាកូហ្ស៊ី ។
នៅពេលស៊ើបអង្កេត អ្នកស៊ើបអង្កេតបានរកឃើញថា លោក សាកូហ្ស៊ី និងមេធាវីរបស់លោក បានប្រាស្រ័យទាក់ទងគ្នាដោយប្រើប្រាស់ទូរសព្ទដៃដែលចុះបញ្ជីដោយប្រើឈ្មោះក្លែងក្លាយ ។ ទូរសព្ទដៃរបស់លោក សាកូហ្ស៊ី ចុះបញ្ជីឈ្មោះថា Paul Bismuth ។
រដ្ឋអាជ្ញាបាននិយាយថា ការលួចស្ដាប់សន្ទនាតាមទូរសព្ទបានបង្ហាញថា លោក សាកូហ្ស៊ី និងមេធាវី Herzog ជាច្រើនលើកច្រើនសា បានពិភាក្សាគ្នាអំពីការទាក់ទងទៅលោកចៅក្រម Azibert ដែលជាចៅក្រមនៃសាលាឧទ្ធរណ៍ជាន់ខ្ពស់សម្រាប់សំណុំរឿងព្រហ្មទណ្ឌ និងបានដឹងច្បាស់អំពីករណីស៊ើបអង្កេត ដែលពាក់ព័ន្ធនឹងលោក សាកូហ្ស៊ី ។
រដ្ឋអាជ្ញាចោទថា លោក សាកូហ្ស៊ី បានសន្យាជួយលោកចៅក្រម Azibert ទទួលបានការងារនៅប្រទេសម៉ូណាកូ ជាថ្នូរនឹងការជួយពីចៅក្រមរូបនេះ ។
ទាំងលោក Herzog និងលោក Azibert ត្រូវឡើងតុលាការជាមួយនឹងលោក សាកូហ្ស៊ី ដែរ ពីបទចោទប្រកាន់ថាពុករលួយ និងជ្រៀតជ្រែកដោយប្រើឥទ្ធិពល ។
ក្នុងសំណុំរឿងដាច់ដោយឡែក រដ្ឋអាជ្ញាក៏កំពុងស៊ើបអង្កេតករណីប្ដឹងដែលចោទថា អតីតមេដឹកនាំប្រទេសលីប៊ី លោក ម៉ូម៉ា ហ្គាដាហ្វ៊ី បានផ្ដល់លុយរាប់លានអឺរ៉ូឲ្យយុទ្ធនាការបោះឆ្នោតឆ្នាំ២០០៧ របស់លោក សាកូហ្ស៊ី ដោយដឹកជញ្ជូនទៅកាន់ទីក្រុងប៉ារីសដាក់ក្នុងវ៉ាលីសខោអាវ ដែលការចោទប្រកាន់នេះ ត្រូវបានលោកអតីតប្រធានាធិបតីបារាំង បដិសេធ៕