លោក តៃ ជឹង វូ (Tai Jeng-wu) អតីតនាយកប្រតិបត្តិក្រុមហ៊ុន Sharp ប្ដឹងក្រុមហ៊ុន Foxconn និងស្ថាបនិកក្រុមហ៊ុន Foxconn គឺលោក ធើរី កូវ (Terry Gou) ជុំវិញជម្លោះរឿងលុយ Bonus ទាមទារសំណងជាង៣០លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ថា ក្រុមហ៊ុន Sharp របស់ជប៉ុន និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកដំឡើងដ៏ធំបំផុតនៃទូរសព្ទ iPhone របស់ Apple មានទំនាក់ទំនងនឹងគ្នាដោយសារតែក្រុមហ៊ុន Foxconn បានទិញភាគហ៊ុន និងក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្នុង Sharp ក្នុងឆ្នាំ២០១៦។ លោក តៃ ជឹង វូ (Tai Jeng-wu) ក៏បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sharp ដើម្បីជួយស្ដារឱ្យអាជីវកម្មរបស់ក្រុមហ៊ុននេះងើបឡើងវិញ។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា លោក តៃ ជឹង វូ (Tai Jeng-wu) ដែលបានបម្រើការងារឱ្យក្រុមហ៊ុន Foxconn អស់រយៈពេលជិត៤០ឆ្នាំ និងដែលបានចូលនិវត្តកាលពីអំឡុងឆ្នាំ២០២២ បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីប្ដឹងក្រុមហ៊ុន Foxconn និងស្ថានិកក្រុមហ៊ុននេះ គឺលោក ធើរី កូវ (Terry Gou) នៅតុលាការក្រុងតៃប៉ិ កាលពីខែមុន។
ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា នៅអំឡុងឆ្នាំ២០១៦ លោក តៃ ជឹង វូ (Tai Jeng-wu) និងលោក ធើរី កូវ (Terry Gou) ដែលពេលនោះជាប្រធានក្រុមហ៊ុន Foxconn បានចុះកិច្ចព្រមព្រៀងមួយជាមួយគ្នាដោយសន្យាផ្តល់គ្រឿងលើកទឹកចិត្ត និងប្រាក់រង្វាន់ដល់លោក តៃ ជឹង វូ (Tai Jeng-wu) រួមទាំងភាគហ៊ុនមួយចំនួននៅក្នុងក្រុមហ៊ុន Foxconn ផងដែរ ប្រសិនបើលោកអាចសម្រេចបានគោលដៅរបស់ក្រុមហ៊ុនដូចជាការជួយឱ្យក្រុមហ៊ុន Sharp អាចចូលទៅកាន់ផ្សារហ៊ុនក្រុងតូក្យូឡើងវិញជាដើម។ ប៉ុន្តែជាលទ្ធផល លោកមិនទទួលបានផលតបស្នងដូចការសន្យានោះឡើយ ទោះជាលោកសម្រេចបានតាមគោលដៅរបស់ក្រុមហ៊ុនយ៉ាងណាក្ដី៕
ដោយ: តែម សុខុម