មជ្ឈិមបូព៌ា

អឺរ៉ុប ងាកទៅពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចជាមួយមជ្ឈិមបូព៌ា ដោយមិនខ្វល់ពីអាម៉េរិក


មេដឹកនាំសហភាពអឺរ៉ុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរឹតបន្តឹងចំណងមិត្តភាពផ្នែកសន្តិសុខ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកច្រកចេញតាមផ្លូវទូតចំពោះវិបត្តិសង្គ្រាមអ៊ីរ៉ង់។នៅក្នុងកិច្ចពិភាក្សានៅប្រទេសស៊ីប កាលពីពេលថ្មីៗនេះ អឺរ៉ុបបានបង្ហាញជំហរច្បាស់ៗថា ស្ថិរភាពរបស់ខ្លួន គឺមិនអាចកាត់ផ្ដាច់ចេញពីសន្តិភាពនៅមជ្ឈិមបូព៌ាបានឡើយ ទោះបីជាសហរដ្ឋអាម៉េរិក កំពុងអនុវត្តវិធានការតឹងរ៉ឹងលើការបិទខ្ទប់សេដ្ឋកិច្ចទីក្រុងតេអេរ៉ង់ ក៏ដោយ។
មជ្ឈិមបូព៌ា
ដោយ

សារព័ត៌មាន Euronews បានរាយការណ៍ថា មេដឹកនាំកំពូលៗមកពីប្រទេសលីបង់ អេហ្ស៊ីប ស៊ីរី និងហ្ស៊កដានី រួមទាំងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស បានធ្វើដំណើរទៅកាន់ទីក្រុងនីកូស៊ីយ៉ា ប្រទេសស៊ីប ដើម្បីជួបពិភាក្សាការងារជាមួយសមភាគីសហភាពអឺរ៉ុប។ ទោះបីជាព័ត៌មានលម្អិត នៃជំនួបបិទទ្វារនេះមិនត្រូវបានបង្ហើបឱ្យដឹង ប៉ុន្តែវាត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រថ្មីរបស់អឺរ៉ុបក្នុងការការពារផលប្រយោជន៍របស់ខ្លួន។

លោក អាន់តូនីញ៉ូ កូស្តា (António Costa) ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ថាស្ថានការណ៍បច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា សន្តិសុខរបស់អឺរ៉ុប និងមជ្ឈិមបូព៌ា គឺជារឿងតែមួយ។ អឺរ៉ុបមិនមែនជាភាគី នៃជម្លោះនោះទេ ប៉ុន្តែដាច់ខាតត្រូវតែជាផ្នែកមួយ នៃដំណោះស្រាយសន្តិភាព។ លោកបានបន្តថា ទោះបីជាមានបទឈប់បាញ់ជាបណ្ដោះអាសន្នរវាងអាម៉េរិក និងអ៊ីរ៉ង់រួមទាំងអ៊ីស្រាអែល និងលីបង់ក៏ដោយ ប៉ុន្តែពិភពលោកត្រូវការសន្តិភាពដែលពិតប្រាកដ និងមានតម្លាភាព។

កិច្ចប្រជុំកំពូលនេះ ក៏បានផ្តោតសំខាន់លើផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដល់អឺរ៉ុប បន្ទាប់ពីសហរដ្ឋអាម៉េរិកបានឡោមព័ទ្ធបិទច្រកសមុទ្រ និងកំពង់ផែសំខាន់ៗរបស់អ៊ីរ៉ង់ ដែលជាហេតុធ្វើឱ្យទីក្រុងតេអេរ៉ង់ ឆ្លើយតបវិញដោយការបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចដឹកជញ្ជូនថាមពលដ៏សំខាន់នៅលើពិភពលោក។

គួររំលឹកថា បច្ចុប្បន្នការវាយប្រយុទ្ធគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយកាលពីដើមសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ខណៈដែលការផ្អាកវាយប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ក៏ត្រូវបានពន្យារពេលចំនួន៣សប្តាហ៍បន្ថែមទៀត ដើម្បីទុកឱកាសឱ្យកិច្ចចរចាកម្រិតខ្ពស់បន្តទៅមុខ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ការហក់ឡើងតម្លៃប្រេងឥន្ធនៈកំពុងធ្វើឱ្យកសិករមួយចំនួនហាក់រារែកក្នុងការបន្តផលិតស្រូវ

​​វិបត្តិតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់កំពុងក្លាយជាស្រមោលអន្ធការគំរាមកំហែងដល់ផលិតកម្មស្រូវរបស់កម្ពុជា ដែលរុញឱ្យថ្លៃដើមផលិតកម្មហក់ឡើងខ្ពស់ស្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ