ស្ត្រីជនជាតិខ្មែរ ដែលឆ្លងកូវីដ១៩ រូបនេះ មានទីលំនៅ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបុរសរូបនេះបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ ឆ្នាំ២០២០ ប្ដូរជើងយន្តហោះនៅកូរ៉េខាងត្បូង រួចហើយចូលមកដល់កម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។
ពេលមកដល់ភ្លាម ស្ត្រីរូបនេះ បានដាក់ខ្លួននៅដាច់ដោយឡែក ដោយខ្លួនឯង និងបានទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី១២ ឧសភា ដោយសារគាត់មានអាការៈ ក្អក តឹងច្រមុះ និងស្ងួតបំពង់ករ ហើយទទួលលទ្ធផលអវិជ្ជមាននៅថ្ងៃនោះ។
បន្ទាប់មកត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅតែមិនទាន់បានធូរស្បើយ ទើបរហូតដល់ថ្ងៃទី២២ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាកទៅវិភាគសារជាថ្មីម្តងទៀត ទើបឃើញមានវិជ្ជមានកូវីដ១៩។បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្ស៊ី) នៅរាជធានីភ្នំពេញ។
សូមជម្រាបថា រយៈពេល២ថ្ងៃនេះ ២១និង២២ ឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលក៏បានរកឃើញ ករណីថ្មីចំនួន០២ករណីហើយ បន្ទាប់ពីបានជាសះស្បើយ១២២នាក់ កាលពីពេលកន្លងទៅ។ គិតមកទល់នឹងថ្ងៃនេះ កម្ពុជាមានករណីឆ្លងកូវីដ១៩ សរុបចំនួន ១២៤ករណី ដោយ១២២ករណីមុននេះ បានជាសះស្បើយអស់ហើយ៕