ប្រទេសមួយចំនួននៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដូចជាបារាំង និងអ៊ីតាលី ចង់បានកំរិតបំណុលថ្មី ដែលចេញរួមគ្នារបស់សហភាពអឺរ៉ុប ដើម្បីយកមកជួយកាត់បន្ថយការប៉ះពាល់ បន្ទាប់ពីខ្លួនសម្រេចកែប្រែការទិញយកថាមពលរបស់រុស្ស៊ីមួយចំនួន ផលប៉ះពាល់នៃទណ្ឌកម្ម ដែលដាក់លើទីក្រុងម៉ូស្គូ និងជំរុញឱ្យមានឯករាជ្យភាពបន្ថែមទៀតលើការផ្គត់ផ្គង់ស្បៀងអាហារ និងបន្ទះមីក្រូឈីប។
ប៉ុន្តែប្រទេសអាល្លឺម៉ង់ ហូឡង់ និងរដ្ឋជាសមាជិកមួយចំនួនផ្សេងទៀតជំទាស់យ៉ាងខ្លាំងចំពោះគំនិតខាងលើ ដោយអះអាងថា ប្រាក់ប្រមាណ ៨០០ពាន់លានអឺរ៉ូ ដែលអឺរ៉ុបបានខ្ចីរួមគ្នា កាលពីមួយរយៈមុនសម្រាប់ប្រើជាមូលនិធិសង្គ្រោះអំឡុងជំងឺរាតត្បាតកូវីដ១៩ នៅមិនទាន់បានប្រើប្រាស់អស់ផង ហេតុនេះ គេមិនអាចបង្កើនកំរិតបំណុលថ្មី និងខ្ចីបន្ថែមបាននៅឡើយទេ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំងរូបនេះ នៅតែមានជំនឿចិត្ដថា មេដឹកនាំអឺរ៉ុបទាំងអស់នឹងយល់ស្របជាមួយនឹងគំនិតរបស់លោក ដោយបាននិយាយដូច្នេះថា៖ នៅពេលដែលពួកគេជួបនឹងបញ្ហាប្រឈមខ្លាំងណាមួយក្នុងប្រវត្តិសាស្ត្រ ពួកគេនឹងធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រដូចគ្នា។ ជាក់ស្តែង អឺរ៉ុបបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាច្រើននៅចំពោះមុខ ជំងឺរាតត្បាតកូវីដ១៩ ហើយបារាំងជឿថា មេដឹកនាំអឺរ៉ុប ក៏នឹងផ្លាស់ប្តូរគំនិតម្តងទៀតដែរនៅចំពោះមុខការគម្រាមកំហែងនៃសង្គ្រាម។
សូមជម្រាបថា សហភាពអឺរ៉ុបធ្លាប់បានសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយកាលពីឆ្នាំ២០២០ ដើម្បីខ្ចីប្រាក់ប្រមាណ ៨០០ពាន់លានដុល្លារ សម្រាប់ការស្តារឡើងវិញ និងដោះស្រាយកូវីដ១៩ ពិសេសនៅចំពោះមុខកំណើនយឺតនៃការចាក់វ៉ាក់សាំងបង្ការ។
ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនត្រូវបានគេប្រមើលឃើញថា នឹងមិនងាយដោះស្រាយចប់ សហភាពអឺរ៉ុបដើរតួនាទីសំខាន់ណាស់ ដើម្បីចាត់វិធានការ និងគោលនយោបាយនានា ទប់ទល់នឹងឥទ្ធិពលនៃសង្គ្រាម ដែលកំពុងសាយភាយមកលើវិស័យសំខាន់ជាច្រើននៅក្នុងតំបន់ និងពិភពលោក៕