វិស័យ ពាណិជ្ជកម្ម

ហេតុអ្វីចិន ជឿជាក់លើបារាំងថា អាចមានទឹកមាត់ប្រៃក្នុងការជួយស្វែងរកដំណោះស្រាយជុំវិញជម្លោះពាណិជ្ជកម្មរវាងខ្លួន និងសហភាពអឺរ៉ុប?


មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានជំរុញឱ្យប្រទេសបារាំង ដែលមានសេដ្ឋកិច្ចធំបំផុតទី៧របស់ពិភពលោកជួយបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុប ចូលតុចរចាឡើងវិញជុំវិញជម្លោះពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ តើហេតុអ្វីចិនជឿជាក់លើបារាំង ថា អាចមានទឹកមាត់ប្រៃក្នុងការជួយស្វែងរកដំណោះស្រាយជុំវិញជម្លោះពាណិជ្ជកម្មរវាងខ្លួន និងសហភាពអឺរ៉ុប?
វិស័យ ពាណិជ្ជកម្ម
ដោយ

ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងកាលពីសប្ដាហ៍មុនថា ចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ បានជំរុញឱ្យប្រទេសបារាំង ដែលមានប្រជាជនជិត៧០លាននាក់ ដើរតួក្នុងការជួយជំរុញឱ្យគណៈកម្មការអឺរ៉ុប វិលចូលតុចរចាជាថ្មី ដើម្បីឈានទៅរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ពោលគឺទាំងសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់អឺរ៉ុប និងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន។

ក្រុមអ្នកជំនាញមើលឃើញថា ប្រទេសចិន ទំនងជាចាត់ទុកប្រទេសបារាំង ថា អាចមានទឹកមាត់ប្រៃ ឬមានឥទ្ធិពលនៅក្នុងការជួយដោះស្រាយជម្លោះពាណិជ្ជកម្មរថយន្តអគ្គិសនីរវាងខ្លួន និងសហភាពអឺរ៉ុប ដោយសារតែបារាំងមានគីឡូធ្ងន់ផ្នែកសេដ្ឋកិច្ច ពោលគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៧របស់ពិភពលោក និងមានឥទ្ធិពលលើគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប។

តាមរយៈការពឹងពាក់បារាំងឱ្យចូលរួមដោះស្រាយនេះ មហាយក្សចិនសង្ឃឹមថា សហភាពអឺរ៉ុប នឹងអាចឈានដល់ដំណោះស្រាយមួយដែលមានតុល្យភាពដើម្បីកាត់បន្ថយពន្ធគយ និងភាពតានតឹងពាណិជ្ជកម្ម។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មបារាំង លោកស្រី សូហ្វី ព្រីម៉ាស់ (Sophie Primas) ក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីចុងសប្ដាហ៍មុន រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនថាវ (Wang Wentao) បានគូសបញ្ជាក់ជាថ្មីថា ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន គឺជាក្ដីកង្វល់ដ៏ធំមួយ និងបានរារាំងយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មរថយន្តរវាងមហាយក្សចិន និងសហភាពអឺរ៉ុប។

គួររំឭកថា សហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនលើការនាំចូលរថយន្តអគ្គិសនីចិន កាលពីឆ្នាំមុន ហើយកាលពីអំឡុងខែតុលា កន្លងទៅថ្មីៗនេះ បានឈានដល់ការបោះឆ្នោតអនុម័តដំឡើងពន្ធលើរថយន្តចិន ជាផ្លូវការ។ ជាការឆ្លើយតប ប្រទេសចិន កាលពីឆ្នាំមុនបានបើកការស៊ើបអង្កេតរបស់ខ្លួនលើការនាំចូលសាច់ជ្រូក និងទឹកដោះគោរបស់អឺរ៉ុប ហើយក៏បានដាក់ចេញវិធានការប្រឆាំងការបង្ខូចថ្លៃបណ្តោះអាសន្នលើការនាំចូលស្រាខ្លាំង Brandy ពីសហភាពអឺរ៉ុបនៅដើមខែវិច្ឆិកា នេះផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើវិស័យអចលនទ្រព្យកម្ពុជា អាចចាយពេលប៉ុន្មានឆ្នាំ ទើបអាចស្តារឱ្យមានភាពល្អប្រសើរឡើងវិញ?

វិស័យអចលនទ្រព្យកម្ពុជា បានរងភាពរង្គោះរង្គើជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាម បញ្ហាសេដ្ឋកិច្ចសក…

បណ្ដាក្រុមហ៊ុនបន្ទះសូឡាចិន កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រផលិត ដើម្បីគេចផុតពីពន្ធគយរបស់អាម៉េរិក

រោងចក្រផលិតបន្ទះសូឡាគ្រប់គ្រងដោយរដ្ឋចិនធំៗបំផុតមួយចំនួននៅក្នុងប្រទេសវៀតណាម កំពុងកាត់បន្ថយការផលិត និងជម្រុះចោលបុគ្គលិកយ៉ាងច្រើន ដោយសារតែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ