
លោកប្រធានាធិបតី ម៉ាក្រុង បាននិយាយថា ប្រជាជនបារាំងគួរចាកចេញពីផ្ទះ តែក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ ដោយគិតចាប់ពីពាក់កណ្ដាលថ្ងៃអង្គារនេះតទៅ។
លោក ម៉ាក្រុង បានថ្លែងថា លោកចាត់វិធានការដ៏តឹងរ៉ឹងដោយរឹតត្បិតការធ្វើដំណើររបស់ប្រជាជនបែបនេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស កូវីដ-១៩ ដែលដើមដំបូងឡើយ គេហៅថា វីរុស កូរ៉ូណា។
លោកប្រធានាធិបតីបារាំង ក៏បាននិយាយផងដែរថា ការបំពានទៅលើបទបញ្ជានេះ នឹងត្រូវទទួលរងនូវទោសទណ្ឌ។ លោក ម៉ាក្រុង បាននិយាយយ៉ាងដូច្នេះថា «យើងកំពុងស្ថិតក្នុងសង្គ្រាមសុខភាព»។
ការប្រកាសវិធានការតឹងរ៉ឹងរបស់លោក ម៉ាក្រុង បានធ្វើឡើង ខណៈដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសបិទច្រកព្រំដែនរបស់ប្រទេស ដោយមិនអនុញ្ញាតឲ្យជនបរទេសចូលបានឡើយ លើកលែងតែពលរដ្ឋអាមេរិកាំង។ លោក Trudeau បានថ្លែងថា «វាជាពេលដែលយើងត្រូវចាត់គ្រប់វិធានការបង្ការមុន ដើម្បីរក្សាសុវត្ថិភាពរបស់ប្រជាជន»៕