អាជីវកម្ម Franchise

អ្នក​ជំនាញ៖ លំហូរ​ចូល​អាជីវកម្ម Franchise មក​កម្ពុជា បង្ហាញ​ពី​កម្លាំង​សេដ្ឋកិច្ច


អាជីវកម្ម​ទិញ​លក់​សិទ្ធិ​បន្ត ឬ​ហៅ​ថា Franchise បាន​និង​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​អះអាង​ថា កំណើន​នៃ​ការ​នាំ​ចូល​អាជីវកម្ម Franchise មក​ពី​ក្រៅ​​ប្រទេស គឺ​ជា​ការ​ឆ្លុះ​បង្ហាញ​ពី​អំណាច​នៃ​ការ​ទិញ​របស់​ប្រជាជន​ក្នុង​ស្រុក និង​សក្ដានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា។
លោក ងន សាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RMA Cambodia។
ដោយ

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សាខា​ថ្មី​ហាង BAR-B-Q Plaza លោក ងន សាំង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន EFG បាន​លើក​ឡើង​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​មិន​តិច​ជាង​១០​នោះ​ទេ ដែល​បាន​នាំចូល និង​កំពុង​ប្រតិបត្តិ​អាជីវកម្ម Franchise នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​ខ្លះ​មាន​នាំចូល ២ ឬ ៣ ម៉ាក Franchise ផ្សេង​គ្នា។ 

ប៉ុន្ដែ សម្រាប់​តែ​ក្រុមហ៊ុន EFG មួយ​ប៉ុណ្ណោះ បាន​នាំចូល​ភោជនីយដ្ឋាន Franchise រហូត​ដល់ ៧​ម៉ាក​ផ្សេង​គ្នា និង​មាន​សាខា​ហាង​សរុប​រហូត​ដល់​ជិត ៦០​កន្លែង​ទូទាំង​ប្រទេស។

លោក ងន សាំង បន្ថែម​ថា ការ​ហូរ​ចូល​នៃ​អាជីវកម្ម Franchise មក​ទីផ្សារ​ក្នុង​ស្រុក​កាន់​តែ​ច្រើន​នេះ គឺ​ជា​ដំណើរការ​មួយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​តែង​មាន​ការពេញ​និយម និង​មាន​តម្រូវការ។ ទោះ​យ៉ាង​ណា លោក​បាន​គូស​បញ្ជាក់​ថា អ្នក​នាំចូល​អាជីវកម្ម Franchise ក៏​គួរតែ​សិក្សា​ពី​តម្រូវការ​ទីផ្សារ ពិសេស សេចក្ដី​ត្រូវការ​របស់​អតិថិជន​ឲ្យ​បាន​ជាក់លាក់​ជាមុន​សិន មុន​នឹង​នាំ​ចូល​មក។

ភោជនីយដ្ឋាន BAR-B-Q Plaza ដែល​មាន​ទីតាំង​នៅ​ក្បែរ​ផ្សារ​ទំនើប TK Avenue រាជ​ធានី​ភ្នំពេញ។

បន្ថែម​ពី​នេះ ការ​នាំចូល​អាជីវកម្ម Franchise នីមួយៗ ក៏​មាន​ចំណាយ​ទុន​ច្រើន​គួរ​សម​ដែរ តួយ៉ាង បើ​តាម​ការ​លើក​ឡើង​របស់​លោក ងន សាំង គ្រាន់តែ​សាខា​ទី២ ហាង BAR-B-Q Plaza ដែល​មាន​ទីតាំង​នៅ​ក្បែរ​ផ្សារ​ទំនើប TK Avenue ដែល​ទើប​សម្ពោធ​នា​ពេល​ថ្មីៗ​នេះ បាន​ចំណាយ​ដើម​ទុន​ប្រមាណ​កន្លះ​លាន​ដុល្លារ​ឯណោះ។ 

ត្បិតថា ការនាំចូល Franchise ត្រូវ​ចំណាយ​ទុន​ច្រើន​គួរសម​ក៏​ដោយ​ក្ដី ប៉ុន្ដែ លោក ងន សាំង អះអាង​ថា អាជីវកម្ម​នេះ​ក៏​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ច្រើន​ផង​ដែរ តួយ៉ាង សហគ្រិន​អាច​រៀនសូត្រ​ពី​ការ​គ្រប់គ្រង​​បែប​ស្ដង់ដារ បច្ចេកទេស​សំខាន់ៗ​ទាក់ទង​នឹង​ប្រតិបត្តិការ​អាជីវកម្ម ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ និង​ចំណូល​ពន្ធ​សម្រាប់​ជាតិ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CBM Corporation ដែល​បាន​នាំចូល​ម៉ាក​អាជីវកម្ម Franchise ៥​ម៉ាក​ផ្សេង​គ្នា និង​មាន​សាខា​ហាង​សរុប​រហូត​ដល់​ជាង​៤០​សាខា​នៅ​កម្ពុជា បានថ្លែង​​ប្រាប់ ​ខេមបូណូមីស ដែរ​ថា ម៉ាក Franchise ល្បីៗ​ដែល​បាន​ហូរ​ចូល​មក​ទីផ្សារ​កម្ពុជា នៅ​មិន​ទាន់​មាន​ច្រើន​ណាស់​ណា​នៅ​ឡើយ​ទេ ដោយសារ​តែ​ចំនួន​ប្រជាជន​កម្ពុជា​នៅ​មាន​តិច បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ប៉ុន្ដែ នៅ​ពេល​ដែល​ចំណូល​ប្រជាជន​កាន់តែ​កើន​ឡើង​ច្រើន នោះ​តម្រូវការ​អាជីវកម្ម Franchise ក៏​នឹង​មាន​កាន់តែ​ច្រើន​ទៅ​តាម​នោះ​ដែរ។ 

លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CBM Corporation។

លោក គួច សុខលី បាន​លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ងាក​មក​ដាក់​ការ​ចាប់​អារម្មណ៍​នាំចូល Franchise មក​កម្ពុជា រួមមាន​ដូចជា ស្ថិរភាព​នយោបាយ​ល្អ ស្ថិរភាព​សង្គម ស្ថិរភាព​កំណើន​​សេដ្ឋកិច្ច និង​កំណើន​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស។ 

ដោយឡែក សម្រាប់​អាជីវកម្ម Franchise នៅ​ក្នុង​ស្រុក​វិញ ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ប៉ុន្ដែ បើ​តាម​ការ​លើក​ឡើង​របស់​លោក គួច សុខលី កន្លង​មក អាជីវកម្ម​ក្នុង​ស្រុក​ក៏​បាន​រៀនសូត្រ​ច្រើន​ពី​បទ​​ពិសោធន៍​របស់​អាជីវកម្ម Franchise ពី​ខាង​ក្រៅ​ផង​ដែរ។ ហើយ​ទោះ​បី​ជា​ការ​រីក​លូត​លាស់​របស់​អាជីវកម្ម Franchise ក្នុង​ស្រុក​នៅ​មាន​កម្រិត​ក៏​ដោយ ប៉ុន្ដែ ការ​បោះ​ជើង​មួយ​ជំហានៗ​របស់​ពួកគេ​ហាក់​មាន​ភាព​នឹង​នរ​ច្រើន។

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ភោជនីយ​ដ្ឋាន ផាកកាហ្វេ ដែល​ជា​ម៉ាក Franchise ក្នុង​ស្រុក​ធំ​ជាង​គេ ក៏​ទើប​តែ​លក់ Franchise លើក​ដំបូង​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន Sajibumi សម្រាប់​បើក​លក់​នៅ​ក្នុង​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​គ្រោង​ពង្រីក​ការ​លក់ Franchise បន្ថែម​ទៀត​ជា​បន្ត​បន្ទាប់​ផង​ដែរ៕

None



អត្ថបទបន្ទាប់


កម្ពុជា​មាន​ក្រុមហ៊ុន​យន្តហោះ​អន្តរជាតិ​ជាង​៥០​ក្រុមហ៊ុន​កំពុង​ដំណើរការ​អាជីវកម្ម

គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ហោះហើរ​ចេញ​ចូល​ចំនួន​ប្រមាណ​ជាង ៥០​ក្រុមហ៊ុន ដែល​កំពុង​តែ…

ទុន​វិនិយោគ​វិស័យ​សំណង់​រយៈពេល​៩​ខែ​កើន​ឡើង​ជាង​២២​%

រយៈពេល​៩​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​បន្ត​​ផ្តល់​លិ​ខិត​អនុញ្ញាត​សាងសង់​​ដល់​អ្នក​វិនិយោគ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ