មេដឹកនាំបារាំងប្រាប់លោក ត្រាំ

មេដឹកនាំបារាំងប្រាប់លោក ត្រាំ ថា សន្តិភាពនៅអ៊ុយក្រែនមិនអាចមានន័យថា អ៊ុយក្រែនចាញ់សង្គ្រាម


សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ បានបង្ហាញជំហរខុសគ្នាស្ទើរទាំងស្រុងនឹងរដ្ឋបាលមុនពាក់ព័ន្ធនឹងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ដែលរុស្ស៊ីបានលើកទ័ពវាយចូលឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
មេដឹកនាំបារាំងប្រាប់លោក ត្រាំ
ដោយ

មេដឹកនាំអឺរ៉ុប បានប្រាប់មេដឹកនាំអាម៉េរិកឲ្យប្រយ័ត្នប្រយែងរឿងគំនិតផ្តួចផ្តើម ឬផែនការសន្តិភាពនៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ថា សន្តិភាពនៅអ៊ុយក្រែនមិនអាចជាការចុះចាញ់ ហើយបើអ៊ុយក្រែនចាញ់រុស្ស៊ី នោះអាម៉េរិក ក៏ចាញ់ដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងដែលជាបងធំមួយនៅអឺរ៉ុបបានថ្លែងនៅក្នុងសន្និសីទរួមគ្នាជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ថា កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនមិនអាចមានន័យថា ជាការចុះចាញ់របស់អ៊ុយក្រែនចំពោះសង្គ្រាមនោះទេ។ តែយ៉ាងណាលោកបានអះអាងថា ការពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិកបានបង្ហាញលទ្ធផលឆ្ពោះទៅមុខ បើទោះបីជាមានការភ័យខ្លាចចំពោះការផ្ទុះជម្លោះឆ្លងមហាសមុទ្រអាត្លង់ទិកក៏ដោយ។

ទន្ទឹមនឹងនេះលោក ម៉ាក្រុង បានលើកសរសើរថា លោក ត្រាំ មានគំនិតផ្តួចផ្តើមល្អក្នុងការអូសទាញប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ឱ្យងាកមករកការចរចា ដើម្បីបញ្ចប់សង្គ្រាម តែអ្វីដែលសំខាន់ទីក្រុងវ៉ាស៊ីនតោនត្រូវផ្តល់ការធានាដល់កងកម្លាំងរក្សាសន្តិភាពអឺរ៉ុបនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បានអះអាងថា លោកនឹងធ្វើការជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសបារាំងនៅសប្តាហ៍នេះ លើសំណើបញ្ជូនកងទ័ពរក្សាសន្តិភាពទៅកាន់អ៊ុយក្រែនក្នុងករណីមានកិច្ចព្រមព្រៀង។

ប្រធានាធិបតីហ្វាំងឡង់លោក អាឡិចហ្សង់ឌ័រ ស្ទូប (Alexander Stubb)បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងចាញ់ ប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។ លោកបានអះអាងថា សង្រ្គាមនៅអ៊ុយក្រែនមិនត្រឹមតែជារឿងឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនប៉ុណ្ណោះទេ តែវាជារឿងសន្តិសុខនៅទ្វីបអឺរ៉ុបទាំងមូល ហើយវាក៏ពាក់ព័ន្ធនឹងសហរដ្ឋអាម៉េរិកផងដែរ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អធិការបតីថ្មីរបស់អាល្លឺម៉ង់ ប្ដេជ្ញាជួយអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងលើសហរដ្ឋអាម៉េរិក

លោក ហ្វ្រ៊ីឌិ្រច មើស (Friedrich Merz) ដែលនឹងក្លាយជាអធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុមអភិរក្សនិយមរបស់លោកបានឈ្នះការបោះឆ្នោតជ…

អ្នកដាំស្វាយនៅខេត្តត្បូងឃ្មុំកំពុងត្អូញត្អែរ ក្រោយតម្លៃស្វាយធ្លាក់ចុះមកនៅចន្លោះ៤០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម

កសិករមួយចំនួននៅខេត្តត្បូងឃ្មុំបានត្អូញត្អែរពីរឿងទីផ្សារផ្លៃស្វាយ ក្រោយតម្លៃស្វាយធម្មតាបានធ្លាក់ចុះមកនៅចន្លោះ៤០០រៀលទៅ៦០០រៀលក្នុង១គីឡូក្រាម បន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ