ទន្ទឹមនឹងនេះ កម្ពុជា ជំរុញឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវយុទ្ធសាស្រ្តហាន់សាច់ក្រកក្នុងគោលបំណងទុច្ចរិតរំលោភយកដីកម្ពុជា បន្តិចម្ដងៗតាមរយៈការល្បាតដោយគ្មានការអនុញ្ញាត និងការបង្ខំឱ្យប្រជាពលរដ្ឋស៊ីវិលផ្លាស់ទីលំនៅ ហើយត្រូវដកកងទ័ពរបស់ខ្លួនចេញទៅវិញ។
ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលទាំងស្រុងចំពោះការចេញសេចក្តីថ្លែងការណ៍ចោទប្រកានរបស់ប្រធានគណៈកម្មការប្រឹក្សាយោបល់កិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ដែលចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា។
បើតាមការបញ្ជាក់របស់គណៈកម្មការព្រឹទ្ធសភាកម្ពុជា ថៃ បានដកស្រង់មិនសមស្របពីសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីយកមកធ្វើជាលេសដោះសារចំពោះការឈរជើងនាពេលបច្ចុប្បន្នរបស់កងទ័ពថៃ តែតាមការពិតក្របខ័ណ្ឌបទឈប់បាញ់បណ្តោះអាសន្ន មិនអាចយកមកកេងចំណេញដោយរើសអើង ដើម្បីធ្វើឱ្យការកាន់កាប់ដោយយោធាដោយខុសច្បាប់ទៅជាស្របច្បាប់ បង្កើតសិទិ្ធលើទឹកដីថ្មី ឬពង្រឹងការបង្កើតស្ថានភាពថ្មីលើដីជាក់ស្តែងជាឯកតោភាគីនោះឡើយ។
កម្ពុជា បានសង្កត់ធ្ងន់ថា ខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់ដែលមានជម្លោះ ឬតំបន់ដែលមិនទាន់បានវាស់វែងត្រូវតែដោះស្រាយដាច់ខាតតាមរយៈសន្ធិសញ្ញាទ្វេភាគីដែលបានបង្កើតឡើង និងយន្តការការទូតដោយសន្តិវិធី មិនមែនតាមរយៈការរក្សាការឈ្លានពានរបស់យោធាទៅមុខនោះទេ។
គណៈកម្មការព្រឹទ្ធសភាកម្ពុជា ក៏បានលាតត្រដាងនូវនិទានកថាភូតភរអំពីការបាញ់មុន និងការវាយប្រហារលើគោលដៅស៊ីវិលផងដែរ ដ្បិតថៃ នៅតែបន្តការអះអាងដោយគ្មានភស្តុតាងថា កម្ពុជា ជាអ្នកផ្ដើមជម្លោះព្រំដែនឆ្នាំ២០២៥ ដើម្បីបិទបាំងអំពើឈ្លានពានជាបន្តបន្ទាប់ និងដោយបង្កើតលេសការពារអំពើបង្កហេតុរបស់ខ្លួន។ លើសពីនេះ ថៃ បានប្រើប្រាស់បញ្ហាបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញធ្វើជាលេសភូមិសាស្ត្រនយោបាយ ដើម្បីពង្រាយកម្លាំងយោធា រំលោភបំពានលើដែនអាកាសរបស់កម្ពុជា និងរំលោភបំពានលើទឹកដីអធិបតេយ្យរបស់កម្ពុជា។
ឆ្លើយតបនឹងការដើរតួជាភាគីជម្លោះផង និងជាចៅក្រមផងរបស់ថៃ កម្ពុជា ស្នើឱ្យមានការវាយតម្លៃកោសល្យវិច័យដោយឯករាជ្យ និងមានការផ្ទៀងផ្ទាត់ជាអន្តរជាតិ ដើម្បីលាតត្រដាងឱ្យឃើញច្បាស់ថា ភាគីណាជាអ្នកបាញ់មុន និងយកសហគមន៍ស៊ីវិលជាគោលដៅវាយប្រហារ។
ជាមួយគ្នានេះគណៈកម្មការព្រឹទ្ធសភាកម្ពុជា បានចាត់ទុកការប៉ុនប៉ងរបស់គណៈកម្មការប្រឹក្សាយោបល់នៃព្រឹទ្ធសភាថៃ ក្នុងការលាបពណ៌ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលបានផ្លាស់ទីលំនៅជាង២០,០០០នាក់ថា ជាអ្នកចូលទន្ទ្រានដោយការប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវពីរលកជនភៀសខ្លួន UNBRO ឆ្នាំ១៩៧៩ គឺជាការបំភាន់យ៉ាងធ្ងន់ធ្ងរលើការពិតប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនេះ កម្ពុជា ជំរុញឱ្យថៃ បញ្ឈប់ជាបន្ទាន់នូវយុទ្ធសាស្រ្តហាន់សាច់ក្រកដ៏សាហាវរបស់ខ្លួនដែលមានបំណងរំលោភយកដីកម្ពុជា បន្តិចម្ដងៗតាមរយៈការល្បាតដោយគ្មានការអនុញ្ញាត និងការបង្ខំឱ្យប្រជាពលរដ្ឋស៊ីវិលផ្លាស់ទីលំនៅ ហើយត្រូវដកកងទ័ពរបស់ខ្លួនចេញទៅវិញ។
កម្ពុជា បានបញ្ជាក់ជាថ្មីថា ការប្រើប្រាស់វេទិកាសភាតំបន់ និងអន្តរជាតិ គឺជាយន្តការការទូតដោយសន្តិវិធី តម្លាភាព និងស្របច្បាប់ ហើយវាជាកាតព្វកិច្ចរបស់កម្ពុជា ក្នុងការជម្រាបជូនសហគមន៍អន្តរជាតិ អំពីតថភាពជាក់ស្តែងនៅនឹងកន្លែងផ្ទាល់។ កម្ពុជា បានសង្កត់ធ្ងន់ថា ទំនុកចិត្តទ្វេភាគីពិតប្រាកដ មិនអាចកសាងឡើងដោយសម្ដីតែម្យ៉ាងបានទេ ខណៈពេលដែលភាគីម្ខាងបកស្រាយក្របខ័ណ្ឌនានាដោយរើសអើង រារាំងនីតិវិធីដែលមិនលំអៀង និងបង្កើនភាពតានតឹងនៅនឹងកន្លែងផ្ទាល់។ សន្តិភាពយូរអង្វែង អាចសម្រេចទៅបានលុះត្រាតែភាគីថៃគោរពដាច់ខាតចំពោះច្បាប់អន្តរជាតិ និងព្រំដែនប្រវត្តិសាស្ត្រដែលបានបន្សល់ទុកក្រោមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧៕