ដើម្បីទប់ស្កាត់នូវបញ្ហានេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើដល់ភាគីពាក់ព័ន្ធរឹតបន្តឹងលើករណីលួចនាំចូលបំណែកសាច់បង្កករបស់ឈ្មួញខិលខូចមួយចំនួន ដែលមិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា តាមការអង្កេតយ៉ាងជាក់លាក់នៅលើទីផ្សារជាច្រើននៅក្នុងខែកញ្ញានេះ គឺនៅតែមានការដាក់លក់គ្រឿងក្នុង និងបំណែកសាច់បង្កកថ្មីៗដែលទើបនាំចូលពីក្រៅប្រទេស បើទោះជារាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលសាច់ប្រភេទនេះបណ្តោះអាសន្នរយៈពេល៦ខែបន្ថែមទៀត ដែលមានសុពលភាពចាប់ពីថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះក្តី។ ជុំវិញបញ្ហានេះលោក ស៊្រុន ពៅ បានសង្កត់ធ្ងន់ថា ឈ្មួញដែលលួចនាំចូល និងអ្នកលក់នៅលើទីផ្សារ ហាក់មិនបានគោរពទៅតាមវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។
ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ដែរថា បើចលនានៃការហូរចូលសាច់បង្កកទាំងនេះនៅតែបន្តកើតមានទៀតនោះ វានឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់វិស័យចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបរិភោគសាច់ទាំងនោះផងដែរ។ ទន្ទឹមនឹងនេះប្រធានសមាគមរូបនេះស្នើយ៉ាងទទូចដល់ភាគីពាក់ព័ន្ធ ពិសេសសមត្ថកិច្ចតាមច្រកព្រំដែន ត្រូវបង្កើនការរឹតបន្តឹងលើការនាំចូលលួចលាក់របស់ឈ្មួញទាំងនោះឱ្យមានប្រសិទ្ធភាព តាមវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាមួគ្នានេះ លោក ស្នើដល់ប្រជាពលរដ្ឋកុំឱ្យគាំទ្រ និងប្រើប្រាស់សាច់បង្កកដែលលួចនាំចូលទាំងនោះ និងត្រូវមានការត្រួតពិនិត្យឱ្យបានដិតដល់មុនពេលទិញសាច់ផ្សេងៗនៅលើទីផ្សារ។
យ៉ាងណាក៏ដោយចុះ លោក ស៊្រុន ពៅ បានគូសបញ្ជាក់ថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា កំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ដោយបានជួយទិញកសិផលពីកសិកររាប់សែនតោនក្នុងមួយឆ្នាំៗ និងស្រូបទាញកម្លាំងពលកម្មជាច្រើនម៉ឺននាក់ផងដែរ។ ហើយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានទំនុកចិត្តខ្ពស់ និងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំលើសា្ថប័នមានសមត្ថកិច្ច លើការងារដឹកនាំទប់ស្កាត់ការនាំចូលខុសពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៕