![តម្លៃប្រេងឥន្ធនៈ](https://cdn.cambonomist.com/media/images/thchnngthlkchkrm70sdadada.2e16d0ba.fill-960x540.jpg)
ក្រុមហ៊ុនចម្រាញ់ប្រេងធំបំផុតរបស់ប្រទេសថៃ Thai Oil បានឱ្យដឹងថា តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ត្រូវបានព្យាករថា អាចនឹងធ្លាក់ចុះខ្លាំងមកនៅក្រោម៧០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែលនៅសប្តាហ៍នេះ ខណៈដែលសង្គ្រាមពាណិជ្ជកម្មពិភពលោកកំពុងកើនឡើងកម្ដៅ។
មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលថៃ មួយរូប បានកត់សម្គាល់ថា ការធ្លាក់ចុះតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ អាចនាំឱ្យឧស្ម័នធម្មជាតិរាវ ធ្លាក់ថ្លៃទៅតាមនោះដែរ ដោយជួយសម្រាលការព្រួយបារម្ភអំពីការឡើងថ្លៃអគ្គិសនីក្នុងប្រទេសថៃ ដែលមួយអន្លើបណ្ដាលមកពីការឡើងថ្លៃនៃឧស្ម័នធម្មជាតិរាវនាំចូល ខណៈដែលឧស្ម័នធម្មជាតិរាវមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៦០%នៃឥន្ធនៈ ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតថាមពលនៅក្នុងប្រទេសនេះ។
ក្រុមអ្នកជំនាញមកពីក្រុមហ៊ុនចម្រាញ់ប្រេងធំបំផុតរបស់ប្រទេសថៃ Thai Oil បានលើកឡើងថា តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ អាចនឹងធ្លាក់ចុះនៅពេលដែលគោលនយោបាយពន្ធថ្មីដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកថមថយសន្ទុះកំណើន។
សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានពន្យារពេលអនុវត្តការដំឡើងពន្ធ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក បន្ទាប់ពីប្រទេសទាំងពីរនេះបានសន្យាថា នឹងដោះស្រាយបញ្ហាជួញដូរគ្រឿងញៀនឆ្លងដែន និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលហៀរចូលទៅក្នុងទឹកដីសហរដ្ឋអាម៉រិក ឱ្យបានល្អ។
ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ អាចនឹងពិចារណាអនុវត្តការដំឡើងពន្ធ២៥% លើប្រទេសទាំងពីរនេះឡើងវិញ ប្រសិនបើលោកមើលឃើញថា ប្រទេសជិតខាងទាំងពីរនេះមិនបានចាត់វិធានការក្ដៅដោះស្រាយបញ្ហាជួញដូរគ្រឿងញៀនឆ្លងដែន និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ដែលហៀរចូលទៅក្នុងទឹកដីសហរដ្ឋអាម៉រិក មិនមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ ជាហេតុធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ខឹងឆេះដុំ ក៏ប្រកាសដំឡើងពន្ធសងសឹក១៥% លើកធ្យូងថ្មនិងឧស្ម័នធម្មជាតិរាវ ដែលនាំចូលពីសហរដ្ឋអាម៉េរិក។
យោងតាមក្រុមអ្នកជំនាញក្នុងឧស្សាហកម្មប្រេងបានឱ្យដឹងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ត្រូវបានព្យាករថា នឹងធ្វើឱ្យតម្រូវការប្រេងឥន្ធនៈធ្លាក់ចុះ ហើយជាលទ្ធផលនឹងធ្វើឱ្យតម្លៃប្រេងពិភពលោកធ្លាក់ថ្លៃ៕
ដោយ: តែម សុខុម