តាមការព្យាករ នៅក្នុងឆ្នាំ២០២៤នេះ ពិភពលោកត្រូវបង្កើនការចម្រាញ់ប្រេងឆៅឱ្យបានជាង ១,៥លាន បារ៉ែលក្នុង១ថ្ងៃ ខណៈកាលពីឆ្នាំ២០២៣ គឺមានត្រឹមតែ ១,៤លានបារ៉ែលក្នុង១ថ្ងៃប៉ុណ្ណោះ។
ជាមួយនឹងការរំខានការធ្វើពាណិជ្ជកម្មសំខាន់ៗរបស់ពិភពលោក ការបិទរោងចក្រចម្រាញ់ប្រេង គួបផ្សំតម្រូវការប្រេងបច្ចុប្បន្នមានការកើនឡើង កំពុងជំរុញឱ្យតម្លៃប្រេងឥន្ធនៈពិភពលោកកើនឡើង បញ្ហាទាំងនេះអាចនឹងជះឥទ្ធិពលដល់កំណើនអតិផរណាជាថ្មីនៅលើពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក ដែលគ្រោងសម្រេចចិត្តក្នុងការកាត់បន្ថយអត្រាការប្រាក់នៅក្នុងរង្វង់ឆមាសទី១នៃឆ្នាំនេះ ផងដែរ។
កំណើនតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះ កំពុងដាក់សម្ពាធបន្ថែមទៀតទៅលើតម្លៃប្រេងឥន្ធនៈនៅតំបន់អឺរ៉ុប ដែលកំពុងមានបញ្ហាស្រាប់ទៅហើយនោះ វាបានកើនឡើង១០%បន្ថែមទៀត។ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោក គឺមានតម្លៃផ្សេងៗគ្នាទៅតាមទីផ្សារ ប៉ុន្តែស្ថិតនៅក្នុងមធ្យមភាគពីជាង ៨១ដុល្លារ ទៅជាង៨៥ដុល្លារ ក្នុងមួយបារ៉ែល។
ការប្រែប្រួលពិបាកប៉ាន់ស្មាននេះ គឺបានកើតឡើងក្រោយមានការរឹតត្បិតលើសម្ភារ និងឧបករណ៍បូមប្រេងដែលផលិតនៅរុស្ស៊ី ការឡើងថ្លៃលើមធ្យោបាយដឹកជញ្ជូន ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមឧទ្ទាម ហ៊ួធី នៅសមុទ្រក្រហម និងគ្រោះរាំងស្ងួតនៅព្រែកជីក ប៉ាណាម៉ា (Panama) ក៏ដូចជាបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ដែលជំរុញដោយទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី និង ការកាត់បន្ថយផលិតកម្មប្រេងរបស់អង្គការ OPEC។
លោក មូកេស សាដេវ ( Mukesh Sahdev) ប្រធានផ្នែកជួញដូរប្រេង និងស្រាវជ្រាវនៅក្រុមហ៊ុន Rystad Energy AS បាននិយាយថា ហានិភ័យនៃតម្លៃប្រេងសាំងអាចឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំនេះ។ បញ្ហានេះ ក៏ជាប់ទាក់ទងនឹងដំណើរការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកផងដែរ ពីព្រោះគោលនយោបាយប្រេង ជាពិសេសការគ្រប់គ្រងទុនបម្រុងប្រេង គឺជាការទទួលខុសត្រូវមួយរបស់ប្រធានាធិបតីអាម៉េរិក។
គួរបញ្ជាក់ថា ជាមធ្យមក្នុងមួយថ្ងៃពិភពលោកត្រូវការបូមប្រេងសរុបប្រមាណជា ១,៤លានបារ៉ែល ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ ត្រូវបានគេព្យាករថា ការបូមប្រេងអាចនឹងកើនឡើងដល់ជាង១,៥លានបារ៉ែលក្នុងមួយថ្ងៃ ដោយសារតែមានសញ្ញារើបឡើងវិញនៃសេដ្ឋកិច្ច៕
ដោយៈ សរ សុជាតិ