សហរដ្ឋអាម៉េរិក បានសម្រេចជាប្រវត្តិសាស្ត្រក្នុងការលើកលែងទណ្ឌកម្មលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ ក្រោយបិទខ្ទប់អស់រយៈពេល៨ឆ្នាំ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ទីក្រុងវ៉ាស៊ីនតោន ថែមទាំងបានអនុញ្ញាតឱ្យមានការជួញដូរប្រេងនេះជាប្រាក់ដុល្លារអាម៉េរិក ជាលើកដំបូងក្នុងរយៈពេលជាង៤ទសវត្សរ៍ចុងក្រោយ ខណៈភាគីទាំងពីរកំពុងបន្តកិច្ចចរចាដ៏ផុយស្រួយឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។
ក្រសួងហិរញ្ញវត្ថុអាម៉េរិក បានអះអាងថា ការលើកលែងទណ្ឌកម្មនេះមានរយៈពេល៦០ថ្ងៃ ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់ អាចផលិត និងលក់ប្រេងឆៅ ប្រេងឥន្ធនៈគីមី និងផលិតផលប្រេងកាតជាប្រាក់ដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី២១ ខែសីហា ខាងមុខ។ ក្រោមអាជ្ញាបណ្ណកូដសម្គាល់ X របស់រដ្ឋបាលអាម៉េរិក នាវាដឹកប្រេង និងក្រុមហ៊ុនប្រតិបត្តិករទាំងឡាយ ដែលធ្លាប់រងទណ្ឌកម្មពីមុនមក ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញដោយសេរីផងដែរ។ នេះជាការបើកទ្វារឱ្យអ៊ីរ៉ង់ អាចលក់ប្រេងទៅកាន់សហរដ្ឋអាម៉េរិកផ្ទាល់វិញជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៩០ មក។
ក្រុមអ្នកជំនាញបានលើកឡើងថា ការដកបម្រាមរបស់អាម៉េរិកប្រៀបបាននឹងការដោះសោធនធានប្រេងឆៅរបស់អ៊ីរ៉ង់ប្រមាណ៦៧លានបារ៉ែល ដែលកំពុងជាប់គាំងនៅលើផ្ទៃសមុទ្រ ដើម្បីបើកផ្លូវឱ្យទីក្រុងតេអេរ៉ង់ ប្រមូលប្រាក់ចំណូលចន្លោះពី៨ទៅ៩ពាន់លានដុល្លារ។ លើសពីនេះ ការអនុញ្ញាតឱ្យជួញដូរប្រេង ផលិតផលគីមីឥន្ធនៈ រួមទាំងការទូទាត់សេវាដឹកជញ្ជូនជាប្រាក់ដុល្លារក្នុងពេលតែមួយបែបនេះ នឹងជួយឱ្យអ៊ីរ៉ង់ កើបលុយបានយ៉ាងក្រាស់ក្រែល។ អ្នកជំនាញជឿជាក់ថា ចិន ដែលជាដៃគូទិញប្រេងដ៏ធំរបស់អ៊ីរ៉ង់ នឹងបង្កើនបរិមាណនាំចូលបន្ថែម ខណៈប្រទេសផ្សេងទៀត ក៏នឹងសម្រុកទិញដើម្បីបំពេញស្តុកឡើងវិញ ក្រោយជួបវិបត្តិថាមពលដោយសារឥទ្ធិពលសង្រ្គាម៕
ដោយៈ សរ សុជាតិ