ការសិក្សាមួយរបស់មូលនិធិពីប្រទេសហូឡង់ Dutch Good Growth Fund (DGGF) បានឲ្យដឹងថា ការទទួលបានដើមទុនសម្រាប់ចាប់ផ្ដើម និងពង្រីកអាជីវកម្ម នៅតែជាកត្តារាំងស្ទះមួយ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងការអភិវឌ្ឍខ្លួនទៅរកភាពរីកចម្រើន។
លោកស្រី Julia Kho អ្នកគ្រប់គ្រងមូលនិធិ DGGF បានលើកឡើងថា គម្រោងសិក្សាពីបញ្ហាប្រឈមរបស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដើម្បីឈានទៅធ្វើការផ្ដល់ជាកម្ចីហិរញ្ញវត្ថុនេះ បានសិក្សាអស់រយៈពេល៣ខែមកហើយ និងគ្រោងធ្វើការវិភាគសម្រេចចុងក្រោយនៅដើមឆ្នាំ២០១៨។
កាលពីពេលកន្លងទៅ មូលនិធិក៏បានផ្ដល់ជាកម្ចីហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើការបញ្ចេញឥណទានទៅកាន់សហគ្រាសធុនតូចនិងមធ្យមដែរ។ ប៉ុន្ដែ ការផ្ដល់ជូននេះ ហាក់បីដូចជាមានការខ្វះចន្លោះ ពោលគឺ SME ហាក់មានការលំបាកក្នុងការបំពេញលក្ខខណ្ឌដើម្បីទទួលបានកម្ចីពីគ្រឹះស្ថានទាំងនោះ។ ដូច្នេះហើយ ទើបមូលនិធិនេះ បានធ្វើការសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមរបស់ម្ចាស់ SME និងជំរុញឲ្យមានភ្នាក់ងារហិរញ្ញវត្ថុ ដែលមិនមែនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសហការគ្នាធ្វើការងារនេះ។ តែយ៉ាងណា លោកស្រីបានគូសបញ្ជាក់ថា មូលនិធិ DGGF នឹងមិនធ្វើការដោយផ្ទាល់ជាមួយនឹង SME នោះទេ។
យ៉ាងណាក៏ដោយ លោកស្រីបន្ថែមថា ខាងមូលនិធិនេះនៅមិនទាន់អាចបង្ហាញពីទំហំកញ្ចប់ហិរញ្ញវត្ថុប៉ុន្មាន ដែលនឹងត្រូវដាក់ឲ្យដំណើរការសម្រាប់ផ្ដល់ជូនសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានៅឡើយទេ ដោយសារវាស្ថិតនៅក្នុងការសិក្សានៅឡើយ ហើយក៏កំពុងរង់ចាំមើលការដាក់សំណើស្នើសុំហិរញ្ញវត្ថុពីសំណាក់សហគ្រាសធុនតូចនិងមធ្យម តាមរយៈក្រុមហ៊ុនក្នុងស្រុកជាដៃគូ Emerging Market Consulting។
លោកស្រី Julia Kho អះអាងថា កញ្ចប់ថវិកាដែលអាចនឹងផ្ដល់ជូនសហគ្រាសធុនតូចនិងមធ្យមនោះ នឹងត្រូវបែងចែកជាពីរប្រភេទ គឺជាប្រាក់កម្ចីមានការប្រាក់ទាប និងការបណ្ដាក់ទុនវិនិយោគ។
ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានលើកឡើងថា ប្រសិនបើមូលនិធិនេះអាចចេញជាផ្លូវការសម្រាប់ផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមមែន នោះគឺជារឿងប្រសើរណាស់ ព្រោះថា បច្ចុប្បន្ន សហគ្រាសធុនតូចនិងមធ្យមភាគច្រើនកំពុងប្រឈមនឹងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយសារតែខាងគ្រឹះស្ថានធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុ មានលក្ខខណ្ឌច្រើន មុននឹងផ្ដល់កម្ចីដល់ SME ដូចជា ការដាក់ទ្រព្យបញ្ចាំ តួយ៉ាង អចលនទ្រព្យនិងផែនការអាជីវកម្មជាក់លាក់ជាដើម។
ឧកញ៉ា កែវ មុំ បានបន្ថែមទៀតថា ក្រៅពីបញ្ហាកង្វះហិរញ្ញវត្ថុនេះ សហគ្រាសធុនតូចនិងមធ្យម ភាគច្រើន នៅមានបញ្ហាប្រឈមនឹងការគ្រប់គ្រងជាក់លាក់ ការអនុវត្តបច្ចេកទេស និងបច្ចេកវិទ្យាឲ្យឆ្លើយតបតាមស្ដង់ដារ នៅមានកម្រិតនៅឡើយ។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) ដែលជាដៃគូស្រាវជ្រាវរបស់មូលនិធិ DGGF បានលើកឡើងថា កន្លងមក ក្រុមហ៊ុនរបស់លោកបានធ្វើការសិក្សាជាច្រើនជាមួយសហគ្រាសធុនតូចនិងមធ្យម តែយ៉ាងណា មូលនិធិហិរញ្ញវត្ថុនេះ នឹងធ្លាក់មកពេលណា និងមានទំហំប៉ុនណានោះ គឺអាស្រ័យលើការវិភាគ និងវាយតម្លៃរបស់ DGGF ផ្ទាល់។
សូមជម្រាបដែរថា បើតាមប្រសាសន៍របស់លោកជំទាវឧកញ៉ា កែវ មុំ បានគូសបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា មានប្រមាណ ៥៧ម៉ឺនសហគ្រាស ក្នុងនោះ សហគ្រាសដែលមានការគ្រប់គ្រងដោយស្ត្រីមានជាង ៦០%៕