វិស័យ SME

មូលនិធិ​ពី​ក្រៅ​ប្រទេស​មួយ កំពុង​សិក្សា​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់ SME


មូលនិធិ​របស់​ប្រទេស​ហូឡង់ បាន​និង​កំពុង​សិក្សា​ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SME) នៅ​កម្ពុជា ខណៈ​ដែល​មូលនិធិ​នេះ​បាន​សិក្សា​ឃើញ​ថា វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម នៅតែ​កំពុង​មាន​ភាព​ប្រឈម​ក្នុង​ការ​ទទួល​បាន​កម្ចី​​​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី
ដោយ

ការសិក្សា​មួយ​របស់​មូលនិធិ​ពី​ប្រទេស​ហូឡង់ Dutch Good Growth Fund (DGGF) បាន​ឲ្យ​ដឹង​ថា ការ​ទទួល​បាន​ដើមទុន​សម្រាប់​ចាប់​ផ្ដើម និង​ពង្រីក​អាជីវកម្ម នៅតែ​ជា​កត្តា​រាំង​ស្ទះ​មួយ សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ទៅ​រក​ភាព​រីក​ចម្រើន។ 

លោកស្រី Julia Kho អ្នក​គ្រប់គ្រង​មូលនិធិ DGGF បាន​លើក​ឡើង​ថា គម្រោង​សិក្សា​ពី​បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​ធ្វើការ​ផ្ដល់​ជា​កម្ចី​ហិរញ្ញវត្ថុ​នេះ បាន​សិក្សា​អស់​រយៈពេល​៣​ខែ​មក​ហើយ និង​គ្រោង​ធ្វើការ​វិភាគ​សម្រេច​ចុង​ក្រោយ​នៅ​ដើម​ឆ្នាំ​២០១៨។ 

កាល​ពី​ពេល​កន្លង​ទៅ មូលនិធិ​ក៏​បាន​ផ្ដល់​ជា​កម្ចី​ហិរញ្ញវត្ថុ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដើម្បី​ធ្វើការ​បញ្ចេញ​ឥណទាន​ទៅ​កាន់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែរ។ ប៉ុន្ដែ ការ​ផ្ដល់​ជូន​នេះ ហាក់បី​ដូចជា​មាន​ការ​ខ្វះ​ចន្លោះ ពោល​គឺ SME ហាក់​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​ទាំង​នោះ។ ដូច្នេះ​ហើយ ទើប​មូលនិធិ​នេះ បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​ប្រឈម​របស់​ម្ចាស់ SME និង​ជំរុញ​ឲ្យ​មាន​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែល​មិនមែន​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដើម្បី​សហការ​គ្នា​ធ្វើ​ការងារ​នេះ។ តែ​យ៉ាង​ណា លោកស្រី​បាន​គូស​បញ្ជាក់​ថា មូលនិធិ DGGF នឹង​មិន​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​នឹង SME នោះ​ទេ។ 

យ៉ាង​ណា​ក៏​ដោយ លោកស្រី​បន្ថែម​ថា ខាង​មូលនិធិ​នេះ​នៅ​មិន​ទាន់​អាច​បង្ហាញ​ពី​ទំហំ​កញ្ចប់​ហិរញ្ញវត្ថុ​ប៉ុន្មាន ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ផ្ដល់​ជូន​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​នៅ​ឡើយ​ទេ ដោយសារ​វា​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ ហើយ​ក៏​កំពុង​រង់ចាំ​មើល​ការ​ដាក់​សំណើ​ស្នើសុំ​ហិរញ្ញវត្ថុ​ពី​សំណាក់​សហគ្រាស​ធុន​តូច​និង​មធ្យម តាមរយៈ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ដៃគូ Emerging Market Consulting។ 

លោកស្រី Julia Kho អះអាង​ថា កញ្ចប់​ថវិកា​ដែល​អាច​នឹង​ផ្ដល់​ជូន​សហគ្រាស​ធុន​តូច​និង​មធ្យម​នោះ នឹង​ត្រូវ​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ជា​ប្រាក់​កម្ចី​មាន​ការ​ប្រាក់​ទាប និង​ការ​បណ្ដាក់​ទុន​វិនិយោគ។

ឧកញ៉ា កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា ប្រសិន​បើ​មូលនិធិ​នេះ​អាច​ចេញ​ជា​ផ្លូវការ​សម្រាប់​ផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​មែន នោះ​គឺ​ជា​រឿង​ប្រសើរ​ណាស់ ព្រោះថា បច្ចុប្បន្ន សហគ្រាស​ធុន​តូច​និង​មធ្យម​ភាគ​ច្រើន​កំពុង​ប្រឈម​នឹង​ការ​ទទួល​បាន​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ ដោយសារ​តែ​ខាង​គ្រឹះស្ថាន​ធនាគារ ក៏​ដូចជា​មីក្រូ​ហិរញ្ញ​វត្ថុ​ មាន​លក្ខខណ្ឌ​ច្រើន មុន​នឹង​ផ្ដល់​កម្ចី​ដល់ SME ដូចជា ការ​ដាក់​ទ្រព្យ​បញ្ចាំ តួយ៉ាង អចលនទ្រព្យ​និង​ផែនការ​អាជីវកម្ម​ជាក់លាក់​ជាដើម។

ឧកញ៉ា កែវ មុំ បាន​បន្ថែម​ទៀត​ថា ក្រៅពី​បញ្ហា​កង្វះ​ហិរញ្ញ​វត្ថុ​នេះ សហគ្រាស​ធុន​តូច​និង​មធ្យម ភាគច្រើន នៅ​មាន​​បញ្ហា​ប្រឈម​នឹង​ការ​​គ្រប់គ្រង​ជាក់​លាក់ ការ​អនុវត្ត​បច្ចេកទេស ​និង​បច្ចេកវិទ្យា​ឲ្យ​ឆ្លើយតប​តាម​ស្ដង់ដារ នៅ​មាន​កម្រិត​នៅ​ឡើយ។ 

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) ដែល​ជា​ដៃគូ​ស្រាវជ្រាវ​របស់​មូលនិធិ DGGF បាន​លើក​ឡើង​ថា កន្លងមក ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើការ​សិក្សា​ជាច្រើន​ជាមួយ​សហគ្រាស​ធុន​តូច​និង​មធ្យម តែ​យ៉ាងណា មូលនិធិ​ហិរញ្ញ​វត្ថុ​នេះ នឹង​ធ្លាក់​មក​ពេល​ណា និង​មាន​ទំហំ​ប៉ុន​ណា​នោះ គឺ​អាស្រ័យ​លើ​ការ​វិភាគ និង​វាយ​តម្លៃ​របស់ DGGF ផ្ទាល់។ 

សូម​ជម្រាប​ដែរ​ថា បើ​តាម​ប្រសាសន៍​របស់​លោក​ជំទាវ​ឧកញ៉ា កែវ មុំ បាន​គូស​បញ្ជាក់​ថា គិត​មក​ទល់​បច្ចុប្បន្ន សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា មាន​ប្រមាណ ៥៧​ម៉ឺន​សហគ្រាស ក្នុង​នោះ សហគ្រាស​ដែល​មាន​ការ​គ្រប់គ្រង​ដោយ​ស្ត្រី​មាន​ជាង ៦០%៕




អត្ថបទបន្ទាប់


ផ្សារម៉ាក្រូ​លក់​បោះ​ដុំ​ទំនិញ​ធំ​ជាង​គេ​នៅ​កម្ពុជា​ បើក​លក់​ជា​ផ្លូវការ​ហើយ! ថ្ងៃ​ដំបូង មនុស្ស​ចូល​ទិញ​យ៉ាង​ច្រើន​កុះករ

ព័ត៌មាន
ទីបំផុត ផ្សារ​ទំនើប​លក់​បោះដុំ​ទំនិញ​ដល់​ទៅជាង ១ម៉ឺន​មុខ ឈ្មោះផ្សារ Makro (ម៉ាក្រូ) ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ថៃ…

អគារខុនដូលំដាប់អន្តរជាតិកម្ពស់៤៣ជាន់ ដែលខ្ពស់ជាងគេនៅក្រុងព្រះសីហនុ បើកលក់ជាផ្លូវការ

ព័ត៌មាន
អគារខុនដូ និងពាណិជ្ជកម្មលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានកម្ពស់រហូត៤៣ជាន់ ស្មើ ១៤៦ម៉ែត្រ ខ្ពស់ជាងគេបង្អស់នៅក្នុងក្រុងព្រះសីហនុ ត្រូវបានសម្ភោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ