ការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន - បញ្ហាដោះស្រាយតៃវ៉ាន់ដោយសន្តិវិធី

ក្រុមប្រទេស G-7 ជំរុញចិនឲ្យជួយបញ្ចប់ការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងឱ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធី


មេដឹកនាំប្រទេស G-7 បានសន្យាថា នឹងគាំទ្រអ៊ុយក្រែន ដរាបណាប្រទេសនេះ ប្រឈមមុខនឹងការឈ្លានពានខុសច្បាប់របស់រុស្ស៊ី ហើយបានដាក់សម្ពាធលើប្រទេសចិនឱ្យដើរតួនាទីក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយផ្សាយចេញកាលពីថ្ងៃសៅរ៍ដែលជាថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់ក្រុមប្រទេស G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។
ក្រុមប្រទេស G-7 ជំរុញចិនឲ្យជួយបញ្ចប់ការឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងឱ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធី

ទន្ទឹមនឹងនេះ ក្រុមប្រទេស G-7 ក៏បានលើកឡើងអំពីបញ្ហាកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង ដែលស្ថិតក្រោមការគំរាមកំហែងរបស់ចិនដែរ ប៉ុន្តែត្រូវចិនឆ្លើយតបវិញយ៉ាងខ្លាំងក្លា។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ក្រុមប្រទេស G-7 ដែលរួមមានអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុបផង បានសន្យាថា នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធ និងការមិនសាបព្រោះអាវុធនុយក្លេអ៊ែ ដើម្បីសម្រេចបាន "គោលដៅចុងក្រោយនៃពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ"។ ការណ៍នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដែលគាំទ្រដោយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលជាតំណាងរាស្ត្រនៅមណ្ឌលបោះឆ្នោត Hiroshima ។ ការសន្យាខាងលើបានកើតឡើងស្របពេលដែលមានការភ័យខ្លាចថារុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសអ៊ុយក្រែនដែលជាអ្នកជិតខាងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G-7 ដែលផ្សាយចេញនៅថ្ងៃសៅរ៍ ក្រោយការមកដល់របស់ប្រធានាធិបតីអ៊ុយក្រែនតែប៉ុន្មាននាទី ក៏បានជំរុញឱ្យចិនដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ស្របពេលដែលមានការអំពាវនាវឱ្យរដ្ឋាភិបាលចិនដឹកនាំដោយបក្សកុម្មុយនិស្ត ដែលចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន ឱ្យដោះស្រាយដោយសន្តិវិធីចំពោះបញ្ហាកោះដែលប្រកាន់របបប្រជាធិបតេយ្យនេះ។

ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសមុទ្រចិនខាងកើតនិងខាងត្បូង ដែលទីក្រុងប៉េកាំងបាននិងកំពុងបង្កើនការទាមទារយកទឹកដី សេចក្តីថ្លែងការណ៍ដដែលនោះបាននិយាយថា មេដឹកនាំក្រុមប្រទេស G-7 "ប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង ឬដោយការបង្ខិតបង្ខំ"។

ទីក្រុងប៉េកាំងបាននឹងកំពុងរិះគន់ក្រុមប្រទេស G-7 ចំពោះការផ្សំគំនិតបង្កើតច្បាប់អន្តរជាតិដោយក្រុមប្រទេសតូចមួយ ហើយបាននិយាយថា ក្រុមប្រទេសទាំងនេះបានជ្រៀតជ្រែកយ៉ាងជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងចិន ដូចជាទាក់ទងនឹងតៃវ៉ាន់ ហើយថាចិនមិនបានចូលរួមក្នុង "ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច"ទេ។

ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃសៅរ៍ទី២០ខែឧសភាដែរថា រដ្ឋាភិបាលក្រុងប៉េកាំង «មិនពេញចិត្ត និងប្រឆាំងដាច់ខាត» ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G-7 ដោយបន្ថែមថា ការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជាបញ្ហាសម្រាប់ប្រជាជនចិនក្នុងការសម្រេចចិត្ត។ ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "គ្មាននរណាម្នាក់អាចមើលស្រាលការប្តេជ្ញាចិត្ត ភាពដាច់ខាត និងសមត្ថភាពរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនឡើយ"។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G-7 បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់សម្ភារៈឧស្សាហកម្មសំខាន់ៗ ដូចជាឧបករណ៍អេឡិចត្រូនិក និងបានចាត់វិធានការចាំបាច់នានា ដើម្បីប្រឆាំងនឹងការរឹតបន្តឹងពាណិជ្ជកម្មជាឯកតោភាគី។

នៅព្រឹកថ្ងៃសៅរ៍ដដែល មេដឹកនាំ G-7 បានយល់ព្រមបង្កើនថាមពលនិងជំនួយអភិវឌ្ឍន៍សម្រាប់ប្រទេសកំពុងរីកចម្រើន ដោយមានការបារម្ភថាចិនកំពុងចូលរួមក្នុង "ការទូតអន្ទាក់បំណុល" ដោយប្រើប្រាក់កម្ចីជាគ្រឿងជំនួយដើម្បីទទួលបានសម្បទានពីប្រទេសអ្នកខ្ចី។

នៅលើផ្នែកសេដ្ឋកិច្ច ក្រុមប្រទេស G-7 បានយល់ព្រមខិតខំរក្សាស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការដួលរលំនៃធនាគារក្នុងតំបន់សំខាន់ៗចំនួនបីរបស់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ ជាអាទិ៍ធនាគារ Silicon Valley, ធនាគារ Signature និងធនាគារ First Republic ៕

ដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលត្រឹមតែជាង ១០លានដុល្លារ ថយចុះ១៤% នៅរយៈពេល៤ខែឆ្នាំនេះ

នៅរយៈពេល ៤ខែឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានចំណូលជាង ១០លានដុល្លារ បានធ្លាក់ចុះរហូត ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ នេ…

ហេតុអ្វីវិស័យទេសចណ៍ ចាំចាច់ត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីបម្រើការ?

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អះអាងថា វិស័យទេសចណ៍ គឺជាវិស័យមួយ ដែលត្រូវការអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់មកបម្រើការ ខណៈអ្នកជំនាញ អះអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ