របាយការណ៍ដដែល បង្ហាញថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជា ឆ្នាំ២០១៦ បានចូលរួមចំណែកជាង ៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប ខណៈឧស្សាហកម្មផ្សេងទៀតចូលរួមជាង ១១ភាគរយ។
វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានកំណើនថមថយបន្តិច កាលពីឆ្នាំ២០១៦ ដែលទំហំនៃការនាំចេញបានធ្លាក់ចុះ ០,១១ភាគរយ។
បើផ្អែកតាមការវាយតម្លៃបឋមនៃសេដ្ឋកិច្ចកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច បង្ហាញថា ឆ្នាំ២០១៦ វិស័យកាត់ដេរចូលរួមចំណែកប្រមាណជាង ៨ភាគរយ ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចលំដាប់ទីបួននៃវិស័យដទៃទៀត ខណៈឧស្សាហកម្មផ្សេងៗទៀត ១១ភាគរយ សំណង់ ១៥ភាគរយ និងឧស្សាហកម្មជាង ១០ភាគរយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែលើកឡើងថា កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេល៣ ឆ្នាំចុងក្រោយនេះ រក្សាបានកំណើនជុំវិញ ៧ភាគរយ គាំទ្រដោយវិស័យឧស្សាហកម្មផ្សេងៗ ប៉ុន្តែ នៅឆ្នាំ២០១៦ វិស័យកាត់ដេរនិងអចលនទ្រព្យ បានថមថយកំណើនបន្តិច ដោយការរឹតបន្តឹងកំណើនឥណទាននៅក្នុងវិស័យធនាគារ ការប្រែប្រួលរបបពាណិជ្ជកម្ម និងការប្រែប្រួលបរិការណ៍តំបន់។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលនឹងជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ សំដៅផ្លាល់ប្តូរពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាបទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារ។
យោងតាមរបាយការណ៍ពីក្រសួងការងារ សហគ្រាសគ្រឹះស្ថានបានបន្តកើនឡើងជាលំដាប់ ជាក់ស្តែងឆ្នាំ២០១៦ សហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១ម៉ឺន១ពាន់១៦៨ គ្រឹះស្ថាន ក្នុងនោះឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១ពាន់១០៧ ដែលមានកម្មករនិយោជិតចំនួនជាង ១លាននាក់ និងបានផ្តល់ការងារដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ ២លាននាក់។
តាមការព្យាករណ៍ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងនោះកំណើនវិស័យកសិកម្មរំពឹងថា នឹងល្អប្រសើរឡើងបន្តិច ហើយដូចគ្នាដែរ វិស័យកាត់ដេរនឹងរើបឡើងជាងឆ្នាំ២០១៦ ដោយឡែក វិស័យសំណង់ និងអលនទ្រព្យនឹងបន្តថមថយដោយមានការកែសម្រួលតម្រូវការឥណទាន៕