លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានអះអាងថា មកទល់ពេលនេះមានរោងចក្រចំនួន១៦២រោងចក្រហើយ ដែលស្ថិតនៅក្នុងតំបន់លឿន ត្រូវបានបើកដំណើរការឡើងវិញ ក្នុងចំណោមរោងចក្រជាង ៣៦០ ដែលបានផ្អាកបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលកាលពីពេលកន្លងទៅ។ ការបើកដំណើរការឡើងវិញនេះ បានជួយឲ្យកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងចំណោមកម្មករជាង៣០ម៉ឺនដែលបានត្រូវបានផ្អាកការងារដោយសារតែបញ្ហាកូវីដ-១៩ បានចូលធ្វើការធ្វើឡើងវិញ។
ពាក់ព័ន្ធការអនុញ្ញាតឲ្យរោងចក្រកាត់ដេរក្នុងតំបន់លឿងអាចបើកឡើងវិញនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអនុញ្ញាតឲ្យរោងចក្រទាំងនោះ ប្រើកម្លាំងពលកម្ម១០០% នោះទេ ពោលគឺអនុញ្ញាតឲ្យប្រើតែ៥០% នៃចំនួនកម្មករសរុបប៉ុណ្ណោះ។ ហើយកម្មករកម្មការិនីត្រូវធ្វើការឆ្លាស់គ្នា២សប្ដាហ៍ម្ដង ដោយកម្មករ ៥០%ធ្វើការពីរសប្តាហ៍ ខណៈ៥០%ទៀត ធ្វើការពីរសប្តាហ៍ដូចគ្នា។ ក្នុងន័យនេះ កម្មករម្នាក់ធ្វើការបានតែពីរសប្តាហ៍ប៉ុណ្ណោះក្នុង១ខែ។
ការកំណត់ឲ្យរោងចក្រនីមួយៗប្រើប្រាស់កម្លាំងពលកម្ម៥០% នៃកម្លាំងពលកម្មសរុបនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាយល់ឃើញថា វាជាវិធានការមួយដ៏ល្អក្នុងការកាត់បន្ថយហានិភ័យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែវាក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ ដ្បិតពួកគេម្នាក់ៗធ្វើការបានតែពីរសប្តាហ៍ក្នុងមួយខែ ខណៈពីរសប្តាហ៍ទៀត ពួកគេត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ជួល។
បញ្ហានេះ អាចធ្វើឲ្យកម្មករមួយចំនួនសម្រេចចិត្តត្រឡប់ទៅរស់នៅស្រុកកំណើតរបស់ពួកគេវិញ ដោយសារចំណូលមិនអាចទ្រទ្រង់ការចំណាយ ដែលអាចបង្កហានិភ័យដល់រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្មនៅថ្ងៃអនាគត។ ជាក់ស្តែង បើយើងក្រឡេកទៅមើលប្រទេសក្បែរខាងវៀតណាមវិស័យកាត់ដេរវាយនភណ្ឌ និងស្បែកជើងប្រទេសនេះ កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្ម ស្របពេលវិស័យនេះកំពុងមានការរីកចម្រើនស្ទុះងើបឡើងវិញក្រោយវិបត្តិកូវីដ-១៩។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
យ៉ាងណាក៏ដោយចុះ សម្រាប់បរិបទកម្ពុជាវិញ លោកកាំង ម៉ូនីកា អះអាងថា បញ្ហាប្រឈមនេះអាចមានរយៈពេលខ្លីប៉ុណ្ណោះ ហើយប្រសិនកម្មករកម្មការិនីទាំងអស់ចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា នោះស្ថានភាពនឹងវិលមករកភាពល្អប្រសើរឡើងវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ។ បើតាមលោក ម៉ូនីកា ការចាក់វ៉ាក់សាំងជូនកម្មករកម្មការិនី គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ខាងមុខនេះ។ លោកបានបន្ថែមថា បញ្ហាចំពោះមុខដែលខាង សមាគមរោងចក្រកាត់ដេរ ត្រូវជួយដល់កម្មករក្នុងអំឡុងពេលនេះ គឺជួយសម្របសម្រួលដល់ភាគីរោងចក្រឲ្យជួយផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករ លើប្រាក់ឈ្មួល ដែលពួកគេទទួលបានពីរសប្តាហ៍ក្នុង១ខែ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថ្មីៗនេះថា សម្រាប់ការអនុញ្ញាតឲ្យរោងចក្រ សហគ្រាសបើកដំណើរការឡើងវិញនេះ គឺគ្មានការបែងចែករវាងកម្មករ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច និងកម្មករមិនទាន់បានចាក់វ៉ាក់សាំងនោះទេ ពោលគឺតម្រូវឲ្យរោងចក្រនីមួយៗទទួលយកកម្មករចូលធ្វើការវិញ ដោយមិនបាច់ទាមទារលិខិតចាក់វ៉ាក់សាំងកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងការងារ ក៏ស្នើឲ្យម្ចាស់រោងចក្រ សហគ្រាសយោគយល់ចំពោះបញ្ហានេះ និងជំរុញឲ្យថៅកែរោងចក្រនីមួយៗបើកប្រាក់ឈ្មួល និងប្រាក់ឧបត្ថម្ភផ្សេងៗនៅពីរសប្តាហ៍ដើមខែមេសា ដែលបានរាំងស្ទះដោយសារវិធានការបិទខ្ទប់ ជូនកម្មករឲ្យបានមុនថ្ងៃទី១៤ ខែឧសភា៕