ការឡើងថ្លៃនេះហាក់ដូចជាមានតម្លៃខ្ពស់ បើប្រៀបជាមួយនឹងតម្លៃប្រេងឥន្ទនៈកាលពីឆ្នាំមុន ដែលតម្លៃស្ថិតក្នុងរង្វង់ប្រមាណ ៣.៥០០រៀលប៉ុណ្ណោះ ក្នុងមួយលីត្រ។
តម្លៃប្រេងឆៅនៅតាមបណ្តាទីផ្សារអន្តរជាតិ គេសង្កេតឃើញថា ក៏មានការងើបឡើងបណ្តើរៗដែរ។ តម្លៃប្រេងឆៅនៅពេលបច្ចុប្បន្ននេះ ស្ថិតក្នុងតម្លៃប្រហែលប្រមាណជិត ៧០ដុល្លារក្នុងមួយបារែល។ ដូច្នេះ ការងើបឡើងថ្លៃវិញនៃតម្លៃប្រេងឆៅនេះក៏ជាកត្តាពាក់ព័ន្ធនឹងមូលហេតុនៃការឡើងថ្លៃតម្លៃប្រេងឥន្ធនៈរបស់កម្ពុជាផងដែរ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីតម្លៃលក់រាយសម្រាប់ស្ថានីយប្រេងឥន្ធនៈបង្ហាញថា តម្លៃប្រេងសាំងដែលត្រូវលក់រាយសម្រាប់ថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា មានតម្លៃ៤ពាន់រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃប្រមាណ ៣.៨៥០រៀល។
ប្រជាពលរដ្ឋដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កដឹកអ្នកដំណើរ បានលើកឡើងថា តម្លៃប្រេងសាំងឡើងថ្លៃនារយៈពេលថ្មីៗនេះ បាននិងកំពុងធ្វើឲ្យពួកគាត់បានថយចុះចំណូលជាងមុន ត្បិតថា ត្រូវចំណាយលើថ្លៃសាំងខ្ពស់ជាងរាល់ដង។
ពួកគាត់ក៏បានសំណូមពរផងដែរ ដល់រាជរដ្ឋាភិបាលឲ្យជួយគិតគូរ ធ្វើយ៉ាងណាសម្រួលឲ្យថ្លៃសាំងអាចធ្លាក់ចុះមកនៅទាបវិញ ពោលគឺប្រមាណ ៣៥០០រៀលក្នុង១លីត្រ ក៏ជាការសមរម្យដែរ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែងចែកផលិតកម្មជាមួយក្រុមហ៊ុន KrisEnergy ដើម្បីអភិវឌ្ឍអណ្ដូងប្រេងលើកដំបូងរបស់ប្រទេសកម្ពុជា ដោយរំពឹងថា កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ២០១៩ ឬឆ្នាំ២០២០ខាងមុខ។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែនិងថាមពលធ្លាប់បានបញ្ជាក់ថា ទិសដៅដំបូងនៃការទទួលបានតំណក់ប្រេងដំបូងកម្ពុជានឹងធ្វើការនាំប្រេងចេញទៅទីផ្សារអន្តរជាតិ ប៉ុន្តែ នៅពេលដែលខ្សែសង្វាក់ឧស្សាហកម្មដំណើរការ កាន់តែល្អសម្រាប់រយៈពេលវែង នោះកម្ពុជាអាចនឹងកសាងបាននូវឧស្សាហកម្មផ្នែកកណ្តាលនិងក្រោមមធ្យម ដែលពាក់ព័ន្ធនឹងប្រព័ន្ធនៃការដឹកជញ្ជូនទិន្នផល ផលិតផលប្រេងនិងរោងចក្រឧស្សាហកម្មកែច្នៃប្រេងកាត ពេលនោះកម្ពុជានឹងមានខឿនសេដ្ឋកិច្ចមួយមានលក្ខណៈពេញលេញ ហើយកម្ពុជាក៏នឹងលែងពឹងលើការនាំចូលប្រេងទាំងស្រុង ពីទីផ្សារអន្តរជាតិដែរ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម គិតត្រឹមឆ្នាំ២០១៦ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ប្រមាណជាង ២លាន២សែនតោន ដែលក្នុងនោះ មានជាង ៣៩០ពាន់តោន ឬស្មើនឹងជិត៣% ជាប្រេងសាំង។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មតែងតែចេញតម្លៃលក់រាយប្រេងឥន្ទនៈដែលរូបមន្តកំណត់តម្លៃត្រូវកំណត់ដោយអន្តរក្រសួងជារៀងរាល់ ១០ថ្ងៃម្តង។ ការកំណត់រូបមន្តសម្រាប់គណនាតម្លៃប្រេងសាំងសម្រាប់លក់រាយនេះ អាចនឹងមានការឡើងចុះទៅតាមការប្រែប្រួលតម្លៃទីផ្សារអន្តរជាតិ។ ប្រសិនបើស្ថានីយប្រេងឥន្ធនៈណា លក់ថ្លៃជាងការកំណត់ក្នុងរូបមន្តនេះ នឹងត្រូវបានទទួលការពិន័យរហូតដល់ ៤លានរៀល៕