ក្នុងនោះ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចំណូលដែលស្ថាប័នជាតិមួយនេះ ប្រមូលបាននៅ៦ខែ មកនេះ មានជាង ១.៤០០ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០០លានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គិតជាកំណើន គឺមាន២៥,៥%។
លទ្ធផលចំណូលនេះ គឺត្រូវនឹងប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយ មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង ជិត៣៤%, អាករពិសេសកើន ជាង ៣១% និងអាករលើតម្លៃបន្ថែម (VAT) កើនជាង ២៨%។
សូមបញ្ជាក់ដែរថា មុខទំនិញជាប្រភពចំណូលគយសំខាន់ៗរួមមាន.យានយន្ត និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប។ ប្រេងឥន្ធនៈ និងថាមពលមានប្រមាណជាង ១៧% នៃចំណូលសរុប និង.ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណជាង ២៩% នៃចំណូលសរុប។
ដោយឡែក បើយើងពិនិត្យទៅមើលចំណូលពន្ធដារ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន នៅ៦ខែឆ្នាំ២០១៩នេះវិញម្ដង ឃើញថា គឺមានខ្ពស់ជាងចំណូលគយបន្ដិច ពោលគឺ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលរហូតដល់ជាង ១.៥០០ លានដុល្លារអាមេរិក ស្មើនឹង៦៧% នៃផែនការប្រចាំឆ្នាំ ពោលគឺបានកើនឡើងប្រមាណ ជាង ៣០០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមការលើកឡើងរបស់ ឯកឧត្តមគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គយកនៃអគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ចំណូលពន្ធទាំងនេះ បានមកពីគ្រប់វិស័យទាំងអស់រួមមានពន្ធលើប្រាក់ចំណេញរបស់សហគ្រាសមានការកើនឡើង ២៧ភាគរយ ពន្ធអាករលើតម្លៃបន្ថែមកើនជាង ៣៦ភាគរយ អាករពិសេសកើនជាង ២៤ភាគរយ ពន្ធលើប្រាក់បៀរវត្សកើនជាង១២ភាគរយ ពន្ធប្រថាប់ត្រាមានការកើនឡើងជាង ៥០ភាគរយ និងពន្ធអាជីវកម្មជួលផ្ទះ និងដីធ្លីកើនឡើង៥៤ ភាគរយ។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និង រដ្ឋាករ និង អគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការកៀរគរប្រមូលចំណូលពន្ធជូនរដ្ឋ។ ស្ថាប័នជាតិ២នេះ បានប្រមូលចំណួលពន្ធ និងអាករផ្សេងៗ បានរហូតដល់ទៅជិត ៥ពាន់លានដុល្លារអាមេរិកឯណោះ ក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានទាំងពីរនេះ៕