ទាក់ទិននឹងរឿងនេះដែរ យោងតាមប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចចង់វេតូជំទាស់ការដេញថ្លៃរបស់ក្រុមហ៊ុនដឹកជញ្ជូនចិន Cosco ដែលចង់ទិញភាគហ៊ុននៅក្នុងស្ថានីយដឹកជញ្ជូនមួយក្នុងចំណោមស្ថានីយទាំងបីនៅក្នុងកំពង់ផែដ៏សំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់ ស្របពេលដែលអធិការបតីអាល្លឺម៉ង់មានការពេញចិត្តយ៉ាងខ្លាំងលើរឿងនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
មែនទែនទៅ ការប្រឆាំងនេះឆ្លុះបញ្ជាំងយ៉ាងច្បាស់ថា អាល្លឺម៉ង់ក្នុងនាមជាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប ចង់ឬមិនចង់ គឺត្រូវកាត់បន្ថយការពឹងផ្នែកខ្លាំងលើប្រទេសចិន បើទោះបីទីក្រុងប៉េកាំងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនក៏ដោយ ដ្បិតថាចាប់តាំងពីការលុកលុយរបស់រុស្សីទៅលើអ៊ុយក្រែនមក អាល្លឺម៉ង់មើលឃើញពីគ្រោះថ្នាក់នៃការពឹងផ្អែកលើរដ្ឋផ្តាច់ការដូចជារុស្ស៊ី និងចិននេះឯង។
ទោះបីជាយ៉ាងណា ចិនបានជំរុញអាល្លឺម៉ង់កុំឲ្យយកបញ្ហានយោបាយមកលាយលំជាមួយទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឬចូលរួមក្នុងយុទ្ធសាស្រ្តគាំពារនិយម ក្រោមហេតុផលសន្តិសុខជាតិ នោះ។
នៅក្នុងអង្គប្រជុំសភាអាល្លឺម៉ង់ដែលទាក់ទិននឹងបញ្ហាសន្តិសុខ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស និងក្នុងស្រុករបស់អាល្លឺម៉ង់បាននិយាយថា ពួកគេមិនអាចធ្វើការវាយតម្លៃជាសាធារណៈអំពីការដេញថ្លៃរបស់ក្រុមហ៊ុនដឹកជញ្ជូនចិន Cosco នេះបានទេ ប៉ុន្តែនឹងជំរុញឱ្យមានការប្រុងប្រយ័ត្នលើរឿងនេះ។
ប្រធានទីភ្នាក់ងារចារកម្មបរទេសអាល្លឺម៉ង់ (BND) លោក Bruno Kahl បានប្រាប់សភាថា «អាល្លឺម៉ង់ត្រូវតែពិនិត្យមើលដោយយ៉ាងយកចិត្តទុកដាក់ឲ្យមែនទែន ចំពោះការចូលរួមរបស់ប្រទេសចិនក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេស។ លោកបានបន្ថែមថា អាល្លឺម៉ង់ត្រូវមានការព្រួយបារម្ភថា ប្រទេសចិនអាចនឹងប្រើប្រាស់បច្ចេកវិទ្យា រួមទាំងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ 5G ឬថាមពលសេដ្ឋកិច្ច ដើម្បីអនុវត្តគំនិតរបស់ខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា៖ «ក្នុងករណីមានជម្លោះនយោបាយរវាងចិននិងអាល្លឺម៉ង់ ឧបករណ៍ទាំងនេះនឹងត្រូវបានប្រើ»។
ដោយឡែក ប្រធានស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អាល្លឺម៉ង់វិញ លោក Thomas Haldenwang បាននិយាយថា ភាគហ៊ុនចិននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសក៏អាចបើកទ្វារ ដែលនាំទៅរកការបំផ្លិចបំផ្លាញ និងជះឥទ្ធិពលលើមតិសាធារណៈផងដែរ។ លោកបាននិយាយយ៉ាងដូច្នេះថា «នៅពេលដែលលោកនិយាយជាមួយដៃគូបរទេសអំពីប្រទេសចិន ពួកគេតែងតែលើកឡើងថា៖ រុស្ស៊ីប្រៀបបានជាព្យុះមួយដែលកំពុងតែបោកបក់ ខណៈប្រទេសចិនប្រៀបដូចជាការប្រែប្រួលអាកាសធាតុ ដូច្នេះហើយយើងនឹងត្រូវត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុនេះក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខតែម្តង»៕