ការអះអាងបែបនេះរបស់ប្រមុខដឹកនាំអាល្លឺម៉ង់ធ្វើឡើងស្របពេលដែល សមាជិកសហភាពអឺរ៉ុបមួយចំនួនហាក់បង្ហាញពីភាពមិនចុះសម្រុងគ្នា លើការដំណោះស្រាយវិបត្តិថាមពល ស្របពេលដែលរដូវរងាកាន់តែជិតចូលមកដល់ ធ្វើឱ្យតម្រូវការថាមពល នឹងកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មានរបស់ស្ថាប័នថាមពលពិភពលោកធ្លាប់បានព្រមានថា អឺរ៉ុបអាចនឹងជួបបញ្ហាខ្វះខាតថាមពលកាន់តែខ្លាំងនៅឆ្នាំក្រោយនេះ ក្រោយអស់ឧស្ម័នពីស្ដុក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបនឹងប្រមូលផ្តុំគ្នានៅទីក្រុងប្រាក សាធារណរដ្ឋឆេក ដើម្បីបន្តពិភាក្សាអំពើគម្រោងយន្តការកំណត់តម្លៃប្រេងរុស្ស៊ី ដែលយកគម្រូតាម G7 និងក៏ដូចជាវិធានការដាក់សម្ពាធផ្សេងៗទៀត ឆ្លើយតបនឹងស្ថានភាពតានតឹងជាងមុន ក្នុងសមភូមិនៅប្រទេសអ៊ុយក្រែន។ ជាក់ស្តែងនៅដើមសប្តាហ៍នេះ រដ្ឋធានីកៀវរបស់អ៊ុយក្រែន បានរងការវាយប្រហារយ៉ាងដំណំដោយមីស៊ីលរុស្ស៊ី ក្រោយស្ងប់ស្ងាត់អស់មួយរយៈ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវដល់ក្រុមប្រទេស G7 ឱ្យគាំទ្រគំនិតរបស់លោក ទប់ស្កាត់ការនាំចេញប្រេង និងឧស្ម័នរបស់រុស្ស៊ីទាំងស្រុង។
ទោះយ៉ាងណា ការពិភាក្សាកន្លងមកលើយន្តការកំណត់តម្លៃប្រេងរុស្ស៊ី ក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប បានជួបបរាជ័យដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងលើតម្លៃជាក់លាក់មួយ។ បរាជ័យក៏ដោយសារតែប្រទេសមហាអំណាចឧស្សាហកម្មធំៗដូចជា អាល្លឺម៉ង់ និងសមាជិកអឺរ៉ុបធំៗផ្សេងទៀតបារម្ភថា វាអាចបង្កការលំបាកដល់ប្រភពផ្គត់ផ្គង់។
អាល្លឺម៉ង់ដែលជាបងធំជាងគេ មានគម្រោងចំណាយដ៏ច្រើនលើសលុបមួយរួចទៅហើយ ដើម្បីការពារពលរដ្ឋរបស់ខ្លួនពីផលប៉ះពាល់ បង្កឡើងដោយតម្លៃថាមពលឡើងថ្លៃ។ ប៉ុន្តែមានការមិនសុខចិត្តក្នុងចំណោមប្រទេសមួយចំនួនក្នុងប្លុកទាំង២៧ប្រទេស ដែលបាននិយាយថា ពួកគេគ្មានលទ្ធចំណាយច្រើនដូចអាល្លឺម៉ង់ ដើម្បីទប់ទល់នឹងបញ្ហាថាមពលឡើយ។ ហេតុនេះប្រទេសដែលក្រីក្រជាងអាល្លឺម៉ង់ ចង់ឱ្យមានការកំណត់តម្លៃថាមពលរុស្ស៊ីជាក់លាក់មួយដែល ថោកជាងមុន ទើបគេអាចដោះស្រាយការផ្គត់ផ្គង់ក្នុងស្រុកសម្រាប់រដូវនេះបាន។
ឆ្លើយតបនឹងការខ្វែងគំនិតនេះ អាល្លឺម៉ង់បានស្នើឱ្យសមាជិកទាំងអស់រួបរួមគ្នា សម្របទៅតាមស្ថានការជាក់ស្តែង។ អាធិកាបតីអាល្លឺម៉ង់ លើកឡើងថា បើសិនជាប្រទេសសហភាពអឺរ៉ុបទាំងអស់គ្នាបន្តឆ្លើយតប និងបត់បែនទៅតាមស្ថានការណ៍ជាក់ស្តែង នោះទាំងអ្នកនយោបាយ ប្រជាជន និងក្រុមហ៊ុនរបស់ប្លុកនេះទាំងមូល នឹងអាចឆ្លងកាត់ការលំបាកនៅរដូវរងានេះបាន។
សូមជម្រាបថា ការដែលគេអាចឆ្លងផុតទុក្ខលំបាកនៅរដូវរងានេះ ជារឿងងាយស្រួលនោះទេ សម្រាប់អាលល្លឺម៉ង់។ ងាយស្រួលក៏ដោយសារតែមកទល់នឹងពេលនេះ អាល្លឺម៉ង់បានរួតរះប្រមូលឧស្ម័នស្ដុកទុក បាន ៩៥%នៃស្តុកបម្រុងរបស់ខ្លួនទៅហើយ។ ចំនួននេះអាចឱ្យអាល្លឺម៉ងប្រើប្រាស់បានពេញមួយរដូវត្រជាក់ខាងមុខ ដោយមិនបាច់បារម្ភ ខណៈប្រទេសតូចៗផ្សេងទៀត ដែលគ្មានលទ្ធភាព និងគ្មានប្រភពថាមពលប្រមូលទុកដូចគេ កំពុងជួបទុក្ខទឹកដល់ច្រមុះបណ្តើរៗ។
ជាក់ស្តែង ប្រទេសអ៊ីតាលី ដែលធ្លាប់ពឹងផ្អែកលើឧស្ម័នរុស្ស៊ីបានស្វះស្វែងបំពេញស្តុកឧស្ម័ន និងធានាការផ្គត់ផ្គង់ពីប្រទេសនៅតំបន់អាហ្វ្រិកជំនួសវិញរួមមានអាល់ហ្សេរីជាដើម។ យ៉ាងណាក៏ដោយ អ៊ីតាលី អាចនឹងជួបការលំបាកនៅឆ្នាំបន្ទាប់វិញពោលគឺនៅឆ្នាំ២០២៣-២០២៤ ដោយសារតែមិនទាន់រកប្រភពរឹងមាំមួយចំនួន ក្នុងការកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ីបាន។
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានអះអាងកាលពីថ្ងៃទី៥តុលាថា តំបន់អឺរ៉ុបអាចប្រឈមមុខនឹងវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរថែមទៀតនៅឆ្នាំ២០២៣ បន្ទាប់ពីតំបន់ដែលកំពុងជួបការលំបាកស្រាប់ហើយនេះ បានចាប់ផ្តើមបង្ហូរឧស្ម័នធម្មជាតិរបស់ខ្លួនចេញពីស្តុកបម្រុងជាដបណ្ដើរៗ ដើម្បីប្រើប្រាស់ទប់ទល់អាកាសធាតុត្រជាក់ក្នុងរដូវរងាឆ្នាំនេះ ខណៈការប្រមែរប្រមូលប្រេងចូលស្ដុកនៅឆ្នាំក្រោយអាចនឹងខ្វះខាតកាន់តែខ្លាំង៕