ការប្រកាសពីឈានជើងឥទ្ធពលយោធា ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាល្លឺម៉ងនេះ ត្រូវបានគេមើលឃើញថា ប្រទេសនេះ កំពុងពួតដៃគ្នាជាមួយប្រទេសលោកខាងលិចឯទៀត ក្នុងការសម្ញែញសាច់ដុំនៅក្នុងតំបន់យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដោយមើលឃើញ និងព្រួយបារម្ភកាន់តែខ្លាំងឡើងពីមហិច្ឆតារបស់ទីក្រុងប៉េកាំង ពិសេសដែនសមុទ្រចិនខាងត្បូងតែម្តង។
គួររលឹកថា កាលពីឆ្នាំមុន ទីក្រុងប៊ែរឡាំងបានបញ្ជូននាវាចម្បាំងរបស់ខ្លួនជាលើកដំបូង ក្នុងរយៈពេលជិត ២០ ឆ្នាំ ទៅកាន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ហើយនៅក្នុងខែសីហានេះទៀតសោត អាល្លឺម៉ង់ក៏បានបញ្ចូនយន្តហោះយោធាចំនួន ១៣ គ្រឿងទៀត ទៅធ្វើសមយុទ្ធរួមគ្នានៅប្រទេសអូស្ត្រាលីផងដែរ។
លោកឧត្តមសេនីយ អេវើហាដ ហ្សូន (Eberhard Zorn) ដែលជាមេបញ្ជាការកំពូលរបស់កងទ័ពអាល្លឺម៉ង់ បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា កងទ័ពជាតិអាលឺម៉ង់ (Bundeswehr) គ្រោងនឹងបញ្ជូនទាហានទៅចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺននៅប្រទេសអូស្ត្រាលីនៅឆ្នាំក្រោយ ខណៈដែលកងទ័ពជើងទឹករបស់ខ្លួននឹងបញ្ជូននាវាចម្បាំងជាច្រើនបន្ថែមទៀត ទៅកាន់ទីនោះនៅឆ្នាំ ២០២៤។
មែនទែនទៅ ប្រទេសអាល្លឺម៉ង់ដែលធ្លាប់ប្រព្រឹត្តកំហុសយ៉ាងធំធេងនៅក្នុងសង្គ្រាមលោកទាំងពីរ បានអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន ដែលភាគច្រើនគឺ ផ្តោតទៅលើទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងទៀត ជាពិសេសជាមួយប្រទេសចិន ដែលនៅក្នុងឆ្នាំ ២០១៦ កន្លងទៅ ប្រទេសទាំងពីរបានក្លាយទៅជាដៃគូពាណិជ្ជកម្មដែលខ្វះគ្នាមិនបាន។
បើទោះជាយ៉ាងណា ប្រទេសដៃគូជិតស្និទ្ធឯទៀតបានអំពាវនាវឲ្យអាល្លឺម៉ង់បង្ហាញពីភាពជាអ្នកដឹកនាំថែមមួយកម្រិតទៀត ឲ្យសមទៅនឹងមាឌរបស់មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុបមួយនេះ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងទ្វីបអឺរ៉ុប និងមានប្រជាជនច្រើនជាងគេផងដែរនោះ។
កាលពីឆ្នាំ ២០២០ ទីក្រុងប៊ែកឡាំងបានប្រកាសពីយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកថ្មី ដោយផ្តោតលើការពង្រឹងសម្ព័ន្ធភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ ដែលចាត់ទុកជាចំណុចរបត់មួយនៃនយោបាយការបរទេសរបស់អាល្លឺម៉ង់។
មួយវិញទៀត ក្រោយពីការឈ្លានពានរបស់រុស្សីនៅខែកុម្ភៈ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានសន្យានឹងដំឡើងការចំណាយទៅលើវិស័យយោធាបន្ថែមទៀតផងដែរ។
នៅពេលទីភ្នាក់ងាររ៉យទ័រសួរថា តើអាល្លឺម៉ង់នៅពេលខាងមុខ អាចនឹងបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដូចសហរដ្ឋអាមេរិកធ្វើដែរឬទេ លោកឧត្តមសេនីយ អេវើហាដ ហ្សូន បាននិយាយថា «វាជាបញ្ហាដ៏រសើបមួយ ដែលមិនអាចសន្មតត្រឹមកម្រិតយោធានោះឡើយ»។
មេបញ្ជាការកងទ័ពអាល្លឺម៉ង់រូបនេះបានបញ្ជាក់ថា «អល្លឺម៉ង់មិនចង់បង្កហេតុណាមួយ ដោយសារវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ប៉ុន្តែវាជាការផ្ញើសញ្ញាដ៏រឹងមាំមួយនៃសាមគ្គីភាពជាមួយសម្ព័ន្ធមិត្ត ហើយអាល្លឺម៉ង់នឹងឈរជាមួយសេរីភាពនៃការធ្វើនាវាចរណ៍ និងការពារសណ្តាប់ធ្នាប់អន្តរជាតិទាំងឡាយ»៕