សមាគមទេសចរណ៍ធុរកិច្ចសកលបានព្យាករណ៍ថា ការធ្វើដំណើរបែបធុរកិច្ចសកល នឹងអាចទទួលបានប្រាក់ចំណូលកើនឡើងមកវិញដូចក្នុងកម្រិតកាលពីឆ្នាំ ២០១៩ ដែលមានប្រមាណ ១,៤៣ ទ្រីលានដុល្លារនោះ គឺត្រូវរង់ចាំដល់ពាក់កណ្តាលឆ្នាំ ២០២៦ឯណោះ។ កំណើននេះ គឺមានការកើនឡើងយឺតជាងការព្យការណ៍កាលពី ខែ វិច្ឆិកា ឆ្នាំមុនទៅទៀត ដោយកាលនោះ សមាគមទេសចរណ៍ធុរកិច្ចសកល បាននព្យារណ៍ថា ចំណូលពីការធ្វើដំណើរបែបធុរកិច្ចនឹងមានដល់ ១,៤៣ទ្រីលានដុល្លារត្រឹមឆ្នាំ ២០២៥។
សមាគមទេសចរណ៍ធុរកិច្ចសកល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរបែបធុរកិច្ចបានជួបប្រទះនឹងបញ្ហាមួយចំនួន ក៏ប៉ុន្ដែ វាបានបង្ហាញពីភាពប្រសើរឡើងបន្តិចម្តងៗពីកម្រិតទាបនៃឆ្នាំ ២០២០ ដែលទទួលបានប្រាក់ចំណូលត្រឹមចំនួន ៦៦១ ពាន់លានដុល្លារ រហូតដល់ទទួលបានចំណូល ១,៤៧ ទ្រីលានក្នុងឆ្នាំ ២០២៦។
លោក Suzanne Neufang នាយកប្រតិបត្តិរបស់សមាគមទេសចរណ៍ធុរកិច្ចសកលបាននិយាយថា កត្តាដែលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោកត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការងើបឡើងវិញនៃការធ្វើដំណើរបែបធុរកិច្ចជាសកលរហូតដល់ឆ្នាំ ២០២៥ ។ ទោះយ៉ាងណា នាយកប្រតិបត្តិរូបនេះបាននិយាយថា ការបន្តកើនឡើងនៃមេរោគកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង បានធ្វើឱ្យមានការងើបឡើងវិញយឺតនៅក្នុងចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ប៉ុន្តែការធ្វើដំណើរបានកើនឡើងវិញជាបណ្ដើរ បន្ទាប់ពីនៅពេលដែលករណី កូវីដ ១៩ បានធ្លាក់ចុះជាសកល។
គួរជម្រាបថា ឧបសគ្គធំៗចំពោះការស្ទុះងើបឡើងវិញពេញលេញនៃការធ្វើដំណើរបែបពាណិជ្ជកម្មសកល រួមមានតម្លៃថាមពលខ្ពស់ កង្វះកម្លាំងពលកម្ម ការបិទខ្ទប់នៃជំងឺកូវីដ១៩ ផលប៉ះពាល់ក្នុងតំបន់ដោយសារសង្គ្រាមនៅអ៊ុយក្រែន និង កង្វល់អំពីនិរន្តរភាពសកល។
យ៉ាងណាក៏ដោយចុះ យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការទេសចរណ៍អន្តជាតិ (UNWTO) បានបង្ហាញថា ទេសចរណ៍អន្តរជាតិជារួម មានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ ជាមួយនឹងការមកដល់របស់អន្តរជាតិជិត ២៥០ លាននាក់ ខណៈបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានចំនួន ៧៧ លាននាក់ មានន័យថា វិស័យទេសចរណ៍បានស្ទុះងើបឡើងវិញស្ទើរតែជាង ៤៦% នៃកម្រិតមុនការរាតត្បាតនៃជំងឺកូវីត ១៩ ឆ្នាំចុងឆ្នាំ ២០១៩៕