សេវាទូរសព្ទ និងអ៊ិនធើណិតនៅក្នុងបុរី

បុរីនីមួយៗត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតយ៉ាងតិច៣ក្រុមហ៊ុន តខ្សែបណ្តាញចូល


ក្រោយលុបបំបាត់មិនឲ្យមានសិទ្ធិផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតផ្តាច់មុខនៅតាមបុរី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានកំណត់ឲ្យបុរីនីមួយៗ យ៉ាងហោចត្រូវមានក្រុមហ៊ុនផ្តល់សេវាទូរសព្ទ និងអ៊ិនធើណិតយ៉ាងតិច៣ក្រុមហ៊ុន តបណ្តាញចូល ដើម្បីផ្តត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ការកំណត់បែបនេះ ធ្វើឡើងដើម្បីបង្កើនគុណភាពការផ្តល់សេវា និងការប្រកួតប្រជែង ក៏ដូចជាផ្តល់ជម្រើសកាន់តែសម្បូរបែបដល់ប្រើប្រាស់។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចាត់ក្រុមការងារ ចុះត្រួតពិនិត្យវឌ្ឍន៍ភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី​ ប៉េង​ ហួត​ និងស្វែងយល់ពីមតិយោបល់ប្រជាពលរដ្ឋ រូបភាព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ បច្ចុប្បន្នក្រុមការងារទាំង៨របស់ក្រសួងកំពុងធ្វើការជាមួយម្ចាស់បុរី ដែលមកទល់ពេលនេះមានជាង៦០បុរីហើយ ដើម្បីសិក្សាបច្ចេកទេស និងវាស់គុណភាពសេវា។ ជាមួយគ្នានេះក្រសួងបន្តស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍ស្រូបសវា ឬបង្កើនសេវា ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការវាស់ស្ទង់សេវារបស់អាជ្ញធរ។

ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍បានកំណត់ឲ្យបុរីនីមួយៗត្រូវអនុញ្ញាតឲ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទ និងអ៊ិនធើណិតតខ្សែបណ្តាញចូលយ៉ាងតិចចំនួន៣ ក្រុមហ៊ុន ដើម្បីបង្កើនគុណភាពសេវាដល់អ្នករស់នៅតាមបុរី។ ការកំណត់បែបនេះ ដោយសារក្រសួងចង់ផ្តល់ជម្រើសកាន់តែសម្បូរបែបដល់អ្នកប្រើប្រាស់ ក៏ដូចជាចង់ឲ្យប្រតិបត្តិការមានការ ប្រកួតប្រជែងគ្នាកាន់តែខ្លាំងក្នុងការផ្តល់សេវាទាំងលើគុណភាព និងតម្លៃ។

ទន្ទឹមនឹងដាក់កំហិតក្នុងការតខ្សែបណ្តាញទូរសព្ទ និងអ៊ិនធើណិតចូលក្នុងបុរីនេះ ក្រសួងប្រៃសណីយ៍កាលពីពេលកន្លងទៅ ក៏បានលុបមិនឲ្យមានការផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករក្នុងការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតនៅតាមបុរីផងដែរ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម លីវ សុផាណារិទ្ធិ បច្ចុប្បន្នក្រុមការងារជំនាញទាំង៨របស់ក្រសួងបាននិងកំពុងធ្វើការជាមួយម្ចាស់បុរីជាង៦០ ដើម្បីត្រួតពិនិត្យលើបញ្ហាបច្ចេកទេសផ្សេងៗ ក៏ដូចជាវាស់ស្ទង់កម្រិតគុណភាពសេវានៅតាមបុរីទាំងនោះ។ ការងារដែលក្រសួងត្រូវធ្វើបន្តបន្ទាប់ពីកិច្ចការទាំងនេះ គឺការរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ចូលទៅក្នុងបុរី ដើម្បីឲ្យប្រតិបត្តិករអាចមានលទ្ធភាពក្នុងការផ្តល់សេវានៅតាមបុរីទាំងនោះ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រោយការចុះសិក្សា និងវាស់ស្ទង់កម្រិតគុណភាពមួយរយៈកន្លងទៅ មកទល់ពេលនេះក្រសួងប្រៃសណីយ៍បានរៀបចំខ្សែបណ្តាញអុបទិកចូលទៅក្នុងបុរី និងបានដំឡើងបង្គោលអង់តែននៅតាមបុរីមួយចំនួននៅរាជធានីភ្នំពេញផងដែរ។ ជាមួយគ្នានេះឯកឧត្តម លីវ សុផាណារិទ្ធិ បន្តស្នើឲ្យប្រជាពលរដ្ឋរស់នៅតាមបុរីចូលរួមសហការតាមរយៈការបញ្ឈប់ការប្រើឧបករណ៍បង្កើនសេវា ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលនៃការវាស់ស្ទង់។

គួររំលឹកថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់កាលពីពេលកន្លងមកថា ក្រុមហ៊ុន ឬប្រតិបត្តិករមានពេលចំនួន១០ខែ ក្នុងការកែលម្អ និងពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតរបស់ខ្លួនឲ្យស្របតាមស្តង់ដារតម្រូវរបស់ក្រសួង សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងករណីក្រសួងរកឃើញក្រុមហ៊ុនទាំងនោះបន្តផ្តល់សេវាមិនត្រឹមត្រូវក្រោយរយៈពេលកំណត់ នោះពួកគេអាចនឹងរងការពិន័យ។

បើតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ បច្ចុប្បន្នកម្ពុជាមានប្រតិបត្តិករទូរគមនាគមន៍ចំនួន៦៩ ក្នុងនោះមាន៥ជាប្រតិបត្តិករទូរសព្ទចល័ត, ៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និង៥ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចល័តជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តជាង១៧លាននាក់, សេវាទូរសព្ទអចល័តជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័តជាង៣១ម៉ឺននាក់៕




អត្ថបទបន្ទាប់


មហាយក្សចិនកំពុងនាំមុខគេក្នុងពិភពលោក លើការចំណាយវិនិយោគថាមពលកកើតឡើងវិញ

ព័ត៌មាន
ប្រទេសចិនកំពុងនាំមុខគេក្នុងពិភពលោក សម្រាប់ការចំណាយវិនិយោគលើថាមពលកកើតឡើងវិញ។ ជាក់ស្ដែង ការវិនិយោគជាសាកលលើថាមពលកកើតឡើងវិញបានកើនឡើង…

ការធ្វើដំណើរបែបធុរកិច្ចសកលលោកអាចងើបឡើងបានពេញលេញឡើងវិញនៅឆ្នាំ២០២៦

ព័ត៌មាន
បើយោងតាមការព្យាករណ៍សមាគមទេសចរណ៍ធុរកិច្ចសកល ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៥ ខែ សីហា បានបង្ហាញថា ការកើនឡើងអតិផរណា បញ្ហាខ្សែចង្វាក់ផ្គត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ