របាយការណ៍ទាក់ទងនឹងផលប៉ះពាល់នៃកូវីដ-១៩ ចំពោះប្រទេសតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ ស្ដីពីការរីកសាយនៃការរាតត្បាតមេរោគនៅឆ្នាំ២០២១ បានធ្វើការប៉ាន់ប្រមាណថា នៅឆ្នាំ២០២០ និងឆ្នាំ២០២១ គឺពិភពលោកទាំងមូលសុទ្ធតែមានការខាតបង់។ តួយ៉ាង នៅឆ្នាំ២០២០ ផលប៉ះពាល់សកលនៃ ការរីករាលដាលនៃមេរោគ ត្រូវបានប៉ាន់ស្មានថា នឹងមានចន្លោះពី ៤,៨ទ្រីលានដុល្លារ ទៅដល់ ៧,៤ ទ្រីលានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ៥,៥% ទៅ ៨,៧% នៃ GDP សកលោក។ ដោយឡែក នៅឆ្នាំ២០២១ ផលប៉ះពាល់ នឹងបន្ដមាន ចន្លោះពី ៣,១ទ្រីលានដុល្លារ ទៅដល់ ៥,៤ ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ៣,៦% ទៅ ៦,៣% នៃGDP សកលោក។ ដូច្នេះ បើសរុបទាំងឆ្នាំ២០២០ និងឆ្នាំ២០២១ ចូលគ្នាឃើញថា តួលេខនៃការខាតបង់របស់ពិភពលោកដោយសារតែវិបត្តិកូវីដ-១៩ អាចនឹងមានដល់ទៅជិត ១៣ ទ្រីលានដុល្លារអាមេរិក។
បើតាមធនាគារ ADB នៅឆ្ន២០២១ ប្រទេសកំពុងអភិវឌ្ឍចំនួន ៤៦ ក្នុងតំបន់អាស៊ី អាចខាតបង់ពី ៨៤៤ ពាន់លានដុល្លារអាមេរិក ទៅដល់ជិត ១,៥ ទ្រីលានដុល្លារអាមេរិក ដែលក្នុងនោះ អាស៊ីខាងត្បូង និងប្រទេសពឹងផ្អែកលើវិស័យទេសចរណ៍ ទទួលរងគ្រោះខ្លាំងជាងគេបង្អស់។ សម្រាប់ប្រទេសតំបន់អាស៊ីអាគ្នេយ៍វិញ អាចនឹងខាតបង់ ៣២២ ពាន់លានដុល្លារ។ ដោយឡែក សហរដ្ឋអាមេរិក ដែលជាប្រទេសមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេបំផុតនោះ អាចនឹងខាតបង់ប្រមាណ ១,២ ទ្រីលានដុល្លារអាមេរិក ខណៈដែលអឺរ៉ុបអាចនឹងខាតបង់ដល់ប្រមាណជិត ១,៧ទ្រីលានដុល្លារអាមេរិក៕