ស្ថាប័នសិក្សា និងព្យាករសេដ្ឋកិច្ចពិភពលោក Oxford Economics ដែលមានមូលដ្ឋាននៅអង់គ្លេសបានប៉ាន់ប្រមាណដោយផ្អែកលើមូលដ្ឋានដែលខ្លូនបានប្រមូលថា តម្លៃស្បៀងអាហារពិភពលោកអាចនឹងធ្លាក់ចុះនៅចុងឆ្នាំ២០២៤នេះ។ ស្ថាប័ននេះបានព្យាករថា ប្រជាពលរដ្ឋនៅទូទាំងពិភពលោកនឹងទទួលបានភាពធូរស្រាលឡើងវិញពាក់ព័ន្ធស្បៀងអាហារ តែសម្រាប់អ្នកផលិត និងអ្នកនាំចេញដែលតាមមិនទាន់សភាពការណ៍អាចនឹងជួបបញ្ហា។
ស្ថាប័នដែលផ្តល់ប្រឹក្សាសេដ្ឋកិច្ចមួយនេះ បានសរសេរនៅក្នុងកំណត់សម្គាល់ថ្មីៗមួយថា ការព្យាករមូលដ្ឋានរបស់ខ្លួន គឺសម្រាប់តម្លៃទំនិញម្ហូបអាហារពិភពលោក ក្រោយពេលដែលតម្លៃស្បៀងបានដាក់បន្ទុក និងសម្ពាធដល់ដល់ប្រជាពលរដ្ឋជុំវិញពិភពលោក។ បើតាមស្ថាប័ននេះកត្តាជំរុញដ៏សំខាន់ ដែលនៅពីក្រោយនៃការធ្លាក់ចុះតម្លៃទំនិញ និងស្បៀងអាហារនៅចុងឆ្នាំនេះ គឺដោយសារការកើនឡើងការផ្គត់ផ្គង់ដំណាំសំខាន់ៗ ជាពិសេសស្រូវសាលី និងពោត ដែលសល់នៅក្នុងស្តុក។
ក្រោយតម្លៃស្បៀងនៅលើពិភពលោកបានហក់ឡើងខ្ពស់ បន្ទាប់ពីរុស្ស៊ីហ៊ុំព័ទ្ធការនាំចេញស្រូវសាឡី និងពោតពីអ៊ុយក្រែន កសិករនៅជុំវិញពិភពលោកបានបង្កើនផលិតកម្មទាំងស្រូវសាឡី និងពោត ដែលនាំឲ្យកសិផលទាំងនេះអាចនៅសល់ក្នុងស្តុកច្រើននៅឆ្នាំនេះ។
លោក គីរ៉ាន អាហ្វមេត (Kiran Ahmed) អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅ Oxford Economics បាននិយាយថា ទោះបីគំនិតផ្តួចផ្តើមនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅដួលរលំកាលពីខែកក្កដា ឆ្នាំមុនក៏ដោយ ក៏ការនាំចេញកសិផលរបស់អ៊ុយក្រែន បាននិងកំពុងដំណើរការល្អ។ ជាមួយគ្នានេះ ការនាំចេញស្រូវសាលីរបស់រុស្ស៊ី ក៏កំពុងជន់ជោរនៅលើទីផ្សារអន្តរជាតិ ដែលអាចធ្វើតម្លៃមានភាពល្អប្រសើរផងដែរ។
ប្រភពដដែលបានបន្តថា នៅពេលនេះតម្លៃស្រូវសាលី និងពោតបានធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះ តម្លៃអង្ករដែលកំពុងកើនឡើង ទំនងជាមិនអាចបន្តកើនឡើងទៀតនោះឡើយ។ លោក អាហ្វមេត រំពឹងថា តម្លៃស្បៀងអាហារនឹងធ្លាក់ចុះបន្ថែមទៀតដល់ជិត៦% នៅឆ្នាំនេះ៕
ដោយៈ សរ សុជាតិ