តម្លៃមាស

តើតម្លៃមាសអាចហក់ឡើងមកវិញឆាប់ៗទេ ក្រោយដាំក្បាលចុះយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយ?


តម្លៃមាសនៅលើទីផ្សារសកលបានបន្តដាំក្បាលចុះយ៉ាងគំហុក ដោយធ្លាក់ចុះមកត្រឹម ៤,៥៩៦ដុល្លារក្នុងមួយអោន ឬប្រមាណ៥,៥៣៨ដុល្លារក្នុងមួយតម្លឹងនៅលើទីផ្សារកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ការធ្លាក់ចុះយ៉ាងគំហុកនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា បណ្ដាលមកពីឥទ្ធិពល នៃការហក់ឡើងនៃតម្លៃប្រេង និងភាពរឹងមាំនៃសន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក ចំពេលវិបត្តិមជ្ឈិមបូព៌ាកំពុងឡើងកម្ដៅ។
តម្លៃមាស
ដោយ

លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិបានវាយតម្លៃថា មូលហេតុចម្បងដែលធ្វើឱ្យមាសបាត់បង់តម្លៃ គឺដោយសារការរំខានដល់ការផ្គត់ផ្គង់ថាមពលតាមរយៈការបិទច្រកសមុទ្រ Hormuz។ កត្តានេះបានរុញច្រានឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ស្របពេលដែលកិច្ចចរចាសន្តិភាពរវាងវ៉ាស៊ីនតោន និងតេអេរ៉ង់ នៅមិនទាន់មានពន្លឺវិជ្ជមាន។ ទោះជាយ៉ាងណា លោកយល់ឃើញថា នេះគឺជាឱកាសមាសសម្រាប់អ្នកវិនិយោគរយៈពេលវែង ទោះបីជាបច្ចុប្បន្នទីផ្សារមាសកំពុងធ្លាក់ចុះ ប៉ុន្តែវានឹងវិលត្រឡប់មកវិញនៅពេលវិវត្តន៍នយោបាយពិភពលោកប្រែប្រួល។ យ៉ាងណាមិញអ្នកជំនាញរូបនេះរំពឹងថា តម្លៃមាសអាចនឹងហក់ឡើងដល់ជាង៦,០០០ដុល្លារក្នុង១តម្លឹងវិញនៅមុនដាច់ឆ្នាំ២០២៦។

ជាមួយគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង យល់ឃើញថា ការធ្លាក់ចុះតម្លៃហាងឆេងមាសនាពេលនេះ គឺបង្កឡើងដោយសារការហក់ឡើងនៃតម្លៃប្រេង និងការកើនឡើងតម្លៃប្រាក់ដុល្លារ ព្រមទាំងទំនុកចិត្តរបស់អ្នកវិនិយោគងាកទៅរកទីផ្សារប្រេង។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ តម្លៃហាងឆេងមាសអាចនឹងមានការធ្លាក់ចុះថែមទៀតមុននឹងងើបមកឡើងមកវិញនៅអំឡុងពាក់កណ្ដាលឆ្នាំ ឬចុងឆ្នាំនេះ។

ដោយឡែក ម្ចាស់ហាងលក់មាស ពេជ្រ ទី មង្គល បានឱ្យដឹងថា ក្រោយតម្លៃហាងឆេងមាសមានការធ្លាក់ចុះ សកម្មភាពទិញលក់នៅហាងរបស់លោកហាក់មានភាពស្ងប់ស្ងាត់ជាងមុនបន្តិច ព្រោះពួកគេអាចនៅរង់ចាំការធ្លាក់ចុះតម្លៃមាសថែមទៀត។ តែយ៉ាងណាអាជីវកររូបនេះលើកឡើងថា អ្នកវិនិយោគមាសនឹងចាប់ផ្ដើមមានសកម្មភាពឡើងវិញនៅពេលណាពួកគេទទួលបានព័ត៌មាន ឬដំណឹងណាមួយពីស្ថានភាពប្រសើរឡើងរបស់ពិភពលោក។ បើតាមម្ចាស់ហាងលក់មាស ពេជ្រ ទី មង្គល ស្ថានភាពទីផ្សារមាសនាពេលនេះ គឺជាពេលសម្រាប់អ្នកវិនិយោគ តែត្រូវចេះកំណត់ផលចំណេញឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងហានិភ័យ។

គួរជម្រាបថា តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជាកាលពីចុងខែមករា ឆ្នាំ២០២៦ បានហក់ឡើងដល់៦,៨០០ដុល្លារក្នុងមួយតម្លឹង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមិនធ្លាប់មានកន្លងមក តែបានធ្លាក់ចុះវិញមកនៅត្រឹមប្រមាណ៥,៥៣៨ដុល្លារក្នុង១តម្លឹងនៅចុងខែមេសានេះ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើកម្ពុជា ត្រូវកែទម្រង់អ្វីខ្លះ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាដែលកំពុងគំរាមកំហែងដល់ចរន្តសេដ្ឋកិច្ចជាតិ?

​​ចរន្តសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ នេះ កំពុងស្ថិតក្រោមសម្ពាធនៃវិបត្តិធំៗ៣ រួមមានភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃ យុទ្ធនាការបង្ក្រាបបទល្មើ…

AMRO ព្រមានពីបញ្ហាប្រឈម និងផ្តល់យុទ្ធសាស្ត្រគន្លឺះ៣ចំណុចដល់កម្ពុជា ដើម្បីពង្រឹងភាពធន់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ នៃវិបត្តិសកល

ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) បានវាយតម្លៃខ្ពស់ចំពោះភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ ប៉ុន្តែបានដាស់តឿនថា សម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ