បច្ចុប្បន្នភាព EBA

សមាគមរោងចក្រកាត់ដេរ កម្ពុជា «ក្រើនរំឭកជាថ្មីម្ដងទៀត» អំពីហានិភ័យជុំវិញការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA


សមាគមរោងចក្រកាត់ដេរកម្ពុជា បានព្រមានជាថ្មីម្ដងទៀត អំពីហានិភ័យដែលអាចកើតមានឡើងជុំវិញនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដែលវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងបាត់បង់ការងាររាប់ម៉ឺនកន្លែងផងដែរ បើ EBAនេះ ពិតជាត្រូវបានដក ឬព្យួរមែន។ នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិ Reuters ដែលបាន​ផ្សាយ​កាលពីថ្ងៃទី ៤ វិច្ឆិកា ឆ្នាំ២០១៩ ដោយបាន​សម្ភាសថ្នាក់ដឹកនាំជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា និងអ្នកពាក់ព័ន្ធសំខាន់ៗ​​ក្នុងវិស័យនេះ​ជាច្រើននាក់ទៀត។
ក្រោម​កម្មវិធី​អនុគ្រោះពន្ធ EBA កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែកជើង​ទៅ​អឺរ៉ុប​មួយឆ្នាំ​ៗ ជាច្រើនពាន់លានដុល្លារ។
ដោយ

លោក Ken Loo អគ្គលេខាធិការសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាននិយាយ​នៅក្នុង​សារព័ត៌មាន Reuters ថា តម្លៃនៃការ​នាំចេញ​​ទៅកាន់​អឺរ៉ុប បានធ្លាក់ចុះ​ប្រហែល​៦០០ លាន​ដុល្លារអាមេរិក ក្នុងរយៈពេល ពាក់កណ្ដាល​ឆ្នាំ២០១៩នេះ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

លោក Ken Loo បាន​និយាយ​នៅក្នុងសារព័ត៌មាន Reuters យ៉ាងដូច្នេះថា «យើងអាចឃើញ​ពីផលប៉ះពាល់ហើយ គ្រាន់តែ​ជាការ​គំរាមកំហែង​នៃ​ដកប៉ុណ្ណោះ»។ លោកបន្តថា តាមការ​ព្យាករ នឹងមានការ​ងារ​ជាច្រើន​អាចបាត់បង់​ចាប់ពី​​ត្រីមាសទី​២​នៅឆ្នាំ២០២០ បើសិន​ ជាការអនុគ្រោះ​ផ្នែកពាណិជ្ជកម្ម​ពិតជាត្រូវបានដកមែន។

ខេមបូណូមីស បាន​ទាក់ទង​ទៅកាន់​លោក Ken Loo ដើម្បី​សាកសួរ​ព័ត៌មានបន្ថែមដែរ ប៉ុន្ដែ​លេខ​ទូរស័ព្ទរបស់លោក​មិនអាច​ទាក់ទងបានទេ នៅថ្ងៃទី ៥ វិច្ឆិកានេះ។ 

យ៉ាងណាក៏ដោយចុះ មន្ត្រីនាំពាក្យ​រាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​លើកឡើង​ថា បញ្ហា ​EBA នេះក្រុមការងារបច្ចេកទេស​ផ្នែកពាណិជ្ជកម្ម នៅតែបន្តចរចា​ជាមួយ​សហភាពអឺរ៉ុប ហើយទន្ទឹម​នឹងនោះ កម្ពុជា​ក៏បានិងកំពុង​ស្វែងរកទីផ្សារថ្មីៗ​បន្ថែមទៀត និងខិតខំ​ពង្រឹងនូវវិស័យដទៃទៀត ក្រៅតែពីវាយ​នភណ្ឌផងដែរ។

ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា ត្រូវបានគេមើលឃើញថា គឺវិស័យដ៏ចម្បងមួយ ដែលផ្ដល់ឱកាស​ការងារ​ ច្រើនបំផុត និងបាន​ផ្ដល់ចំណូលប្រមាណ ៧ ពាន់លាន​ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ប៉ុន្ដែ វិស័យនេះ វា​ប្រឈម​នឹងភាពមិនច្បាស់លាស់ បន្ទាប់ពី​សហភាពអឺរ៉ុប នៅឆ្នាំនេះ បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធីព្យួរ​ ប្រព័ន្ធ អនុគ្រោះពន្ធ EBAនេះ ដែលគេអាចនឹងឃើញ ពីការកំណត់​យក​ពន្ធគយឡើងវិញ នៅខែសីហា​ឆ្នាំក្រោយ។ នេះបើតាមការ​គូសបញ្ជាក់​របស់​សារព័ត៌មាន Reuters ។

សភាពាណិជ្ជកម្មអឺរ៉ុប ប៉ាន់ប្រមាណថា ការងារ​ចំនួន​៩ម៉ឺន​កន្លែង​អាចនឹង​ប្រឈម​ហានិភ័យ ប្រសិនបើ​សហភាពអឺរ៉ុប ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ​ពីកម្ពុជា។

សហភាពអឺរ៉ុប គឺជា​ដៃគូពាណិជ្ជកម្ម​ពាណិជ្ជកម្ម​ធំបំផុតមួយរបស់កម្ពុជា ដែលមានប្រមាណ ៤៥% នៃការនាំចេញ​សរុប​កាលពីឆ្នាំ​២០១៨។ រោងចក្រកាត់ដេរ​ កម្ពុជា​បាន​ផ្ដល់ការងារ​ដល់​កម្មករ​ប្រមាណ​៧០ម៉ឺននាក់ ហើយវិស័យនេះ ក៏មានចំណែក​ទីផ្សារ​នាំចេញ​ដ៏ធំ​ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ដែលមានប្រមាណ​៥,៥ ពាន់លាន​ដុល្លារអាមេរិក។

ត្រូវបាន​ស្រង់​សម្ដី ដោយ សារព័ត៌មាន Reuters លោក David Savman ប្រធាន​ផ្នែកផលិតកម្ម​នៃក្រុមហ៊ុន H&M បាន​និយាយថា ក្រុមហ៊ុន​អាច​នឹង​ធ្វើ​អាជីវកម្ម​តិច​នៅកម្ពុជា បើ​អត្ថប្រយោជន៍​ពាណិជ្ជកម្ម​ត្រូវបាន​បញ្ចប់ ហើយប្រទេសចិន និងឥណ្ឌូនេស៊ី នឹងត្រូវចាត់ទុកជា​ប្រភព​ជំនួស។

លោក David បាន​និយាយទៀតថា ក្រុមហ៊ុន H&M ដែលមានរោងចក្រ​ប្រហែល​៥០ នៅកម្ពុជា បានមាន​យុទ្ធសាស្ត្រ​ចាកចេញ​រួចហើយ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ផ្គត់ផ្គង់​របស់ខ្លួន​ផ្លាស់ប្តូរ​ទៅ​រក​អ្នកទិញថ្មី។ 

លោក សៅ សឺ លូ នាយក​គ្រប់គ្រងធនធាន នៃក្រុមហ៊ុន Primark ប្រចាំ​ប្រទេសចិន​និងអាស៊ីអាគ្នេយ៍ ដែលមាន​រោងចក្រ​ប្រហែល ២០ នៅកម្ពុជា បាននិយាយប្រាប់​សារព័ត៌មាន Reuters ដែរថា ការបន្ត​នៅជាមួយ​ប្រទេស​ដែលមាន​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គឺជា​ការប្រឈម​ធំ។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​អះអាងថា ជាការពិតណាស់ កម្ពុជា​បានទទួល​ប្រយោជន៍​ច្រើន​ពីប្រព័ន្ធអនុគ្រោះពន្ធ​នាំទំនិញ​ទៅអឺរ៉ុប ប៉ុន្ដែ យើង​ក៏ត្រូវដឹងថា ប្រព័ន្ធអនុគ្រោះពន្ធនេះ វា​មិនអាច​ស្ថិត​នៅជាមួយកម្ពុជា​បាន​រៀងរហូតទេ ព្រោះវា​មានតែ​សម្រាប់​ប្រទេស​មានការអភិវឌ្ឍ​តិចតួចប៉ុណ្ណោះ ដូច្នេះ នៅពេល​ដែលកម្ពុជា​ឆ្លងផុតឋានៈនេះហើយ នោះ​វា​នឹង​ត្រូវបាន​បាត់បង់​ដោយស្វ័យប្រវត្តិ។

រាជរដ្ឋាភិបាល កម្ពុជា នាពេល​កន្លងមក ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅ​ជាច្រើន​ផងដែរ ដោយរំពឹង​ថា នឹង​កាត់បន្ថយការ​ចំណាយ​នានា​របស់វិស័យ​ឯកជ។ តាមរយៈ កំណែទម្រង់​ក្នុងដំណាក់កាល​ដំបូងនេះ រាជរដ្ឋាភិបាលអះអាងថា វិស័យឯកជន​នឹងចំណេញ ប្រមាណ​៤០០ លាន​ដុល្លារអាមេរិក៕ 

None



អត្ថបទបន្ទាប់


សហរដ្ឋ​អាមេរិក​អន្ទង​​តំបន់​ ឥណ្ឌូប៉ាស៊ីហ្វ៊ិក ឲ្យ​ងាក​មក​មើល​ការវិនិយោគ​​របស់​ខ្លួន

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​គណៈប្រតិភូ​ពាណិជ្ជ​កម្ម​ជាន់ខ្ពស់ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​អាមេរិក លោក Wilbur Ross (វីលប៊ើ រ៉ស…

ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​តាម​ព្រំដែន ខណៈ​ថ្ងៃ​៩ វិច្ឆិកា ខិត​កាន់​តែ​ជិត​មកដល់

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី៤ ខែ​វិច្ឆិកា ថា មាន​ការ​ចល័ត​និង​ហ្វឹកហ្វឺន​កម្លាំង​ទ័ព​នៅ​តាម​ព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ