លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានឲ្យដឹងថា ការពន្យារពេលបើករំលឹកប្រាក់អតីតភាពនេះ មានសារៈសំខាន់ណាស់ចំពោះភាគីនិយោជកនៅក្នុងអំឡុងពេលវិបត្តិនេះ។
លោកបញ្ជាក់យ៉ាងដូច្នេះថា« យើងគិតថា វាមានសារៈសំខាន់ណាស់ ដោយជួយសម្រួលបានមួយផ្នែកដល់និយោជក ដើម្បីតស៊ូក្នុងគ្រាដ៏លំបាកនេះ ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ មិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា»។
លោកបានបន្តថា នៅក្នុងកាលៈទេសៈនៃវិបត្តិនេះ ក្រុមហ៊ុនភាគច្រើនកំពុងតែប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ដូច្នេះ ការពន្យារពេលនៃការបើកប្រាក់អតីតភាពនេះ ពិតជាចាំបាច់ក្នុងការសង្គ្រោះរោងចក្រសហគ្រាសទាំងនោះ នាពេលនេះ។
ដោយឡែកខាងតំណាងសហជីពកម្មករវិញយល់ឃើញថា ការសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ គឺធ្វើឡើងដោយមិនមានការជជែកជាមួយសហជីព ឬកម្មករនោះទេ ដែលវាអាចនឹងប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ជីវភាពរបស់កម្មករនិយោជិត ដែលបានព្យួរការងារ។
លោក អាត់ ធន ប្រធានសហភាពការងារបានលើកឡើងថា «យើងអត់ចង់ឲ្យពន្យារទេ ព្រោះលុយនេះ ក៏មិនច្រើនប៉ុន្មានដែរ តែអាចជួយដល់កម្មករខ្លះដែរ អញ្ចឹងយើងស្នើដល់រដ្ឋាភិបាលពិចារណាលើការចេញសេចក្តីសម្រេចផ្សេងៗ ពិសេសការពន្យារការបើកលុយឲ្យកម្មករហ្នឹង មិនគួរពន្យារនោះទេ»។
ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករវិញ បានឲ្យដឹងដែរថា «ក្នុងស្ថានភាពនេះ បងប្អូនកម្មករនិយោជិត ដែលកំពុងតែព្យួរការងារជាង១០ម៉ឺននាក់ហ្នឹង ប្រាកដជារងផលប៉ះពាល់កាន់តែធ្ងន់ ដោយសារតែការព្យួរការងារ គាត់ទទួលបានប្រាក់ឧបត្ថម្ភតិចតួច ហើយប្រសិនបើពន្យារបើកប្រាក់អតីតភាពហ្នឹងទៀត វានឹងធ្វើឲ្យកម្មករនឹងកាន់តែពិបាក»។
សហជីពកម្មករទាំង២នាក់នេះ នៅតែទទូចដល់ក្រសួងការងារ សូមពិចារណាលើការពន្យារពេលនេះ ដើម្បីជៀសវាងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករ នៅអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ។
សូមជម្រាបថា ក្រសួងការងារ បានជូនដំណឹងដល់រោងចក្រសហគ្រាស និងកម្មករនិយោជិត ដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ អំពីការបើករំលឹកប្រាក់បំណាច់អតីតភាពដែលមានមុនឆ្នាំ២០១៩ (សម្រាប់ផ្នែកវាយភណ្ឌកាត់ដេរ និងផលិតស្បែកជើង) និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ (សម្រាប់គ្រប់វិស័យ) ត្រូវពន្យាពេលក្នុងការអនុវត្តនៅឆ្នាំ២០២១វិញ។
គួរបញ្ជាក់ដែរថា បើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា មកទល់ពេលនេះ មានរោងចក្រដែលព្យួរការងារប្រមាណ ២៥០ រោងចក្រហើយ ដោយក្នុងនោះ មានកម្មករប្រមាណជាង ១៣ ម៉ឺនាក់ ដែលភាគច្រើនជាស្ត្រី បាត់បង់ការងារធ្វើ ហើយចំនួននេះ ទំនងជាអាចនឹងបន្ដកើនឡើងថែមទៀតនៅពេលខាងមុខនេះ៕