
ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃអង្គារ ទី៧ ខែតុលា នេះថា មាសត្រូវបានព្យាករថានឹងក្លាយទៅជាទំនិញនាំចេញដែលមានតម្លៃធំបំផុតទី២ របស់ខ្លួន បន្ទាប់ពីរ៉ែដែកនៅក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ខណៈដែលការបារម្ភអំពីអស្ថិរភាពភូមិសាស្ត្រនយយោបាយធ្វើឱ្យមាសដែលជាទ្រព្យសកម្មដ៏មានសុវត្ថិភាពមានតម្រូវការខ្ពស់។
នាយកដ្ឋានឧស្សាហកម្មនៃប្រទេសអូស្ត្រាលី បានបញ្ចេញរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនថា ទំហំនៃការនាំចេញមាសរបស់អូស្ត្រាលី ត្រូវបានព្យាករថានឹងកើនឡើងពី ៧,៩ ពាន់លានដុល្លារអាម៉េរិក ឈានដល់ជាង ៣៩,៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំសារពើពន្ធ២០២៥ ដែលបិទបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខណៈដែលប្រទេសនេះនាំចេញមាសកាន់តែច្រើន ស្របពេលមាសក៏កាន់តែឡើងថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែតុលា នេះ។
ខណៈដែលប្រាក់ចំណូលរបស់អូស្ត្រាលី ពីការនាំចេញឧស្ម័នធម្មជាតិរាវ LNG ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៣៥,៦ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ និងធ្លាក់ចុះមកនៅត្រឹម ៣១,៦ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៦ ចំណូលពីការនាំចេញមាសនៅតែរឹងមាំដោយសារហាងឆេងមាសហក់ឡើងខ្ពស់។
ប្រាក់ចំណូលពីការនាំចេញរបស់អូស្ត្រាលី បានធ្លាក់ចុះ នៅពេលដែលតម្លៃថាមពលធ្លាក់ចុះមកធម្មតាវិញ បន្ទាប់ពីការនាំចេញរបស់អូស្ត្រាលី បានឡើងដល់កម្រិតកំពូល ៣០៤ ពាន់លានដុល្លារអាម៉េរិក អំឡុងពេលផ្ទុះសង្គ្រាមអ៊ុយក្រែន ក្នុងឆ្នាំ២០២២-២០២៣។
ទន្ទឹមនេះ ធនាគារយក្សអាម៉េរិក Goldman Sachs កាលពីថ្ងៃច័ន្ទ ទី៦ ខែតុលា បានដំឡើងការព្យាកររបស់ខ្លួនគួរឱ្យភ្ញាក់ផ្អើលថា ហាងឆេងមាសនឹងបន្តហក់ឡើងខ្លាំងឈានដល់ ៤.៩០០ ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ ៥.៩៧៥ ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅត្រឹមខែធ្នូ ឆ្នាំ២០២៦ ដោយសំអាងលើហេតុផលបណ្ដាធនាគារកណ្ដាលនៅតែទិញចូលមាស និងរំហូរវិនិយោគលើមាស ETF ដ៏រឹងមាំ៕
ដោយ: តែម សុខុម