តើចិនចំណាយថវិកាអស់ប៉ុន្មាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់?

តើចិនបានចំណាយថវិកាអស់ប៉ុន្មាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាគិតមទល់ពេលនេះ?


ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ហិរញ្ញប្បទានជាបន្តបន្ទាប់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលប្រទេសចិន បានជួយសាងសង់ផ្លូវថ្នល់ដែលបានបញ្ចប់ការសាងសង់រហូត ៣០ខ្សែ នៅក្នុងប្រទេសកម្ពុជា ដែលគិតជាទំហំទឹកប្រាក់មានជិត ២ពាន់លានដុល្លារ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាជំនួយរបស់ចិនមួយចំនួនទៀតកំពុងបន្តសាងសង់នៅកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៥០០លានដុល្លារបន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

នៅក្នុងពិធីបើកការដ្ឋានសាងសង់លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់ប្រទេសកម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលមានការរួមចំណែកជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជោគវាសនារួមក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានបង្កើតនូវភាពជឿទុកចិត្តគ្នា និងជំរុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស្អិតល្មួត។ បើតាមសម្តេច ហ៊ុន សែន ក្រៅពីផ្ដល់ជំនួយឥតសំណង ភាគីចិនក៏បានផ្ដល់ឥណទានសម្បទានសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជាជាច្រើន ខណៈគិតមកដល់ពេលនេះ មហាមិត្តចិនបានជួយសាងសង់ផ្លូវចំនួន ៣០ខ្សែ រួមមកហើយ សម្រាប់ប្រជាជនកម្ពុជា ដែលមានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ និងចំណាយថវិកាអស់ជិត ២ពាន់លានដុល្លារ។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនផ្សេងទៀត ដែលជាជំនួយរបស់ចិន ក៏បាននិងកំពុងបន្តសាងសង់ ផងដែរ ដោយគិតជាទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ។

គួររំឭកថា បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២២ ក្នុងចំណោមសន្និធិបំណុលជាង៩ពាន់៤រយលានដុល្លារ កម្ពុជាជំពាក់ប្រទេសចិនមានជាង៣ពាន់៨រយលានដុល្លារ ឬស្មើនឹង៤១% នៃទំហំសន្និបំណុលសរុប។

ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ត្រូវបាននាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញនូវគំនិតសុទិដ្ឋិនិយមថា កាន់តែមានភាពល្អប្រសើរឡើង ថែមមួយកម្រិតទៀត ជាពិសេសនៅឆ្នាំ២០២២ ដែលជាឆ្នាំដ៏សំខាន់នៃការចូលជាធរមានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ សម្ដេច ហ៊ុន សែន បានបង្ហាញជំហរយ៉ាងមុតមាំទៀតថា ការចូលជាធរមានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបើកឱកាសឲ្យកម្ពុជា ជំរុញការនាំចេញផលិតផលទៅកាន់ទីផ្សារប្រសើរប្រទេសចិន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។ បច្ចុប្បន្នក្រៅពីអង្ករ និងដំឡូងមី កម្ពុជាក៏បាននាំចេញផ្លែឈើស្រស់សំខាន់ៗដូចជា ផ្លែចេក ផ្លែស្វាយ និងផ្លែមប៉ៃលិន ទៅកាន់ទីផ្សារចិនផងដែរ ហើយមិនយូរនោះទេ ត្រីប្រារបស់កម្ពុជា នឹងអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់ នាពេលខាងមុខ។

បើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ១០,៥ពាន់លានដុល្លារ បានកើនឡើងជាង ៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន មានទំហំទឹកប្រាក់ តែជាង ១ពាន់លានដុល្លារ ប៉ុណ្ណោះ តែទំនិញដែលកម្ពុជាបាននាំចូលពីទីផ្សារប្រទេសចិនវិញ មានទំហំទឹកប្រាក់រហូតជាង ៩ពាន់លានដុល្លារ ឯណោះ៕




អត្ថបទបន្ទាប់


តើគម្រោងជួសជុលផ្លូវជាតិលេខ៤១ តម្លៃជាង ៦៧លានដុល្លារ នឹងផ្តល់សារៈសំខាន់យ៉ាងណាខ្លះដល់វិស័យដឹកជញ្ជូន?

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាក់ស្តែ…

ក្រុមហ៊ុនយក្សអាមេរិក Apple និង Tesla កំពុងរងគ្រោះកាន់តែខ្លាំងពីរាតត្បាតកូវីដ១៩នៅចិន

ព័ត៌មាន
ស្ថានភាពរបស់ក្រុមហ៊ុនអាមេរិកធំៗគឺ Apple និង Tesla ដែលមានប្រតិបត្តិការនៅប្រទេសចិន ហាក់មិនមានភាពល្អប្រសើរឡើយ ក្រោយការបន្ធូរបន្ថយគោលនយោបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ