តម្លៃមាសនៅកម្ពុជា

ពីរថ្ងៃក្រោយការឡើងកាន់តំណែងរបស់លោក ត្រាំ តម្លៃមាសនៅកម្ពុជា ហក់ឡើងដល់៣៣០០ដុល្លារក្នុង១តម្លឹង


ហាងឆេងតម្លៃមាសនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានហក់ឡើងយ៉ាងគំហុក ពោលគឺបានកើនឡើង៦០ដុល្លារអាម៉េរិក ក្នុង១តម្លឹង នៅពីរថ្ងៃក្រោយការស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក។ បើយោងតាមហាងឆេងរបស់ហាងលក់មាសពេជ្រ ទីមង្គល គិតត្រឹមរសៀលថ្ងៃទី២២ ខែមករា មាសត្រូវបានលក់ចេញក្នុងតម្លៃ៣៣០០ដុល្លារអាម៉េរិក ក្នុង១តម្លឹង ខណៈកាលពីពីរថ្ងៃមុនមានតម្លៃត្រឹមតែ៣ពាន់២៤០ដុល្លារ ក្នុង១តម្លឹងតែប៉ុណ្ណោះ។ អ្នកជំនាញក្នុងវិស័យនេះបានព្យាករថា តម្លៃមាសអាចនឹងហក់ឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខនេះ ដែលជំរុញឱ្យគោលនយ
តម្លៃមាសនៅកម្ពុជា
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី កត់សម្គាល់ឃើញថា ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាម៉េរិកផ្លូវការរួចមក ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃជាង៥០ដុល្លារក្នុង១អោន ពោលគឺពីតម្លៃ២,៧០២ដុល្លារ ដល់២,៧៥៧ដុល្លារក្នុង១អោន។ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ហាងឆេងមាសនៅទីផ្សារអន្តរជាតិ ត្រូវបានគេជួញដូរក្នុងតម្លៃ២,៧៥៧ដុល្លារ ក្នុង១អោន ខណៈការជួញដូរនៅទីផ្សារកម្ពុជា មានតម្លៃ៣,៣១៥ដុល្លារ ក្នុង១តម្លឹងមានការកើនឡើងប្រមាណ៦០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃជួញដូរកាលពីពីរថ្ងៃមុន។

ការហក់ឡើងតម្លៃមាសយ៉ាងគំហុកនេះ ត្រូវបានអ្នកជំនាញរូបនេះ អះអាងថា មិនមែនដោយសារការឡើងកាន់អំណាចរបស់ប្រធានាធិបតីថ្មីរបស់អាម៉េរិកតែមួយមុខនោះទេ ពោលគឺវាមានកត្តារួមផ្សំមួយចំនួនទៀតរួមមានភាពមិនច្បាស់លាស់នៃការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋាភិបាលអាម៉េរិក ការដាក់សម្ពាធពន្ធលើបណ្ដាប្រទេសមួយចំនួនដែលនឹងធ្វើឱ្យថ្លៃទំនិញ និងអតិផរណាកើនឡើងនៅអាម៉េរិក ព្រមទាំងគោលនយោបាយហិរញ្ញវត្ថុធនាគារកណ្ដាលអាម៉េរិក ខណៈការបន្ធូរបន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះ ហើយហាងឆេងមាសនឹងឡើងថ្លៃជាស្វ័យប្រវត្តិ។

ដោយឡែក លោកបណ្ឌិត ភី សារ៉ាត់ ទីប្រឹក្សាជាន់ខ្ពស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា យល់ឃើញថា ការហក់ឡើងតម្លៃមាសនៅលើទីផ្សារពិភពលោកមិនមែនជំរុញដោយសារលោក ដូណាល់ ត្រាំ នោះទេ ព្រោះលោក ដូណាល់ ត្រាំ មិនបានគាំទ្រលើវិស័យគ្រឿងអលង្ការ និងត្បូងពិភពលោកនោះទេ។ អ្នកជំនាញរូបនេះជឿជាក់ថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងជួបវិបត្តិលុយដុល្លារអាម៉េរិកធ្លាក់ចុះ ដោយសារសមាគមគ្រឿងអលង្ការ និងត្បូងពិភពលោកងាកមកទិញ-លក់ជាមាសវិញ។ ទន្ទឹមនេះ លោកបានវាយតម្លៃថា មាសនឹងបន្តឡើងថ្លៃរហូតដល់ចូលឆ្នាំចិន។

ក្រុមអ្នកវិភាគជឿជាក់ថា ដោយសារគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទើបឡើងកាន់តំណែងមិនទាន់មានភាពច្បាស់លាស់ វានឹងធ្វើឱ្យតម្លៃមាសនៅលើទីផ្សារពិភពលោកអាចនឹងប្រែប្រួលគួរសម។ ក្រុមអ្នកវិភាគបានព្យាករថា ក្រោមឥទ្ធិពលនៃគោលនយោបាយរបស់លោក ដូណាល់ ត្រាំ វានឹងជំរុញឱ្យតម្លៃមាសហក់ឡើងយ៉ាងហោចណាស់៦% នៅ៣ខែដំបូង មុនវាថមថយចុះបន្តិចមកនៅត្រឹម៣,៣% នៅ៦ខែបន្ទាប់។ នេះបើយោងតាមកាសែត បាងកកប៉ុស្តិ៍៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជានឹងអភិវឌ្ឍន៍ខេត្តកំពង់ធំ ដែលជាកន្លែងភ្ញៀវទៅហួសមកហួស ឱ្យក្លាយជាតំបន់កម្សាន្តអន្តរខេត្តទី១

ក្រសួងស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងធ្វើពិពិធកម្ម…

វៀតណាមរកឃើញជនបរទេសជាង៣០នាក់បានលួចសម្ភារៈរបស់អ្នកដំណើរពេលកំពុងហោះហើរ

ប្រទេសវៀតណាមបានរកឃើញការកើនឡើងដ៏គួរឱ្យព្រួយបារម្ភចំពោះអំពើលួចសម្ភារៈរបស់អ្នកដំណើរ ដែលបានប្រព្រឹត្តដោយអ្នកដំណើរបរទេសនៅលើយន្តហោះ ដោយគេបានរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ