ទីផ្សារមាស

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសនៅសហរដ្ឋអាម៉េរិក ហក់ឡើងខ្ពស់មិនធ្លាប់មានកាលពីសប្តាហ៍មុន?


តម្លៃមាសនៅសហរដ្ឋអាម៉េរិក ដែលស្ងប់ស្ងាត់មួយរយៈ បានកញ្ច្រោលឡើងខ្លាំងរហូតដល់៣៦០០ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអេភី។ តើមានអ្វីកើតឡើងនៅអាម៉េរិក ទើបជំរុញឱ្យតម្លៃមាសស្ទុះឡើងខ្លាំងមិនធ្លាប់មានពីមុនមកបែបនេះ?
ទីផ្សារមាស
ដោយ

ស្របពេលស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងស្ថិតក្នុងអន្តរកាលនៃការអនុវត្តគោលនយោបាយកំណត់ពន្ធថ្មី បុគ្គលិករដ្ឋបាលសហព័ន្ធប្រឈមមុខនឹងការបណ្តេញចេញពីក្របខ័ណ្ឌ តម្លៃទំនិញមានការប្រែប្រួលពិបាកប៉ាន់ស្មាន តម្លៃមាសកាលពីសប្តាហ៍មុនបានស្ទុះឡើងដល់កម្រិតមួយខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ហាងឆេងមាសដែលគេជួញដូរនៅក្នុងទីផ្សារនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុនមានតម្លៃ៣​៦០០ដុល្លារក្នុងមួយតម្លឹង។

អ្នកវិភាគបានអះអាងថា ការចាប់អារម្មណ៍លើការទិញមាសអាចកើនឡើងខ្លាំងប្រសិនស្ថានការណ៍ពិភពលោកកាន់តែមានភាពមិនច្បាស់លាស់ ដោយសារអ្នកវិនិយោគត្រូវស្វែងរកឧបករណ៍ជួញដូរ ដែលមានសុវត្ថិភាពសម្រាប់រក្សាទ្រព្យសម្បតិ្តរបស់ពួកគេ។ បើតាមការអះអាងរបស់អ្នកវិភាគ តម្លៃមាសដែលកំពុងកើនឡើងខ្ពស់នៅពេលនេះ គឺដោយសារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមធ្វើឱ្យមានសង្គ្រាមពាណិជ្ជកម្មអន្តរជាតិ ដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុខ្វះស្ថិរភាព និងបង្កើតសម្ពាធលើអតិផរណា និងជីវភាពប្រជាពលរដ្ឋ។

ប្រសិនបើនិន្នាការនេះនៅតែបន្ត អ្នកវិភាគព្យាករថា តម្លៃមាសអាចបន្តកើនឡើងបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ ប៉ុន្តែការជួញដូរវត្ថុ​ដ៏មានតម្លៃនេះ ក៏ស្ថិតក្នុងស្ថានភាពពិបាកប៉ាន់ស្មានផងដែរ។ នៅក្នុងស្ថានភាពបែបនេះ តម្លៃដែលគេដាក់ជួញដូរនៅក្នុងទីក្រុងញូវយ៉ក បានកើនឡើងជិត១៤% ស្របពេលដែលសន្ទស្សន៍តម្លៃភាគហ៊ុនបានធ្លាក់ចុះប្រមាណជាង៥%។

អ្នកវិភាគនៅក្រុមហ៊ុនវិនិយោគ RBC Capital Markets បានអះអាងថា ជាទូទៅស្ថានភាពតម្លៃមាស គឺផ្សារភ្ជាប់នឹងបញ្ហាពន្ធ ដូច្នេះហើយភាពមិនប្រាកដប្រជា និងភាពវឹកវរ ក៏ជាកត្តារុញច្រានឲ្យតម្លៃមាសហើមឡើងផងដែរ។

ដោយឡែកលោក ជូ កាវ៉ាតូនី (Joe Cavatoni) ប្រធានផ្នែកយុទ្ធសាស្រ្តទីផ្សារនៅក្រុមប្រឹក្សាមាសពិភពលោកបានអះអាងថា តម្លៃមាសវាប្រែ​ប្រួលបែបនេះ គឺបណ្តាលមកពីបញ្ហាប្រឈម និងហានិភ័យជាសកល។ លោកបានបន្តថា ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅពេលនេះ បានបង្កើនការព្រួយបារម្ភ និងបណ្តាលឱ្យសាធារណជនកាន់តែងាកទៅរកទ្រព្យ ដែលជាជម្រកសុវត្ថិភាព នៃទ្រព្យសម្បត្តិរបស់ពួកគេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រុស្ស៊ី និងអ៊ុយក្រែន បន្តវាយប្រហារគ្នាតាមផ្លូវអាកាស ខណៈក្ដីរំពឹងពីបទឈប់បាញ់នៅស្រពេចស្រពិល

ប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារគ្នាតាមផ្លូវអាកាស ដែលបណ្តាលឱ្យមនុស្សរងរបួស និងបានបំផ្លិចបំផ្លាញអគារមួយចំនួន ខណៈជោគវាសនានៃបទឈ…

ប្រធានធនាគារអឺរ៉ុប ព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ បណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មរបស់លោក ត្រាំ

លោកស្រី គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) ប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB) បានព្រមានថា សង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ ប្រធានាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ