ក្រុមអ្នកវិភាគជឿជាក់ថា ដោយសារគោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកទើបឡើងកាន់តំណែងមិនទាន់មានភាពច្បាស់លាស់ វានឹងធ្វើឱ្យតម្លៃមាសនៅលើទីផ្សារពិភពលោកអាចនឹងប្រែប្រួលគួរសម។ ក្រុមអ្នកវិភាគបានព្យាករថា ក្រោមឥទ្ធិពលនៃគោលនយោបាយរបស់លោក ដូណាល់ ត្រាំ វានឹងជំរុញឱ្យតម្លៃមាសហក់ឡើងយ៉ាងហោចណាស់៦%នៅ៣ខែដំបូង មុនវាថមថយចុះបន្តិចមកនៅត្រឹម៣,៣%នៅ៦ខែបន្ទាប់។
ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់លោក ត្រាំ វានឹងជំរុញឱ្យវិនិយោគិនស្វែងរកទ្រព្យសម្បត្តិ ដែលមានសុវត្ថិភាពដូចជាមាស ដើម្បីការពារហានិភ័យហិរញ្ញវត្ថុ។ អ្នកវិភាគជឿជាក់ថា គោលនយោបាយលោក ត្រាំ នឹងផ្តល់ផលប៉ះពាល់ជាវិជ្ជមានក្នុងរយៈពេលវែង ប៉ុន្តែអាចធ្វើឱ្យមានការព្រួយបារម្ភពីការកើនឡើងបំណុលសាធារណៈនៅសហរដ្ឋអាម៉េរិក ដែលជាកត្តាមួយផ្សេងទៀត ដែលធ្វើឱ្យតម្លៃមាសមានការកើនឡើង។
សម្រាប់អ្នកវិភាគ ការដែលលោក ត្រាំ មានគោលនយោបាយបរទេសអាចធ្វើឱ្យមានការសងសឹកដាក់គ្នាដូចជាការគំរាមកំហែងដាក់ទណ្ឌកម្មលើដៃគូពាណិជ្ជកម្មដូចជាចិន និងម៉ិកស៊ិក និងការធ្វើឱ្យជម្លោះជាមួយកូរ៉េខាងជើងឡើងកម្តៅ វានឹងបង្កើនការភ័យខ្លាចរបស់អ្នកវិនិយោគលើហានិភ័យភូមិសាស្រ្តនយោបាយ ដែលធ្វើឱ្យមាសក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ទាក់ទាញ។
បច្ចុប្បន្នមាសត្រូវបានគេប្រើជាឧបករណ៍ជួញដូរ ដើម្បីការពារអតិផរណា ប៉ុន្តែអត្រាការប្រាក់ខ្ពស់ជាងមុនធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់វា ស្របពេលដែលគោលនយោបាយពន្ធលើពាណិជ្ជកម្មដ៏ទូលំទូលាយរបស់លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ឆេះអតិផរណាបន្ថែមទៀត ដែលអាចបង្កើនឲ្យមានឧបករណ៍នៃការជួញដូរដែលមានសុវត្ថិភាព។
តម្លៃមាសកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះបានកើនឡើងបន្តិចក្នុងរង្វង់0,៣% ដែលជំរុញឱ្យតម្លៃមាសហក់ឡើងដល់៣២៥៣ដុល្លារនៅក្នុងមួយតម្លឹង ហើយអាចនឹងឡើងដល់៣,២៨០ដុល្លារក្នុងមួយតម្លឹងនៅសប្តាហ៍នេះ៕
ដោយ: សរ សុជាតិ