
សមាគមពាណិជ្ជករមាសរបស់ថៃបានដំឡើងការព្យាករតម្លៃមាសនៅលើទីផ្សារអន្តរជាតិសម្រាប់ឆ្នាំ២០២៥ ចន្លោះពី៣ពាន់៨រយដុល្លារទៅ៤ពាន់១០០ដុល្លារនៅក្នុងមួយតម្លឹង។ តម្លៃមាសបានហក់ឡើងប្រមាណ០,៦៥% កាលពីចុងសប្តាហ៍មុន ដែលនាំឲ្យតម្លៃជាក់ស្តែងឡើងដល់ជាង៣ពាន់៧០០រយដុល្លារក្នុងមួយតម្លឹង។
លោក ជីតទិ តាងស៊ីតផាឌី (Jitti Tangsithpakdi ) ប្រធានសមាគមពាណិជ្ជករមាសថៃបានអះអាងថា បច្ចុប្បន្នពាណិជ្ជករ ក៏ដូចជាអ្នកវិនិយោគមាសកំពុងដាក់ការតាមដានយ៉ាងយកចិត្តទុកដាល់លើគោលនយោបាយពន្ធគយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ហើយប្រសិនបើនៅថ្ងៃទី២ ខែមេសា លោកពិតជាសម្រេចចិត្តដាក់ពន្ធបន្ថែមទៀតមែន នោះវិសាលភាពនៃផលប៉ះពាល់នឹងកាន់តែធំ ហើយវានឹងជំរុញឱ្យតម្លៃមាសមានការកើនឡើងបន្ថែមទៀត។
អ្នកជំនាញរូបនេះបានលើកឡើងទៀតថា ភាពមិនប្រាកដប្រជាជុំវិញបញ្ហាពន្ធគយ និងគោលនយោបាយរបស់លោក ត្រាំ ជុំវិញសង្រ្គាមពាណិជ្ជកម្មបានបង្កើនតម្រូវការសម្រាប់ឧបករណ៍ ដែលមានសុវត្ថិភាព ជាពិសេសមាសតែម្តង។ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែនកាន់តែឡើងកម្តៅ ក៏បានជំរុញឱ្យធនាគារកណ្តាលជុំវិញពិភពលោកនឹងបង្កើនតម្រូវការទុនបម្រុងជាមាស ដូច្នេះតម្លៃមាសក៏នឹងស្ទុះងើបឡើងផងដែរ។
ដោយឡែក លោកស្រី បេនចាម៉ា មែន (Benjama Main) នាយកផ្នែកស្រាវជ្រាវ និងវិនិយោគលោហធាតុដ៏មានតម្លៃនៅក្រុមហ៊ុន YLG Bullion International បានអះអាងថា កត្តាមួយដែលជំរុញឱ្យតម្លៃមាសប្រែប្រួលរហ័ស គឺការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិក ដែលជាផ្នែកមួយឆ្លុះបញ្ចាំងដោយទិន្នន័យការងារថ្មីៗ ដែលខ្សោយជាងការព្យាករ។ លោកស្រី បានលើកឡើងថា សម្រាប់ក្រុមហ៊ុនរបស់លោកស្រី តម្លែមាសអាចប្រែប្រួលចន្លោះពី៣ពាន់៧រយដុល្លារដល់៣ពាន់៨០០ដុល្លារក្នុងមួយតម្លឹងនៅឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ ធនាគារយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២នៅលើពិភពលោកបានដំឡើងការព្យាករថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងដល់៣,៣០០ដុល្លារអាម៉េរិកក្នុង១អោន ឬ៤,០២៥ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ។ ជាមួយគ្នានេះធនាគារអាម៉េរិក (Bank of America) ក៏បានដំឡើងការព្យាកររបស់ខ្លួនសម្រាប់ហាងឆេងមាសនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ផងដែរ៕
ដោយៈ សរ សុជាតិ