ការជូនដំណឹងសាជាថ្មីចុងក្រោយនេះ បន្ទាប់ពីតំណាងក្រុមហ៊ុនមួយនេះ បានអះអាងយ៉ាងដាច់ខាតថា អគារ Gold Tower ៤២ជាន់ នឹងចាប់ផ្តើមសាងសង់ឡើងវិញនៅខែសីហា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។
តើនេះគឺជាការសន្យាចុងក្រោយមែនទេ? ម្តងនេះអាចនឹងបញ្ចប់ពាក្យអាចាមអារ៉ាមថា ជាអគារខ្មោចដែរ ឬមួយយ៉ាងណា?
បើយោងតាមមន្ត្រីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រុមហ៊ុន YONWOO CAMBODIA ដែលជាក្រុមហ៊ុនកូរ៉េខាងត្បូង បានដាក់ពាក្យជូនដំណឹងស្តីពីការពន្យារពេលសាងសង់អគារ ៤២ជាន់សាជាថ្មីម្តងទៀតហើយ កាលពីចុងខែកញ្ញា ឆ្នាំ២០១៧នេះ។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ក្រុមហ៊ុននឹងពន្យារពេលរហូតដល់៦ខែទៀត។ បានន័យថា ពន្យារពេលរហូតដល់ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ទើបធ្វើការសាងសង់។
បើតាមមន្ត្រីអ្នកនាំពាក្យដដែលបានអះអាងថា ការពន្យារការចាប់ផ្តើមសាងសង់ឡើងវិញម្តងហើយម្តងទៀតនោះ គឺដោយសារក្រុមហ៊ុននេះជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែ យ៉ាងណាក៏ដោយ ម្ចាស់គ្រប់គ្រងគម្រោងនេះបានបញ្ជាក់ថា ខ្លួននឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីបញ្ចប់គម្រោងនេះឲ្យទាល់តែបានដោយមិនមានការផ្ទេរទៅឲ្យក្រុមហ៊ុនណាមួយឡើយ។
គម្រោងនេះត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិនានា កំពុងទន្ទឹងរង់ចាំមើលការត្រឡប់មកវិញនៃម្ចាស់គម្រោងដើម្បីបញ្ចប់មន្ទិលសង្ស័យ ប៉ុន្តែ ត្រូវបានម្ចាស់គម្រោងពន្យារពេលសាងសង់ម្តងហើយម្តងទៀត ថានឹងសាងសង់ឡើងវិញ ចុងឆ្នាំនេះ ដើមឆ្នាំនេះ ឬពាក់កណ្តាលឆ្នាំនេះ ឆ្នាំនោះ បើរាប់ទៅមិនតិចជាង១០ដងនោះឡើយ។
ហើយគិតមកដល់ពេលនេះ រយៈពេលជិត១០ឆ្នាំហើយ បន្ទាប់ពីអគារភ្លោះ ៤២ជាន់ បានចាប់ផ្តើមដំណើរការសាងសង់ក្នុងឆ្នាំ២០០៨ ហើយក៏ផ្អាកសាងសង់ទៅវិញក្នុងឆ្នាំ២០០៩ ដោយសារតែជួបវិបត្តិហិរញ្ញវត្ថុពិភពលោក ដែលបានធ្វើឲ្យរង្គោះរង្គើដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់អគារនេះដែរ។ សព្វថ្ងៃ អគារនេះសាងសង់បានត្រឹមជាន់ទី៣២ជាន់។
ក្រុមអ្នកជំនាញអចលនទ្រព្យ បានអះអាងថា ការពន្យារពេលច្រើនឆ្នាំកន្លងមកនេះ វាជាសញ្ញាមួយ ជានិមិត្តរូបមួយមិនល្អសម្រាប់ការអភិវឌ្ឍនៅក្នុងវិស័យសំណង់កម្ពុជា។
អ្នកជំនាញ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានអះអាងថា គម្រោងវិនិយោគអគារ៤២ជាន់ មកដល់ពេលនេះ គេលែងរាប់បញ្ចូលជាបញ្ហានៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាទៀតហើយ ពីព្រោះបច្ចុប្បន្ន មានគម្រោងអគារខ្ពស់ៗ រាប់សិបគម្រោងត្រូវបានបំពេញបេសកកម្មរបស់ខ្លួន ទទួលបានជោគជ័យ។
ម្យ៉ាងវិញទៀត គម្រោងនេះក៏មិនត្រូវបានគេចាត់ចូលជាគម្រោងទី១ នៅកម្ពុជានោះដែរ ខណៈសព្វថ្ងៃមានគម្រោង The Bridge ៤៥ជាន់ The Peak ៥៥ជាន់ គម្រោងវិនិយោគអគារពាណិជ្ជកម្ម Koowloon Bay និង អគារភ្លោះ១៣៣ជាន់ កំពុងចាប់ផ្តើមចេញជារូបរាងបណ្តើរៗហើយ ដូច្នេះ អគារ ៤២ជាន់នេះ មិនមានការចាប់អារម្មណ៍ទៀតឡើយ។
លោកឧកញ៉ាបានបញ្ជាក់បន្ថែមថា អគារ៤២ជាន់នេះ ពីមុនវាជាតួឯក ប៉ុន្តែ ឥឡូវលែងជាប់ចំណាត់ថ្នាក់ទៀតហើយ ជារួម គេលែងចាប់អារម្មណ៍នឹងអគារនេះទៀតហើយ។ ការសាងសង់ឬមិនសាងសង់ឡើងវិញ គឺជារឿងផ្ទៃក្នុងរបស់ម្ចាស់គម្រោងនេះតែប៉ុណ្ណោះ។ ហើយគម្រោងនេះក៏មិនបានធ្វើឲ្យប៉ះពាល់ដល់វិស័យសំណង់និងអចលនទ្រព្យនោះឡើយ។
អគារ Gold Tower 42 ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះសីហនុ ជាគម្រោងអគារខ្ពស់ជាងគេនៅកម្ពុជា ដែលបានចាប់ផ្ដើមដំណើរការសាងសង់កាលពីខែមីនា ឆ្នាំ២០០៨ តែត្រូវផ្អាកវិញ នៅឆ្នាំ២០០៩ ហើយអគារនេះគេអាចនិយាយបានថា ជាអគារដែលបានបំបែកឯតទគ្គកម្មក្នុងការចំណាយពេលវេលាសាងសង់យូរជាងគេនៅកម្ពុជាដែរ៕