ការដាក់ដំណើរការផលិតផល «ឥណទានមាសកើនទ្រព្យ» ទៅកាន់សាខាទាំងអស់នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការនាំយកសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងសំបូរបែប ប្រកបដោយទំនុកចិត្ត ជូនដល់អតិថិជនទាំងអស់។
កម្មវិធីសម្ពោធនៅសាខាទាំង ៤ នេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី ព្រមទាំងអតិថិជនជាច្រើនចូលរួមស្វែងយល់អំពីអត្ថប្រយោជន៍នៃ «ឥណទានមាសកើនទ្រព្យ»។ ក្នុងឱកាសនេះ អតិថិជនក៏ទទួលបានការពន្យល់ច្បាស់លាស់ អំពីផលិតផល ដំណើរការស្នើសុំ និងលក្ខខណ្ឌនានា ព្រមទាំងបានជួបសន្ទនាផ្ទាល់ជាមួយបុគ្គលិក អិលអូអិលស៊ី ដើម្បីសាកសួរ និងទទួលបានការប្រឹក្សាតាមតម្រូវការជាក់ស្តែងរបស់ខ្លួន។
តាមរយៈ «ឥណទានមាសកើនទ្រព្យ» អតិថិជនអាចយកគ្រឿងមាសធ្វើជាទ្រព្យធានា ដើម្បីទទួលបានសាច់ប្រាក់សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុផ្សេងៗ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងទទួលបានសាច់ប្រាក់ក្នុងរយៈពេលត្រឹម 15នាទី តែប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត អតិថិជន ក៏អាចស្នើសុំបន្ថែមសាច់ប្រាក់ ដោយផ្អែកលើតម្លៃមាស នៅលើទីផ្សារអន្តរជាតិ និងអាចបង់ផ្តាច់ ឬបង់រំលោះដើមមុនពេលកំណត់ ដោយមិនមានពិន័យឡើយ។
សម្រាប់លក្ខខណ្ឌនៃការស្នើសុំឥណទាននេះ អតិថិជនត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលមានសុពលភាព។ សម្រាប់ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចីរួមមាន៖ មាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក 6.7 រហូតដល់ទឹក10 (16 ការ៉ាត់ ដល់ 24 ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច 1ជី (3.75 ក្រាម) ក្នុងមួយគ្រឿងមាស។
ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង អិលអូអិលស៊ី មានផែនការបន្តពង្រីកវិសាលភាពផលិតផល «ឥណទានមាសកើនទ្រព្យ» តាមរយៈការដាក់ដំណើរការនៅគ្រប់សាខា អិលអូអិលស៊ី ទាំងអស់ទូទាំងប្រទេស។