វិស័យថាមពល

ឥណ្ឌាបង្កើនការទិញប្រេងពីវេណេស៊ុយអេឡា ក្រោយអាម៉េរិករឹតត្បិតមិនឱ្យទិញប្រេងរុស្ស៊ី


ក្រុមហ៊ុនយក្ស Reliance Industries របស់មហាសេដ្ឋីឥណ្ឌាលោក មូខេស អាមបានី (Mukesh Ambani) ដែលកំពុងចាក់ទុនវិនិយោគលើរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយនៅសហរដ្ឋអាម៉េរិក តាមការអំពាវនាវរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នោះ ពេលនេះបានស្ទុះឡើងក្លាយជាអ្នកបញ្ជាទិញប្រេងឆៅពីប្រទេសវេណេស៊ុយអេឡា ធំបំផុតនៅក្រៅសហរដ្ឋអាម៉េរិក។
វិស័យថាមពល
ដោយ

សារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី៨ ខែតុលា ថា លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យប្រទេសឥណ្ឌាបង្កើនការនាំចូលប្រេងពីវេណេស៊ុយអេឡា។ ទោះបីជាក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌា ហាក់ទាញយកប្រៀបពីស្ថានការណ៍នេះក្នុងរូបភាពឱកាសនិយមក៏ដោយ ប៉ុន្តែទិន្នន័យពីក្រុមហ៊ុនវិភាគថាមពល Kpler បានបង្ហាញថា ក្រុមហ៊ុន Reliance គឺជាតួអង្គស្នូល និងជាអ្នកប្រមូលទិញធំបំផុត។ ទិន្នន័យដដែលបានគូសបញ្ជាក់ថា ឥណ្ឌាគឺជាគោលដៅនាំចេញប្រេងឆៅធំបំផុតរបស់វេណេស៊ុយអេឡា នៅក្រៅសហរដ្ឋអាម៉េរិកដោយក្នុងនោះក្រុមហ៊ុន Reliance ប្រមូលទិញក្នុងបរិមាណច្រើនលើសលប់។

ជាក់ស្តែងកាលពីខែកញ្ញា កន្លងទៅ ឥណ្ឌាបាននាំចូលប្រេងឆៅពីវេណេស៊ុយអេឡារហូតដល់២៥៧,០០០បារ៉ែលក្នុងមួយថ្ងៃ ដែលក្នុងនោះ៧៦% ត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន Reliance Industries។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Reliance រោងចក្រចម្រាញ់ប្រេង ចាមណាហ្គារ របស់ខ្លួន គឺជាមជ្ឈមណ្ឌលចម្រាញ់ប្រេងធំបំផុត និងមានបច្ចេកវិទ្យាស្មុគស្មាញបំផុតលើពិភពលោកដោយមានសមត្ថភាពចម្រាញ់ប្រេងឆៅបានរហូតដល់១,៤លានបារ៉ែលក្នុងមួយថ្ងៃ។

គួររំលឹកថា Reliance គឺជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់បំផុតនៅឥណ្ឌា ដោយមានទំហំទីផ្សារលើសពី១៦៩ពាន់លានដុល្លារអាម៉េរិក។ ការបង្កើនការទិញប្រេងឆៅពីវេណេស៊ុយអេឡានេះបានកើតឡើងចំពេលដែលការនាំចូលប្រេងពីរុស្ស៊ីរបស់ឥណ្ឌា កំពុងបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោន រហូតធ្វើឱ្យសភាអាម៉េរិកផ្តល់អំណាចឱ្យលោក ត្រាំ អាចដំឡើងពន្ធទណ្ឌកម្មរហូតដល់១០០% លើបណ្តាប្រទេសទាំងឡាយណាដែលបន្តទិញថាមពលពីទីក្រុងម៉ូស្គូ។

ដោយឡែកកាលពីខែមីនា កន្លងទៅ លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមសាងសង់រោងចក្រចម្រាញ់ប្រេងដំបូងបង្អស់របស់ខ្លួនឡើងវិញក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ក្រោមទុនវិនិយោគដ៏មហិមាពីក្រុមហ៊ុន Reliance Industries របស់ឥណ្ឌា ហើយប្រធានាធិបតីរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តវិនិយោគដ៏សំខាន់មួយនេះផងដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អ្នកជំនាញថៃរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ថា កំពុងប្រើការទូតបែបបាតផ្សារ

លោក ស៊ុរ៉ាឆាត បាំរុងស៊ុក (Surachart Bamrungsuk) អ្នកវិភាគភូមិសាស្ត្រនយោបាយដ៏មានឥទ្ធិពលរបស់ថៃបានសរសេរអត្ថបទរិះគន់ចំៗចំពោះគោលនយោបាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ