ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុនមកសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញបំណងចង់ពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជារបស់ក្រុមហ៊ុននេះធ្វើឡើងពេលលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នាទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
នៅក្នុងជំនួបខាងលើនេះដែរ តំណាងក្រុមហ៊ុន Goldman Sachs រូបនេះបានជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group ថា Goldman Sachs គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ជាមួយគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គលជាដើម៕