យុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិនផ្ទាល់ពីកសិករនាពេលនេះ ជាដំណោះស្រាយបន្ទាន់ និងមានប្រសិទ្ធិភាពបំផុត ដែលធ្វើឱ្យក្រុមកសិករ អាចបញ្ចេញផ្លែមៀនរបស់ខ្លួនបានទាន់ពេលវេលា។ បើតាមលោក សេង ឌីលីន ក្រុមការងារទទួលបន្ទុកការងារប្រមូលទិញផ្លែមៀនប៉ៃលិន របស់រដ្ឋាភិបាល បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស នៅថ្ងៃ ទី២៦ ខែសីហាថា រហូតមកដល់ពេលនេះ ក្រុមការងារបានចុះប្រមូលទិញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ពីកសិករ បានចំនួន ២.២០០តោន ហើយ។
លោក សេង ឌីលីន បានបន្ថែមថា កន្លងមក ក្រុមការងារបានចុះប្រមូលទិញផ្លែមៀនផ្ទាល់ពីកសិករដែលស្ថិតក្នុងខេត្តបាត់ដំបង និងកំពុងបន្តចុះទិញផ្លែមៀនដល់ចម្ការផ្ទាល់របស់កសិករ នៅខេត្តប៉ៃលិនម្ដង។ លោកបញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងជួយសម្រួលទីផ្សារផ្លែមៀនប៉ៃលិន ដល់កសិករ ដែលប្រកបរបរដាំដុះមៀនប៉ៃលិនបានមួយកម្រិត។
ក្រុមអ្នកដាំដុះដំណាំមៀនប៉ៃលិន យល់ថា យុទ្ធនាប្រមូលទិញផ្លែមៀនរបស់រាជរដ្ឋាភិបាល ពិតជាបានចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទីផ្សារដល់កសិករ។ លោក សួស ស៊ីយ៉ាត រំពឹងថា បច្ចុប្បន្ន រដ្ឋាភិបាល បានប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករ ក្នុងសមាគមលោកបានប្រមាណ ៣០តោនហើយ និងកំពុងប្រមូលទិញជាបន្តបន្ទាប់ទៀត។ ប្រធានសមាគមរូបនេះ បានចាត់ទុកយុទ្ធនាការប្រមូលទិញផ្លែមៀនពីកសិករ នឹងជួយឱ្យកសិករអាចប្រមូលផលផ្លែមៀនបានទាន់ពេលវេលា។
យ៉ាងណាក៏ដោយ ប្រធានសហគមមៀនប៉ៃលិនរូបនេះ សង្ឃឹមថា កម្ពុជា នឹងអាច នាំចេញកសិផលកែច្នៃបន្ថែម ក្រៅពីការនាំចេញផ្លែមៀនស្រស់ ដែលបាននាំចេញតាមច្រកប្រទេសថៃកន្លងមក ដើម្បីបង្កើនឱកាសទីផ្សារកសិផលខ្មែរ និងបង្កើនការនាំចេញ។
បើតាមលោក សួស ស៊ីយ៉ាត សព្វថ្ងៃ សមាគមមៀនប៉ៃលិន មានរោងចក្រកែច្នៃផ្លែមៀនក៏ពិតមែន តែរោងចក្រនោះមិនទាន់អាចដំណើរនៅឡើយទេ។ លោករំពឹងថា ក្រោយរោងចក្រកែច្នៃនេះអាចដំណើរការ ស្ថានភាពទីផ្សារផ្លែមៀនប៉ៃលិន នឹងប្រសើរឡើង ព្រោះរោងចក្រកែច្នៃផ្លែមៀនប៉ៃលិន នេះ មានសមត្ថភាពកែ រហូត ៥៤០តោន ក្នុងមួយថ្ងៃ។
យោងតាមរបាយការណ៍ ដែលបង្ហាញដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម កាលពីពេលថ្មីៗ បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះដំណាំមៀនប៉ៃលិន សរុបជាង១ម៉ឺន៣ពាន់ហិកតា ដែលអាចប្រមូលផលបានជិត ៧ពាន់ហិកតា។ ដោយឡែក បរិមាណនៃការប្រមូលផលសរុប ក្នុងឆ្នាំនេះ មានប្រមាណ ១១ម៉ឺនតោន។
តាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម ជាមធ្យម ផ្លែមៀនប៉ៃលិន ឆ្នាំនេះ មានតម្លៃ ១,៨០០រៀល ក្នុងមួយគីឡូក្រាម។ ដូច្នេះ បើសិនរដ្ឋាភិបាលប្រមូលទិញផ្លែមៀនប៉ៃលិនទាំងអស់ពីកសិករ រដ្ឋត្រូវប្រើប្រាស់ថវិកា ជិត ៥០លានដុល្លារ ក្នុងការប្រមូលទិញផ្លែមៀនពីកសិករ៕