អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា ចរន្តភ្ញៀវទេសចរជនជាតិចិនចូលមកកម្សាន្តនៅកម្ពុជានឹងមានកំណើនកាន់តែខ្លាំង ប្រសិនបើប្រទេសទាំងពីរពិតជាបានដំឡើងជើងហោះហើរដូចការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន មែននោះ។
នាពិធីចែកសញ្ញាបត្រជូននិស្សិតជាង៤ពាន់៧រយនាក់របស់វិទ្យាស្ថានវ៉ាន់ដាកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា តាមគម្រោងកម្ពុជានឹងដំឡើងជើងហោះហើរត្រង់ជាមួយចិនឲ្យបានដល់ចំនួន៣០០ជើងក្នុងមួយសប្តាហ៍ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរួមចំណែកជួយស្តារ និងជំរុញកំណើនភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ។ បើតាមសម្តេចតេជោ ការទាក់ទាញភ្ញៀវទេសចរចិនឲ្យបានដល់៤លាន ឬ៥លាននាក់ វាជាជោគជ័យមួយសម្រាប់កម្ពុជា ខណៈកន្លងមកកម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរចិនជាងពីរលាននាក់ក្នុង១ឆ្នាំ នៅមុនពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ សម្តេចបានសង្កត់ធ្ងន់ថា មិនមែនមានតែកម្ពុជានោះទេ ដែលដាក់គោលដៅទាក់ទាញភ្ញៀវទាក់ទាញភ្ញៀវទេសចរជនជាតិចិន សូម្បីប្រទេសថៃ សិង្ហបុរី និងប្រទេសនៅក្នុងតំបន់មួយចំនួនទៀត ក៏បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរមកពីប្រទេសនេះដែរ។
ជុំវិញបញ្ហានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានបង្ហាញជំនឿយ៉ាងមុតមាំថា វិស័យទេសចរណ៍កម្ពុជានឹងមានសន្ទុះងើបឡើងវិញកាន់លឿនតាមរយៈការជំរុញពីកំណើនភ្ញៀវទេសចរជនជាតិចិន ប្រសិនបើប្រទេសទាំងពីរបង្កើនជើងហោះហើររហូតដល់៣០០ជើងក្នុងមួយសប្តាហ៍ដូចអ្វីដែលសម្តេចបានអះអាងមែននោះ។ ហើយតាមរយៈកំណើនភ្ញៀវទេសចរជនជាតិចិននេះ វាមិនត្រឹមតែជួយពន្លឿនការស្តារវិស័យទេសចរណ៍ និងអាជីវកម្មទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជួយដល់វិស័យហសគ្រាសធុនតូច និងមធ្យម ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាផងដែរ។ បន្ថែមលើនេះកំណើនភ្ញៀវទេសចរចិន ក៏ជួយបង្កើនលទ្ធភាពដល់កម្ពុជាក្នុងការអភិវឌ្ឍន៍ និងពង្រីកផលិតផលទេសចរណ៍នៅតាមបណ្តាខេត្តនានាឲ្យកាន់តែសម្បូរបែបបន្ថែមទៀតផងដែរ។ អ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា លំហូរភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ តាំងពីរដ្ឋាភិបាលចិនបើកឲ្យមានការធ្វើដំណើរជាអន្តរជាតិឡើងវិញ។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីកកម្ពុជាមើលឃើញថា ដ្បិតថាបច្ចុប្បន្នភ្ញៀវទេសចរចិនចូលមកកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្ដែលំហូរភ្ញៀវទេសចរនេះនៅតែមានចំនួនតិចតួច និងយឺតយ៉ាវនៅឡើយបើធៀបនឹងប្រទេសជិតខាង។ បញ្ហានេះត្រូវបានលោកអះអាងថា អាចបណ្តាលមកពីជើងហោះហើរត្រង់រវាងប្រទេសកម្ពុជា និងចិននៅមានកម្រិត។ ដូច្នេះ ជឿជាក់ថា ប្រសិនបើមានការបង្កើនជើងហោះហើរបន្ថែម ពិតណាស់វាជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ក៏ដូចជាជំរុញកំណើនដល់ការវិនិយោគ និងពាណិជ្ជកម្មផងដែរ។
តាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស នៅក្នុងផែនការជំរុញការហោះហើរត្រង់រវាងកម្ពុជាជាមួយចិនឲ្យបាន៣០០ជើងក្នុងមួយសប្តាហ៍នេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនចិនចំនួន៧ ដែលមានការតភ្ជាប់ជើងហោះហើរចេញពីទីក្រុងធំៗចំនួន៦របស់ចិន ជាមួយជើងហោះហើរប្រមាណ១២៦ជើងក្នុង១សប្តាហ៍។ បន្ថែមលើនេះកម្ពុជាក៏បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ ឲ្យហោះហើរត្រង់ទៅកាន់ប្រទេសចិនផងដែរ ដោយក្រុមហ៊ុនទាំងនេះគ្រោងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាទៅទីក្រុងចំនួន២២ក្នុងប្រទេសចិន។ ថ្នាក់ដឹកនាំរូបនេះរំពឹងថា អាជីវកម្មក្នុងវិស័យអាកាសចរណ៍នឹងវិលមករកភាពល្អប្រសើរស្ទើរដូចដើមឡើងវិញប្រសិនបើផែនការហោះហើររវាងប្រទេសទាំងពីរសម្រេចបានតាមការគ្រោងទុក៕