សម្ដេចបញ្ជាក់ទៀតថា គម្រោងសាងសង់ស្ពានឆ្លងទន្លេទាំង៣ ខាងលើមានគម្រោងខ្លះកំពុងសិក្សាទីតាំងសម្រាប់សាងសង់ និងគម្រោងខ្លះទៀតកំពុងចរចាជាមួយដៃគូវិនិយោគ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២ បន្ថែមទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅរាជធានីភ្នំពេញ គឺមានតម្រូវការចាំបាច់ត្រូវសាងសង់ស្ពាន ៣ទីតាំងទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញចូល រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ បើតាមសម្ដេច ហ៊ុន សែន ស្ពានទី១ គឺភ្ជាប់ពី រាជធានីភ្នំពេញ ទៅស្វាយជ្រុំ ដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល ដោយគម្រោង នេះត្រូវសាងសង់ឆ្លងទន្លេដល់ទៅ២ គឺទន្លេសាប និងទន្លេមេគង្គលើ។ សម្ដេចបន្តថា គម្រោងនេះ សម្ដេចធ្លាប់បានស្នើទៅកាន់អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន ដើម្បីស្នើឱ្យមានការសាងសង់ស្ពានឆ្លងពី រាជធានីភ្នំពេញ ទៅស្វាយជ្រុំនេះ ហើយមកដល់ ពេលបច្ចុប្បន្នក្រុមការងារភាគីកូរ៉េ ក៏កំពុងសិក្សាលើគម្រោងសាងសង់ស្ពាននេះដែរ។
បើតាមសម្ដេច ហ៊ុន សែន គម្រោងស្ពានផ្សារចាស់-ស្វាយជ្រុំនេះ គឺត្រូវចែកជា ២កំណាត់ គឺមួយកំណាត់ឆ្លងពីផ្សារចាស់ ទៅជ្រោយចង្វា ហើយឡើងពីជ្រោយចង្វា ទៅស្វាយជ្រុំ ដើម្បីរំដោះការកកស្ទះចរាចរណ៍។ គម្រោងស្ពាននេះទៀតសោត ក៏នឹងជួយសម្រួលការធ្វើដំណើរនៅលើស្ពានជ្រោយចង្វាទាំង២ គឺស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន។ បន្ថែមលើសនេះ សម្ដេចតេជោ ហ៊ុន សែន ចង់ប្រសិទ្ធនាមស្ពានថ្មីថា «ស្ពានមិត្តភាពកម្ពុជា-កូរ៉េ»។
រីឯ ស្ពានទី២ គឺភ្ជាប់ពីក្ដីតាកុយ ដែលស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឆ្លងទន្លេមេគង្គក្រោម ទៅកាន់អរិយក្សត្រដែលស្ថិតនៅស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីជួយបញ្ចៀសចរាចរណ៍ចេញចូល រាជធានីភ្នំពេញ។ ប្រសិនបើស្ពាននេះ សាងសង់រួចរាល់នោះ ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរចេញពីខណ្ឌច្បារអំពៅ ស្រុកកៀនស្វាយ ស្រុកលើកដែក ឬមកពីអ្នកលឿង ជាដើម ឆ្ពោះទៅកាន់ស្រុកល្វាឯម ស្រុកមុខកំពូល ស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ជាដើមនោះ គឺអាចឆ្លងកាត់ស្ពាននេះបាន។
ចំណែកឯ ស្ពានទី៣ គឺស្ពានភ្ជាប់ពីចាក់អង្រែ ដែលស្ថិតនៅខណ្ឌមានជ័យ ឆ្លងទន្លេបាសាក់ ទៅកាន់ព្រែកប្រា ដែលស្ថិតនៅខណ្ឌច្បារអំពៅ ដោយត្រូវឆ្លងទន្លេបាសាក់ ដើម្បីជួយរំដោះការកកស្ទះចរាចរណ៍ នៅស្ពានព្រះមុនីវង្ស ទាំង២ខ្សែ និងស្ពានព្រែកសំរោង។ សម្ដេចតេជោ ហ៊ុន បានឲ្យដឹងទៀតថា ចំពោះគម្រោងសាងសង់ស្ពានព្រែកប្រានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងចរចា ជាមួយភាគីចិន ដើម្បីស្នើឲ្យកសាងស្ពាននេះ ផងដែរ។ ស្ពាននេះ គឺមានប្រវែងបណ្ដោយ ៨៤៥ម៉ែត្រ បែងចែក ដល់ទៅ ៤គន្លង ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។ ប្រសិនបើភាគីចិនយល់ព្រមទៅលើគម្រោងនេះ ការដ្ឋានសាងសង់ស្ពានអាចនឹងត្រូវបើកដំណើរការនៅឆ្នាំក្រោយតែម្ដង។ នេះបើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន១០ហើយ ដោយក្នុងនោះមានស្ពានចំនួន៨សាងសងរួចរាល់ និង២ទៀតទើបតែត្រូវបានសម្ពោធការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហានេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន រហូតពេលបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយលើការសាងសង់ស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិក៕